ប្រែសម្រួល៖ រតនា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលការរិះគន់ពីសម្ព័ន្ធមិត្តជិតស្និទ្ធ អេឡុន ម៉ាស់ ទាក់ទងនឹងគម្រោងបញ្ញាសិប្បនិម្មិតទឹកប្រាក់ ៥០០ ពាន់លានដុល្លារ ដែលលោកត្រាំបានប្រកាសនៅសេតវិមានកាលពីដើមសប្តាហ៍នេះ។
លោកត្រាំបានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT, SoftBank និង Oracle កំពុងគ្រោងបង្កើតសហគ្រាសរួមមួយឈ្មោះ Stargate ដែលនឹងសាងសង់មជ្ឈមណ្ឌលទិន្នន័យ និងបង្កើតការងារជាង ១០០.០០០ កន្លែងនៅសហរដ្ឋអាមេរិក។
លោក មាសាយូស៊ី សុន អគ្គនាយកក្រុមហ៊ុន SoftBank, លោក សែម អល់ត្មែន អគ្គនាយកក្រុមហ៊ុន OpenAI និងលោក ឡារី អេលីសុន ប្រធានក្រុមហ៊ុន Oracle បានចូលរួមជាមួយលោកត្រាំនៅសេតវិមានសម្រាប់ពិធីប្រកាស។
លោកម៉ាស់ អគ្គនាយកក្រុមហ៊ុន Tesla និងជាមហាសេដ្ឋីលេខមួយលើពិភពលោក ដែលក្លាយជាទីប្រឹក្សាជិតស្និទ្ធរបស់លោកត្រាំ គឺជាគូប្រជែងរបស់លោកអល់ត្មែន ហើយកំពុងមានវិវាទផ្លូវច្បាប់ជាមួយ OpenAI។
ក្នុងការប្រកាសនៅលើបណ្តាញ X កាលពីថ្ងៃពុធ លោកម៉ាស់បានសង្ស័យថាក្រុមនេះមិនអាចប្រមូលមូលនិធិសម្រាប់គម្រោងនេះបានទេ។
លោកម៉ាស់បានថ្លែងថា “ពួកគេមិនមានលុយទេ” “SoftBank មានទឹកប្រាក់តិចជាង ១០ ពាន់លានដុល្លារ។ ខ្ញុំដឹងរឿងនេះពីប្រភពគួរឱ្យទុកចិត្ត។”
លោកត្រាំ ដែលឆ្លើយសំណួរអ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានសួរថាតើការរិះគន់របស់លោកម៉ាស់លើកិច្ចព្រមព្រៀងបញ្ញាសិប្បនិម្មិតនេះធ្វើឱ្យលោករំខានចិត្តដែរឬទេ។
លោកត្រាំបាននិយាយអំពីលោកម៉ាស់ថា “វាមិនរំខានទេ។ គាត់ស្អប់មនុស្សម្នាក់នៅក្នុងកិច្ចព្រមព្រៀងនេះ។ មនុស្សនៅក្នុងកិច្ចព្រមព្រៀងនេះគឺជាមនុស្សឆ្លាតវៃណាស់។ ប៉ុន្តែ អេឡុន ស្អប់មនុស្សម្នាក់។ ខ្ញុំក៏ស្អប់មនុស្សមួយចំនួនដែរ។”
ចំពោះការអះអាងរបស់លោកម៉ាស់អំពីការខ្វះមូលនិធិ លោកត្រាំបានមានប្រសាសន៍ថា៖ “ខ្ញុំមិនដឹងថាពួកគេមានឬអត់ទេ ប៉ុន្តែអ្នកដឹងទេ ពួកគេកំពុងដាក់លុយ។ រដ្ឋាភិបាលមិនដាក់អ្វីទេ ពួកគេដាក់លុយ។ ពួកគេជាមនុស្សមានណាស់ ដូច្នេះខ្ញុំសង្ឃឹមថាពួកគេមាន។”
ទីប្រឹក្សាម្នាក់របស់លោកត្រាំឆ្ងល់ថាតើឧប្បត្តិហេតុនេះនឹងនាំឱ្យមានការបែកបាក់រវាងលោកត្រាំ និងលោកម៉ាស់ដែលកំពុងដឹកនាំគម្រោងប្រសិទ្ធភាពរដ្ឋាភិបាលរបស់លោកត្រាំដែរឬទេ។
ទីប្រឹក្សារូបនោះបានថ្លែងថា “ទំនងជាដល់ទីបញ្ចប់ហើយ៕”
ប្រភព៖ Reuters