ព័ត៌មានជាតិ

ផ្សព្វផ្សាយ​  សារាចរ​ណែនាំលេខ​០១៧ សហវ​ ស្តីពី​ការអនុវត្ត​ច្បាប់​ហិរញ្ញវត្ថុ​ ការគ្រប់គ្រងនាឆ្នាំ២០២៥ ជូនមន្ទីរអង្គភាពជុំវិញ​ខេត្តបន្ទាយមានជ័យ​

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យបានប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ​០១៧ ស​ហ​វ​ ស្ដីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុការគ្រប់គ្រងឆ្នាំ២០២៥  ជូនដល់មន្ទីរ អង្គភាពជុំវិញខេត្ត ។កម្មវិធីប្រជុំនេះរៀបចំឡើងនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្ងៃទី២១ខែមករា ឆ្នាំ២០២៥ ។

លោក​បឹង​ គឹមសឹង​ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យបានឲ្យដឹងថា​ :  ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រម​ លេខ​ នស/រកម​ ១២២៤/០០៨  ចុះថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២៤ ដើម្បីអនុវត្តច្បាប់នេះរាជរដ្ឋាភិបាលបានចេញនូវអនុក្រឹត្យលេខ២៩០  ចុះថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៤ ស្ដីពីការបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិ តាមចំពូកនៃច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៥ ។

លោក​ បឹង​ គឹមសឹង បានបន្តថា​ : ច្បាប់ស្ដីពី​ហិរញ្ញវត្ថុ​ ការគ្រប់គ្រងឆ្នាំ២០២៥ គោលដៅបន្តគាំទ្រអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលជាពិសេសការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ​ និងវិធានការគន្លឹះនានាដែលត្រូវបានដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា ឲ្យសម្រេចបាននូវលទ្ធផល ជាអតិបរមា​ ដើម្បីឆ្លើយតបនឹងសំណូមពរសេចក្ដីត្រូវការនិងការរំពឹងទុករបស់ប្រជាពលរដ្ឋកម្ពុជា។

លោក ​ អ៊ុំ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ បានមានប្រសាសន៍ថា​ នៅក្នុងបរិការណ៍ដែលកម្ពុជាកំពុងទទួលផលពីសន្តិភាពពេញលេញស្ថិរភាពនយោបាយក្នុងប្រទេស​ ហើយសេដ្ឋកិច្ចកំពុងងើបឡើងវិញ​ នឹងត្រឡប់ទៅរកភាពប្រក្រតីក្រោយវិបត្តិនៃជំងឺកូវីដ​១៩ កម្ពុជាក៏ដូចជាប្រទេសដទៃទៀតលើសកលលោក​ កំពុងត្រូវបានបន្តហ៊ុមព័ទ្ធដោយហានិភ័យនិងភាពមិនប្រាកដប្រជាខ្ពស់។

ប្រការនេះអាចឈានដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ច  របស់ខ្លួនដើម្បីឈានទៅដំណាក់កាលថ្មីៗទៀត។

ជាចុងក្រោយ​ លោកអ៊ុំ រាត្រី​ បានធ្វើការក្រើនរំលឹកដល់មន្ទីរអង្គភាពនានាជុំវិញខេត្ត​ ធ្វើការរៀបចំ​ ចំណាយឲ្យបានត្រឹមត្រូវទៅតាមច្បាប់កំណត់​ មានបញ្ហាអីត្រូវសួរនាំរមន្ត្រីមន្ទីរហិរញ្ញវត្ថុ​ ឬក៏រតនាគារខេត្តដើម្បីជួយសម្របសម្រួលឲ្យអស់លទ្ធភាពឲ្យថ្នាក់ដឹកនាំខេត្តនិងមន្ទីរហិរញ្ញវត្ថុ រតនាគារមិនចង់ឲ្យមានលិខិតស្នាមណាមួយធ្វើព្រមានដល់មន្ទីរអង្គភាពនោះទេ៕