ប្រែសម្រួល៖ ស-សម្បត្តិ
គណៈកម្មការមូលបត្រ និងបូរារដ្ឋអាមេរិក (SEC) បានលុបចោលកាលពីថ្ងៃព្រហស្បតិ៍នូវការណែនាំគណនេយ្យដែលឧស្សាហកម្មគ្រីបតូបានជំទាស់ជាយូរមកហើយ។ នេះជាជំហានដំបូងក្នុងការផ្លាស់ប្តូរគោលនយោបាយពីរដ្ឋបាលមុនរបស់ប្រធានាធិបតី Donald Trump និងជាជោគជ័យមួយសម្រាប់វិស័យគ្រីបតូ។
នៅក្នុងសេចក្តីជូនដំណឹងដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន SEC បានឱ្យដឹងថា ការណែនាំឆ្នាំ ២០២២ ដែលស្គាល់ថាជា Staff Accounting Bulletin 121 ដែលប្រធានាធិបតី Joe Biden បានរារាំងសមាជិកសភាមិនឱ្យលុបចោលកាលពីខែឧសភាឆ្នាំមុន ត្រូវបានលុបចោល។
ឧស្សាហកម្មគ្រីបតូ និងសមាជិកសភាដែលគាំទ្រគ្រីបតូបានជំទាស់ជាយូរមកហើយចំពោះវិធានការនេះ ដែលតម្រូវឱ្យក្រុមហ៊ុនដែលថែរក្សាទ្រព្យសកម្មឌីជីថលជំនួសអ្នកដទៃ ត្រូវចាត់ទុកវាជាបំណុល ដែលធ្វើឱ្យថ្លៃដើមនៃការធ្វើបែបនេះកើនឡើង។
អតីតប្រធាន SEC លោក Gary Gensler ដែលបានលាលែងពីតំណែងកាលពីថ្ងៃចន្ទ បានអះអាងថា នេះជាការចាំបាច់ដើម្បីការពារវិនិយោគិនក្នុងករណីក្ស័យធន ដែលលោកថាកើតឡើងញឹកញាប់ក្នុងវិស័យនេះ។• ឧស្សាហកម្មធនាគារបានស្វាគមន៍ការដកចេញនូវការណែនាំនេះ
លោកស្រី Paige Pidano Paridon សហប្រធានផ្នែកកិច្ចការនិយ័តកម្មនៃវិទ្យាស្ថានគោលនយោបាយធនាគារបានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា “សេចក្តីសម្រេចថ្ងៃនេះស្តារលទ្ធភាពរបស់ធនាគារក្នុងការបម្រើជាជម្រើសដែលគួរឱ្យទុកចិត្ត និងមានសុវត្ថិភាពសម្រាប់អតិថិជនដែលជ្រើសរើសថែរក្សាទ្រព្យសកម្មឌីជីថល”។
SEC បានប្រកាសនៅសប្តាហ៍នេះអំពីការបង្កើតក្រុមការងារគ្រីបតូដែលដឹកនាំដោយសមាជិកគណៈកម្មការជាសាធារណរដ្ឋ លោកស្រី Hester Peirce។ នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Peirce បានស្វាគមន៍ការសម្រេចនេះ៖ “លាហើយ SAB 121! វាមិនមែនជារឿងសប្បាយទេ!”
ប្រភព៖ Reuters