សេដ្ឋកិច្ច

អ្នកវិនិយោគមកពីប្រទេសចិនបានចាប់អារម្មណ៍យ៉ាងខ្លាំងពីឱកាសវិនិយោគនៅកម្ពុជា

ដោយ៖សសម្បត្តិ

សមាគមពាណិជ្ជកម្មនិងឧស្សាហកម្មកម្ពុជា-ចិនក្វាងទុងនិងសមាគមមួយចំនួនទៀតនៅកម្ពុជា បានជួបជាមួយសមាគមតាមេគង្គដែលបានដឹកនាំអ្នកវិនិយោគជាច្រើនរូបមកពីប្រទេសចិនដើម្បីមកពិភាក្សាក្នុងការស្វែងរកឱកាសវិនិយោគនៅលើទឹកដីកម្ពុជា។

ជំនួបពិភាក្សាដ៏មានសារសំខាន់ រវាងសមាគមពាណិជ្ជកម្មនិងឧស្សាហកម្មកម្ពុជា-ចិនក្វាងទុងនិងគណៈប្រតិភូវិនិយោគិនចិននេះ គឺបានធ្វើឡើងនៅស្នាក់ការរបស់ សមគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា( CTAFA) នៅបុរីអរគីដេ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។

លោក ណែម ឌីណា ប្រធានសមាគមពាណិជ្ជកម្មនិងឧស្សាហកម្មកម្ពុជា-ចិនក្វាងទុង បានបញ្ជាក់ជូន    គណៈប្រតិភូអ្នកវិនិយោគមកពីប្រទេសចិននូវឱកាសដ៏ល្អសម្រាប់ការធ្វើអាជីវកម្ម និងសក្តានុពលផ្នែកសេដ្ឋកិច្ច និងភាពអំណោយផលជាច្រើនទៀត សម្រាប់ការវិនិយោគនៅប្រទេសកម្ពុជា។

លោក យន ម៉ាលីឆេង ទីប្រឹក្សាសមាគមពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា-ចិនក្វាងទុង ក៏បានឡើងធ្វើបទបង្ហាញស៊ីជម្រៅពីបញ្ហាសំខាន់ៗ។ក្នុងនោះមានដូចជាស្ថានភាពអំណោយផលជាក់ស្តែងនៅកម្ពុជាដែលវិនិយោគិនចិនអាចចាប់យកឱកាសវិនិយោគទៅលើវិស័យផ្សេងៗបានយ៉ាងងាយស្រួលបំផុតនៅកម្ពុជា។

លោក យន ម៉ាលីឆេង ក៏បានលើកឡើងផងដែរអំពីទិដ្ឋភាពផ្លូវច្បាប់ពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា។លើសពីនោះទៅទៀត លោកក៏បានលើកឡើងពីល័ក្ខខ័ណ្ឌងាយស្រូសជាច្រើនដែលកម្ពុជាមាន និងយន្តការគាំទ្រលើកទឹកចិត្តយ៉ាងច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាធ្វើឡើងចំពោះអ្នកវិនិយោគ។

រីឯភាគីអ្នកវិយោគចិនវិញគឺហាក់ដូចជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវិស័យជាច្រើនដែលអាចនឹងបោះទុនវិនិយោគនៅកម្ពុជា នាពេលខាងមុខ។ ក្នុងនោះមានដូចជាការកែច្នៃផលិតគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ ផលិតគ្រឿងអលង្ការ ការកែច្នៃផលិតផលពីប្រេង  វិស័យដឹកជញ្ជូនគ្រប់ប្រភេទ និងសេវាកម្មផ្នែកកម្សាន្តដូចជានៅខេត្តព្រះសីហនុជាដើម។

ជាងនេះទៅទៀតខាងចិនចង់វិនិយោគទៅលើបច្ចេកវិទ្យាដ្រូនសម្រាប់ប្រើប្រាស់នៅក្នុងការសង្គ្រោះបន្ទាន់ពេលមានគ្រោះមហន្តរាយធម្មជាតិ ឬគ្រោះថ្នាក់ផ្សេងៗ សំខាន់ជាងនេះទៅទៀតគឺប្រើប្រាស់នៅក្នុងវិស័យកសិកម្មនៅកម្ពុជា។

លោក ណែម ឌីណា ប្រធានសមាគម ពាណិជ្ជកម្មនិងឧស្សាហកម្មកម្ពុជា-ចិនក្វាងទុង ដែលតែងតែបានខិតខំជំរុញនិងកៀរគរអ្នកវិនិយោគចិនឲ្យមកវិនិយោគនៅកម្ពុជានោះ បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា ជំនួបនេះគឺសំខាន់ណាស់ ព្រោះបានធ្វើឲ្យអ្នកវិនិយោគគេបានដឹងបានឃើញដោយផ្ទាល់ពីសក្តានុពលក៏ដូចជាឱកាសសំខាន់សម្រាប់គេចូលមកវិនិយោគនៅកម្ពុជា។

លោក តៃ លីន(Dai lin) ជាប្រធានសមាគមតាមេគង្គ ដែលបានដឹកនាំគណៈប្រតិភូអ្នកវិនិយោគមកពិនិត្យនិងឈ្វេងយល់ពីសភាពការណ៍ជាក់ស្តែងដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជានោះ បានបញ្ជាក់ពីអារម្មណ៍ពិតផ្ទាល់ខ្លួនខ្លួនថាប្រទេសកម្ពុជាមានប្រជាពលរដ្ឋស្លូតបូត មានស្នាមញញឹមរាក់ទាក់គួរឲ្យគោរពស្រឡាញ់ ហើយក៏ជាប្រទេសមួយមានសក្តានុពល អំណោយផលខ្លាំងសម្រាប់ការវិនិយោគ៕