ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តគាំទ្រនិងបង្កលក្ខណ:ងាយស្រួលដល់សមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យក្នុងការចូលរួមអភិវឌ្ឍ

ដោយ : បន្ទាយ

បន្ទាយមានជ័យ : អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តផ្តល់ជំហរគាំទ្រនិងបង្កលក្ខណ:ងាយស្រួលដល់សមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យ ក៏ដូចជាដំណើរការសាលារៀនផីឆឹង និងចូលរួមរីករាយជាមួយបងប្អូនជាប់សែស្រឡាយខ្មែរ ចិនក្នុងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំម្សាញ់ឆ្នាំ២០២៥ នេះ។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យថ្លែងដូច្នេះក្នុងពិធីប្រកាសសមាសភាពគណ:កម្មាធិការគ្រប់គ្រងនៃសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យនិងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំចិន ឆ្នាំម្សាញ់ ២០២៥ កាលពីថ្មីៗនេះ ដែលរៀបចំនៅក្នុងបរិវេណសមាគមនិងសាលារៀនដូចខាងលើ។
ក្នុងនោះ មានការអញ្ជើញជាសហធិបតីដោយលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងចូលរួមដោយសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ប្រធាន អនុប្រធាន ស្នងការ ស្នងការរងមន្ទីរ ស្ថាប័ន ស្នងការដ្ឋាន បញ្ជាការដ្ឋាន អង្គភាព សមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត មន្ត្រីរាជការ សមាជិកសមាគម លោកគ្រូ អ្នកគ្រូជនជាតិខ្មែរ ជនជាតិចិន សិស្សានុសិស្សនិងភ្ញៀវកិត្តិយសជាច្រើន។

យោងគណ:ចាត់តាំងកម្មវិធីបានអានលិខិតបញ្ជាក់បស់សមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជាចុះថ្ងៃទី២០ខែមករាឆ្នាំ២០២៥ ចុះហត្ថលេខាដោយលោកឧកញ៉ាពុង ឃាវសែ ប្រធាន ដែលបញ្ជាក់នូវសមាសភាពនៃសមាគម ខេត្តបន្ទាយមានជ័យអាណត្តិទី៨ ដែលមាន : ទីប្រឹក្សាជាន់ខ្ពស់ចំនួន៥រូបនិងគណ:កម្មាធិការចំនួន៣៥នាក់ ដែលមានលោកឆាន់ ប៊ុនម៉ាន់ ជាប្រធាន និងអនុប្រធាន១០រូប។

លោកឆាន់ ប៊ុនម៉ាន់ ជាប្រធានថ្មី អាណត្តិទី៨.សមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងមន្ត្រីចួលជាសាក្សីដឹងឮនិងសមាជិកទាំងឡាយចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសរើសគណ:គ្រប់គ្រងសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យអាណត្តិទី៨ ឆ្នាំ២០២៥-២០៣០ កាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០២៥ និងក្នុងពិធីប្រកាសចូលកាន់តំណែងល្ងាចថ្ងៃទី២០ខែមករាឆ្នាំ២០២៥ ។

លោកឆាន់ ប៊ុនម៉ាន់ និងអនុប្រធានបានប្តេជ្ញាចិត្តថា នឹងខិតខំអោយអស់លទ្ធភាពនិងសមត្ថភាពក្នុងការដឹកនាំ គ្រប់គ្រងសមាគមនិងសាលារៀនផី ឆឹង អោយមានការឯកភាព សាមគ្គីភាព រីកចម្រើន បានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវបន្តទៀត។

នាឱកាសនោះ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងនូវការអបអរសាទរនិងជូនដល់សមាសភាពគម្មាធិការ ដែលមានលោកឆាន់ ប៊ុនម៉ាន់ ជាប្រធាន ហើយអះអាងថា : រដ្ឋបាលខេត្តបន្ទាយមានជ័យនឹងបន្តឈរជាមួយសមាគមនិងសាលារៀន ក្នុងការគាំទ្រ ជ្រោមជ្រែងនិងបង្កលក្ខណ:ងាយស្រួលដល់ដំណើរការសមាគមនិងសាលា ។

លោកអភិបាលខេត្តបន្តថា: កត្តាសន្តិភាព សណ្តាប់ធ្នាប់ ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល កត្តាជឿទុកចិត្តលើសមាគមនិងសាលារៀន សាមគ្គីភាពផ្ទៃក្នុងសមាគម ទាំងស្មារតី និងធនធាន ការសហការ និងមានទំនាក់ទំនងល្អជាមួយរដ្ឋបាល សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាមួយសមាគមនិងជាមួយស្ថានទូតចិនប្រចាំកម្ពុជាបានធ្វើអោយសមាគមនិងសាលារៀនកាន់តែរឹងមាំនិងរីកចម្រើន។ ហើយបានធ្វើអោយមាតា បិតាបញ្ជូនសិស្សបញ្ជូនកូនចៅឱ្យមករៀននៅទីនេះ ៕