ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ កម្លាំងនគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានចុះណែនាំដល់អាជីវករក្រុងប៉ោយប៉ែតហាមលក់ដូរផាវ ឬកាំជ្រួចផ្ទុះគ្រប់ប្រភេទក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមនាពេលខាងមុខ ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំស្តីពី វិធានការបង្ការ ទប់ស្កាត់ហានិភ័យ នៃការប្រើប្រាស់ផាវនិងកាំជ្រួចផ្ទុះលម្អគ្រប់ប្រភេទ ស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដ៍ល្អប្រសើរជាពិសេសការចូលរួមក្នុងការរៀបចំកម្មវិធីប្រពៃណីសាសនាតាមទំនាមទម្លាប់បែបបុរាណនិងសម័យថ្មី។
បើតាមលោកអធិការ នេះជាការណែនាំបន្ថែមនិងដាក់បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានណែនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះទៅផ្សព្វផ្សាយណែនាំដល់អាជីវករដែលលក់ដូរតាមផ្សារក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតមិនឲ្យមានការលក់ដូរផាវនិងកាំជ្រួចផ្ទុះដើម្បីបង្ការហានិភ័យកើតឡើងប្រឈមគ្រោះថ្នាក់៕