សន្ដិសុខសង្គម

បុរសម្នាក់បានបោកខ្លួនស្លាប់ដោយសារបើកម៉ូតូលឿនជ្រុលធ្លាក់ចេញពីផ្លូវ

ដោយ៖ កំចាយ

កំពត÷ ដោយសារបើកម៉ូតូលឿនរហូតជ្រុលធ្លាក់ចេញពីផ្លូវបានបណ្តាលឲ្យបុរសម្នាក់បោកខ្លួនស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

មន្ត្រីនគរបាលចរាចរណ៍ស្រុកជុំគិរីបានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៣ ខែមករា មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងដោយបុរសម្នាក់បើកបរម៉ូតូជ្រុលធ្លាក់ពីផ្លូវ រួចដួលបោកខ្លួនស្លាប់។ មុនហេតុការណ៍កើតឡើង គេឃើញបុរសរងគ្រោះជិះម៉ូតូតែម្នាក់ឯងដោយល្បឿនយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់កន្លែងកើតហេតុជាចំណុចកោង ម៉ូតូបានជ្រុលធ្លាក់ពីផ្លូវ រួចដួលបោកខ្លួនលើដីពេញទំហឹង។

ប្រភពដដែលបានបន្តថា ពេលអ្នកជិតខាងចូលទៅជួយ ស្រាប់តែឃើញបុរសរូបនោះបានស្លាប់ភ្លាមៗតែម្តង។ សមត្ថកិច្ចបានបញ្ជាក់ថា បុរសរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះ ម៉ៅ សាត  អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិតាឡង់ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត៕