ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យបានប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១៧ សហវ ស្ដីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុការគ្រប់គ្រងឆ្នាំ២០២៥ ជូនដល់មន្ទីរ អង្គភាពជុំវិញខេត្ត ។កម្មវិធីប្រជុំនេះរៀបចំឡើងនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្ងៃទី២១ខែមករា ឆ្នាំ២០២៥ ។
លោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យបានឲ្យដឹងថា : ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រម លេខ នស/រកម ១២២៤/០០៨ ចុះថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២៤ ដើម្បីអនុវត្តច្បាប់នេះរាជរដ្ឋាភិបាលបានចេញនូវអនុក្រឹត្យលេខ២៩០ ចុះថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៤ ស្ដីពីការបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិ តាមចំពូកនៃច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៥ ។
លោក បឹង គឹមសឹង បានបន្តថា : ច្បាប់ស្ដីពីហិរញ្ញវត្ថុ ការគ្រប់គ្រងឆ្នាំ២០២៥ គោលដៅបន្តគាំទ្រអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលជាពិសេសការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការគន្លឹះនានាដែលត្រូវបានដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា ឲ្យសម្រេចបាននូវលទ្ធផល ជាអតិបរមា ដើម្បីឆ្លើយតបនឹងសំណូមពរសេចក្ដីត្រូវការនិងការរំពឹងទុករបស់ប្រជាពលរដ្ឋកម្ពុជា។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា នៅក្នុងបរិការណ៍ដែលកម្ពុជាកំពុងទទួលផលពីសន្តិភាពពេញលេញស្ថិរភាពនយោបាយក្នុងប្រទេស ហើយសេដ្ឋកិច្ចកំពុងងើបឡើងវិញ នឹងត្រឡប់ទៅរកភាពប្រក្រតីក្រោយវិបត្តិនៃជំងឺកូវីដ១៩ កម្ពុជាក៏ដូចជាប្រទេសដទៃទៀតលើសកលលោក កំពុងត្រូវបានបន្តហ៊ុមព័ទ្ធដោយហានិភ័យនិងភាពមិនប្រាកដប្រជាខ្ពស់។
ប្រការនេះអាចឈានដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ច របស់ខ្លួនដើម្បីឈានទៅដំណាក់កាលថ្មីៗទៀត។
ជាចុងក្រោយ លោកអ៊ុំ រាត្រី បានធ្វើការក្រើនរំលឹកដល់មន្ទីរអង្គភាពនានាជុំវិញខេត្ត ធ្វើការរៀបចំ ចំណាយឲ្យបានត្រឹមត្រូវទៅតាមច្បាប់កំណត់ មានបញ្ហាអីត្រូវសួរនាំរមន្ត្រីមន្ទីរហិរញ្ញវត្ថុ ឬក៏រតនាគារខេត្តដើម្បីជួយសម្របសម្រួលឲ្យអស់លទ្ធភាពឲ្យថ្នាក់ដឹកនាំខេត្តនិងមន្ទីរហិរញ្ញវត្ថុ រតនាគារមិនចង់ឲ្យមានលិខិតស្នាមណាមួយធ្វើព្រមានដល់មន្ទីរអង្គភាពនោះទេ៕