សន្ដិសុខសង្គម

នារី​ម្នាក់​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ទៅ​បុក​រថយន្តទាំង​កំរោល​​ដួល​រង​របួស​ធ្ងន់​​

ដោយ៖ សហការី

ភ្នំពេញ​:​ រថយន្ត​មួយ​គ្រឿង​បើក​បរដោយ​ជនជាតិ​ចិន​ក៏​ត្រូវ​បាន​នារី​ម្នាក់​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន​ទៅ​បុក​ចំទទឹង​បណ្ដាល​ឲ្យ​​បោក​ក្បាល​នឹង​កញ្ចក់​​រង​របួស​ធ្ងន់​ ចំណែក​តៃកុង​រថយន្ត​ភ័យ​បាន​ចុះ​រត់​គេច​ខ្លួន​ទៅ​បាត់​ស្រមោល​ ដែលហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​២រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ខែ​មករា​ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវបេតុង​១០៥K ភូមិ​ចំការ​ឪឡឹក​ សង្កាត់​កាកាប​ទី​១ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានី​ភ្នំពេញ​។

ប្រភព​បាន​ឲ្យ​ដឹងថា​  នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ MITSUBISHI TRITON​ ពណ៌​ស​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2BQ-0466​ បើកបរដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១០៥K​ ក្នុង​ទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​មធ្យម។ ​លុះ​មក​ដល់​ចំណុច​ខាងលើ​ ស្រាប់​តែគេ​ឃើញ​នារី​រងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ឯង​ម៉ាក​QBXពណ៌​ខ្មៅ​ពាក់​ផ្លាក​លេខ​ភ្នំពេញ​1HT-5064​ ធ្វើ​ដំណើរឆ្លង​ផ្លូវ​ពី​កើត​មក​លិច​យ៉ាង​លឿន​ដោយ​មិន​ប្រយ័ត្ន​ក៏​ទៅ​បុក​រថយន្ត​ចំទទឹង​ពេញ​ទំហឹង​បណ្ដាល​ជនរងគ្រោះ​បោក​ក្បាល​នឹង​កញ្ចក់​រថយន្តរង​របួស​ធ្ងន់​ធ្ងរ​សន្លប់​ស្ដូកស្ដឹង ​បន្ទាប់​មក​តៃកុងរថយន្ត​​ជនជាតិ​ចិនខាង​លើ​ភ័យ​​បាន​ព្យាយាម​បើក​រត់​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​ជា​ច្រើន​ម៉ែត្រ​រួចឈប់​​បើក​ទ្វារ​ចុះ​រត់​គេច​ខ្លួន​ទុក​រថយន្ត​ចោល​នៅ​តាម​ផ្លូវ​ ។ ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​ពលរដ្ឋ​នាំ​គ្នា​លើក​ដាក់​លើ​ម៉ូតូ​កង់​បី​ដឹង​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ ។

បន្ទាប់​ពី​កើ​ហេតុ​រថយន្ត​និង​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​បាន​ខាង​នគរបាល​ផ្នែក​ជំនាញ​ចរាចរណ៍​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃ​អធិការ​ខណ្ឌ​ពោធិ៍​សែនជ័យ​បណ្ដោះអាសន្ន​រង់​ចាំ​ដោះស្រាយ​ថ្ងៃ​ក្រោយ​​៕