ព័ត៌មានជាតិ

ប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី២ ប្រាសាទអង្គរវត្តខេត្តសៀមរាបដើម្បីលើកតម្កើងអក្សរសាស្ត្រខ្មែរ ,កែប្រែទម្លាប់នៃការសរសេរអក្ខរាវិរុទ្ធ និងអានពាក្យខ្មែរ

ដោយ : បន្ទាយ

សៀមរាប ៖ លោកបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា  និងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងតំណាងមូលនិធិម៉ានី បានអញ្ជើញជាសហអធិបតី ក្នុងកម្មវិធីប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី២ នៅស្ពានហាល ខាងលិចប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ។

មានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ, លោកលោកបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកលឹម ប៊ុនហុក រដ្ឋលេខាធិការ និងជាទីប្រឹក្សានៃក្រសួងព្រះបរមរាជវាំង និងជាស្ថាបនិកសំណេរអង្គរ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងអាជ្ញាធរដែនដី តំណាងដៃគូឧបត្ថម្ភ ភ្ញៀវជាតិ និងអន្តរជាតិ។

លោកបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ក្នុងឱកាសនេះ លោកពិតជាមានក្តីរំភើបរីករាយដែលបានចូលរួមអានអត្ថបទជូនបេក្ខេជនសរសេរ ក្នុងការប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី២  ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងទទួលបានក្តីសាទរនិងចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងបុព្វហេតុលើកតម្កើងអក្សរសាស្ត្រខ្មែរ ជាពិសេសបានជួយដាស់ស្មារតីឱ្យប្រជាពលរដ្ឋគ្រប់រូបយកចិត្តទុកដាក់កែប្រែទម្លាប់នៃការសរសេរអក្ខរាវិរុទ្ធ និងអានពាក្យខ្មែរឱ្យកាន់តែប្រសើរឡើង។

ស្មារតីនៃព្រឹត្តិការណ័នៃការជួបជុំគ្នានេះ មិនត្រឹមតែបង្ហាញពីជម្រៅបេះដូងរបស់យើងម្នាក់ៗចំពោះការចូលរួមថែរក្សា និងលើកស្ទួយអក្សរសាស្ត្រជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការផ្សារភ្ជាប់ដួងព្រលឹងបុព្វបុរសខ្មែរ និងការរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងអាយុជីវិតក្នុងការកសាង ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។

លោកបណ្ឌិត្យសភាចារ្យបានបន្តថា: បន្ថែមពីនេះ ការពង្រឹងការអាន ការសរសេរភាសាខ្មែរតាំងពីកម្រិតថ្នាក់ដំបូង គឺជាមូលដ្ឋានគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា និងធានាភាពជោគជ័យក្នុងការសិក្សានៅកម្រិតថ្នាក់បន្តបន្ទាប់ទៀត។

ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡាបាននិងកំពុងអនុវត្តយ៉ាងសកម្ម ប្រកបដោយជវភាពនូវកញ្ចប់សម្ភារអំណានថ្នាក់ដំបូង ដែលជាយុទ្ធសាស្ត្រកំណែទម្រង់ដ៏មុតស្រួចបំផុត សម្រាប់ការលើកកម្ពស់គុណភាពអប់រំបឋមសិក្សា។

ការរៀបចំព្រឹត្តិការណ៍ក្នុងការប្រកួតសរសេរតាមអាន «សំណេរអង្គរ» នាពេលនេះ ក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកស្រឡាញ់ចូលចិត្តការសរសេរអក្សរខ្មែរ សំដៅលើកកម្ពស់សមត្ថភាពការសរសេរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទឱ្យបានច្បាស់លាស់ ដែលទាំងអស់នេះជាបំណិនដ៏សំខាន់ក្នុងការសិក្សាភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរ។

លោកបណ្ឌិត្យសភាចារ្យបានបន្តថា: សូមយកឱកាសនេះដែរ លើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ឱ្យរៀបចំការប្រឡងប្រណាំងអំណាន និងសំណេរ ឬបង្កើតព្រឹត្តិការណ៍អប់រំនានា ដើម្បីជំរុញដល់ការរៀនសូត្ររបស់សិស្សានុសិស្ស និងអ្នកចូលចិត្តអក្សរសាស្រ្តខ្មែរ អាចបញ្ចេញសមត្ថភាពប្រកបដោយភាពក្លាហាន ទំនុកចិត្ត និងទទួលយកការពិតអំពីសមត្ថភាពពិតប្រាកដដែលខ្លួនមាន ព្រមទាំងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងពង្រឹងការអាន សរសេរ និងនិពន្ធបន្ថែមទៀត សម្រាប់ត្រៀមខ្លួនក្នុងការប្រឡងប្រណាំងនានាក្នុងពេលខាងមុខ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានរៀបចំព្រឹត្តិការណ៍នេះឡើងប្រកបដោយបរិយាកាសរីករាយ និងការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន ដែលពិតជាឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ សាមគ្គីភាព និងការលើកតម្កើងអក្សរសាស្ត្រខ្មែរដ៏ប្រណីត ដែលបុព្វបុរសរបស់យើងបានបន្សល់ទុកឱ្យ ព្រមទាំងសូមកោតសរសើរចំពោះការលះបង់ និងភាពក្លាហានរបស់បេក្ខជនបរទេស ក៏ដូចជាមាតាបិតាបេក្ខជនដែលមានអាយុក្រោម១៨ឆ្នាំ ដែលបានលើកទឹកចិត្តនិងជូនកូនៗមកចូលរួមការប្រកួតនាពេលនេះ និងសូមបួងសួងឱ្យសេចក្ដីស្រឡាញ់អក្សរសាស្ត្រខ្មែររបស់យើងទាំងអស់គ្នា  រឹងមាំ ប្រៀបដូចប្រាង្គប្រាសាទដែលកំពុងឈរយ៉ាងស្កឹមស្កៃ។

គួរបញ្ជាក់ដែរថា ការប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី២នេះ មានបេក្ខជនសរុបចំនួន ១២២០អង្គ/នាក់ ដែលក្នុងនោះរួមមានបរទេសផងដែរ និងមានព្រះសង្ឃ ៨២អង្គ និមន្តពីខេត្តបាត់ដំបងមានច្រើនជាងគេចំនួន២៤អង្គ, សៀមរាប១៦អង្គ, បន្ទាយមានជ័យ៩អង្គ,រាជធានីភ្នំពេញ៦អង្គ, កំពង់ចាម៥អង្គ កណ្ដាល និងត្បូងឃ្មុំ៤អង្គដូចគ្នា។ បេក្ខជនចាស់ជាងគេអាយុ ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ ៦ឆ្នាំ។

ការប្រកួតនេះ មានគណៈកម្មការចូលរួមកែវិញ្ញាសាចំនួន៦០នាក់ ដោយជ្រើសរើសម្ចាស់ជ័យលាភីចំនួន៦នាក់ ដែល៣នាក់សម្រាប់បេក្ខជនអាយុចាប់ពី១៩ឆ្នាំឡើង និង៣នាក់សម្រាប់បេក្ខជនអាយុចាប់ពី១៨ឆ្នាំចុះក្រោម៕