សន្ដិសុខសង្គម

ភ្លើងរាលឆេះអស់ព្រៃទំហំ៥០០ហិកតា ក្នុងតំបន់បេតិកភណ្ឌធម្មជាតិភ្នំព្រះ -ភ្នំវែងស្រុកថ្មពួក

ដោយ : បន្ទាយ 

បន្ទាយមានជ័យ :​មន្ត្រីឧទ្យានុរក្សបានឲ្យដឹងកាលពីល្ងាចថ្ងៃទី២២ខែមករាឆ្នាំ២០២៥ថា មុនពន្លត់ឬគ្រប់គ្រងបាន ភ្លើងបានរាលឆេះអស់ព្រៃទំហំ៥០០ហិកតាលើ១៥០០ហិកតាក្នុងតំបន់បេតិកភណ្ឌធម្មជាតិភ្នំព្រះ -ភ្នំវែង ដែលស្ថិតនៅព្រំប្រទល់ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ -ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យតាំងពីម៉ោង១២ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ រហូតដល់ម៉ោង២រសៀលថ្ងៃដដែល នោះ ។

លោក ឈឿន យឿ មន្ត្រីឧទ្យានុរក្សបេតិកភណ្ឌធម្មជាតិភ្នំព្រះ -ភ្នំវែង បានឲ្យដឹងថា : ភ្លើងឆេះព្រៃខាងលើ គឺចាប់ផ្តើមឆេះនៅវេលាម៉ោងប្រមាណជា១២ថ្ងៃត្រង់ ដោយផ្តើមឆេះចេញពីខាងត្បូងភ្នំវែង។


ភ្លាមៗនោះ មន្ត្រីឧទ្យានុរក្សប្រចាំនៅតំបន់ចំនួន៨នាក់ ដោយរួមមានទាំងព្រះសង្ឃ និងក្រុមការងារអភិវឌ្ឍន៍ភ្នំព្រះ របស់លោកស្រីអគ្គមហាពុទ្ធសាសនូបត្ថម្ភម៉ៅ ម៉ាល័យ ផង សរុប២០នាក់ អន្តរាគមន៍ពន្លត់ដោយកម្លាំងមនុស្ស។ការធ្វើដូច្នេះ មកពីលទ្ធភាពរថយន្តពន្លត់អគ្គិភ័យមិនអាចចូលដល់បានទេ។ទោះជាយ៉ាងនេះជាសំណាងមួយក្នុងគ្រោះដែរ ដោយប្រតិបត្តិការពន្លត់ដល់ម៉ោងពីរសៀលក៏ពន្លត់ឬគ្រប់គ្រងបានទាំងស្រុង។

ចំពោះ មូលហេតុនៃការរាលឆេះព្រៃនោះ មន្រ្តីឧទ្យានុរក្សបានឲ្យដឹងទៀតថា អាចមកពីប្រជាពលរដ្ឋដុតដោយធ្វេសប្រហែសឬដុតរកសត្វ ហើយក្រុមការងារបាននិងកំពុងស្រាវជ្រាវបន្តដើម្បីកំណត់អត្តសញ្ញាណអ្នកប្រព្រឹត្ត។

មន្រ្តីឧទ្យានុរក្ស អំពាវនាវដល់ពលរដ្ឋនិងសាធារណជនចូលរួមថែរក្សា ការពារសន្តិសុខ សុវត្ថិភាពធនធានធម្មជាតិនិងសមិទ្ធផលនានាក្នុងតំបន់។សូមកុំដុតព្រៃ ឬក៏ចោលកន្ទុយបារីឬបង្កើតភ្លើងដោយធ្វេសប្រហែស ដែលនាំឲ្យឆេះព្រៃ បំផ្លាញធនធានធម្មជាតិ ប៉ះពាល់បរិស្ថាន។ ត្រូវរួមគ្នាថែរក្សាអភិរក្សបរិស្ថានដែលមានស្រាប់៕