ព័ត៌មានជាតិ

ខេត្តកំពង់ចាមគ្រោងពង្រីកក្រុងកំពង់ចាមដោយបង្កើតហេដ្ឋារចនាសម្ព័ន្ធនានាឲ្យកាន់តែធំទូលាយដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍

ដោយ៖ គង់ហេង

កំពង់ចាម៖ជ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា យើងបានសិក្សារួចយូរហើយ ក្នុងការពង្រីកក្រុងកំពង់ចាម ក្រោយពីសម្លឹងឃើញសក្តានុពលជាច្រើន ក្នុងការពង្រីកក្រុងមួយនេះ តាមរយៈការយកឃុំមួយចំនួនរបស់ស្រុកកំពង់សៀម មកស្ថាបនាបង្កើតជាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍។

ការលើកឡើងបែបនេះ នៅក្នុងការដែលឯកឧត្តមអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការទី៧ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ប៉ា សុជាតិវង្ស នៅក្នុងសាលាខេត្តកំពង់ចាម កាលពីថ្ងៃទី ២១ មករា កន្លងទៅ។

ឯកឧត្តមបានជម្រាបជូនគណៈប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភាថា៖ ជាចក្ខុវិស័យការពង្រីកក្រុងកំពង់ចាម រដ្ឋបាលខេត្តបានសិក្សារួច យូរហើយ ក្រោយពីសំឡឹងឃើញមានសក្តានុពលច្រើន ក្នុងការពង្រីកក្រុងមួយនេះ។ ដោយក្រុងទទួលបានផលច្រើន ដោយដកយកឃុំពីស្រុកកំពង់សៀម និងយករដ្ឋបាលស្រុកកំពង់សៀមទៅដាក់នៅទឹកដីឃុំស្រុក ក្នុងស្រុកកំពង់សៀម។ ប៉ុន្តែនេះស្ថិតក្នុងការគិតគូរ និងសុំយោបល់បន្ថែមពីក្រសួងមហាផ្ទៃ ក្នុងការកំណត់នូវតំបន់រដ្ឋបាលក្រុងពង្រីកលទ្ធភាពក្នុងការរីកចម្រើន របស់ក្រុងកំពង់ចាម។

ឯកឧត្តមបានជម្រាបជូនទៀតថា៖ ជាមួយនឹងការពង្រីកក្រុងនេះ បញ្ហាបង្កើតសារមន្ទីរ ឯកឧត្តមបានពិភាក្សាជាមួយក្រសួងហិរញ្ញវត្ថុបានមួយជំហានហើយ ហើយក៏បានឱ្យខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានលើកគម្រោងកញ្ចប់ថវិកា និងបានប្រគល់ជូនក្រសួងហិរញ្ញវត្ថុកំពុងសិក្សាមើលពោលគឺអ្វីយើងចង់បាន ឆ្នាំ២០២៥- ២០២៦ ឱ្យបានហើយតែម្តង។ ដោយសាងសង់លើដីនៅចន្លោះភ្នំប្រុសភ្នំស្រីតែម្តង ព្រោះជាតំបន់មានសក្តានុពលលើវិស័យទេសចរណ៍ វិប្បធម៌ និងសាសនា។ ដើម្បីឱ្យភ្ញៀវទេសចរទៅលេងនៅប្រាសាទនគរបាជ័យរួចហើយបន្តទៅភ្នំប្រុស ភ្នំស្រីរួចចូលទស្សនាសារមន្ទីរព្រមគ្នាជាខ្សែទេសចរណ៍។

ឯកឧត្តមបានបន្ថែមថា៖ ជុំវិញការលើកឡើងរបស់ឯកឧត្តម លន់ លឹមថៃ សមាជិករដ្ឋសភា ពាក់ព័ន្ធការដាក់ខ្សែរ៉កយោងពីភ្នំមួយ ទៅភ្នំមួយ ដើម្បីមើលទេសភាពនៅខាងក្រោម នោះ ក៏ជាខ្សែចង្វាក់ទេសចរណ៍ នៅតំបន់ភ្នំប្រុសភ្នំស្រី កន្លែងរៀបចំសារមន្ទីរនេះដែរ។ ចំពោះការអភិវឌ្ឍន៍ក្រុងកំពង់ចាមនេះដែរ រដ្ឋបាលខេត្តបានមានផែនការរួចហើយ គឺតួយ៉ាងកំពង់ផែទេសចរណ៍យើងបានទំនាក់ទំនងជាមួយរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជួនបានចុះសិក្សាចំនួនពីរលើករួចហើយ ជាប្រភេទផែបណ្តែតទឹកកំពង់ រង់ចាំកំណត់ពេលវេលាសាងសង់តែប៉ុណ្ណោះ។

ឯកឧត្តមបានបន្តថា ចំណែកសួនច្បារមាត់ទន្លេក្រុងនេះ ដោយយើងធ្លាប់បានចាប់ដៃគូជាមួយក្រុមហ៊ុនបរទេស កំណត់រៀបចំសួនច្បារចាប់ពីស្តូបកម្ពុជា- វៀតណាម រហូតផ្សារ៧មករាភូមិរកា ប៉ុន្តែដោយបញ្ហាវិបត្តិជំងឺកូវីដ ១៩ ដៃគូរបស់យើងក៏ដកខ្លួនថយទៅ។ កាលនោះយើងបានចំណេញការសិក្សាប្លង់។ ក្នុងនោះដែរយើងគ្រោងនឹងសង់ផ្សារអ៊ីអនកម្រិតមធ្យមមួយ នៅវាលកំពង់រង់ចាំមាត់ទន្លេ ក្នុងក្រុងកំពង់ចាម ខាងក្រោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងរឿងកែច្នៃទន្លេអុំមួយទៀត ដោយភ្ជាប់ជាមួយវិមានឯករាជ្យយើងនឹងរៀបចំធ្វើសួនច្បារតេជោសន្តិភាពមួយ តាមគោលការណ៍សម្តេចតេជោបានណែនាំ កាលពីចុងអាណត្តិទី៦ និងពង្រីកផ្លូវឱ្យបានធំជុំវិញមាត់ទន្លេអុំនេះ បង្កើតជាកន្លែងលេងកីឡា និងខាងក្នុងទន្លេនឹងស្តារទឹកឱ្យថ្លាស្អាត ដាក់ទូកជិះកម្សាន្តសម្រាប់ភ្ញៀវទេសចរ និងទូកប្រណាំងខ្នាតខ្លី ឱ្យសក្តិសមជាឈ្មោះទន្លេអុំ៕