ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ បុរសជាប្តីបានកាប់ស្រ្តីជាប្រពន្ធដែលលែងលះគ្នាមិនទាន់ដាច់ស្រេចស្លាប់នៅពេលជនរងគ្រោះទៅសួរសុខទុក្ខកូនដែលកំពុងរស់នៅជាមួយប្តីជាជនសង្ស័យម្នាក់នេះ នៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ កាលពីរសៀលថ្ងៃទី១៩ មករាកន្លងទៅនេះ។ប៉ុន្តែក្រោយកើតហេតុខាងនគរបាលបានទទួលបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការ និងបានការអនុញ្ញាតពីលោក គង់ រតនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនេះ ឃាត់ជនសង្ស័យដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកមេមត់បានឱ្យដឹងថា៖ ស្រ្តីជាជនរងគ្រោះត្រូវជនសង្ស័យជាប្តីកាប់ចំនួន ៤កាំបិតបុ័ងតោស្លាប់នៅនឹងកន្លែង ចំផ្នែកក្បាលឈ្មោះ ចន ស្រីម៉ាច អាយុ ២៨ ឆ្នាំ មានមុខរបរជាគ្រូបង្រៀននៅឃុំជាំ ស្រុកមេមត់ដែរ និងមានទីលំនៅភូមិសង្កែថ្មី ឃុំមេមង ស្រុកមេមត់។ចំណែកបុរសជាប្តីដែលជាប់សង្ស័យក្នុងករណីឃាតកម្មដោយចេតនា (សម្លាប់ប្រពន្ធ) ត្រូវឃាត់ខ្លួន ឈ្មោះ ហួន ណុប អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិកើតហេតុ។
ប្រភពព័ត៌មាននោះបានបន្តថា៖ គូស្វាមីភរិយាមានចំណងអាពាហ៍ពិពាហ៍មានកូនម្នាក់អាយុជាងមួយឆ្នាំ។ ហើយកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដោយការរស់នៅមិនចុះសម្រុងគ្នាបានសម្រេចផ្តាច់ចំណងអាពាហ៍ពិពាហ៍ គឺលែងលះគ្នាថ្នាក់ឃុំ កាលនោះបានព្រមព្រៀងឱ្យកូនរស់នៅជាមួយខាងប្រុសជាឪពុក។ ប៉ុន្តែខាងស្រីជាម្តាយបន្តនីតិវិធីសុំសាលក្រមនៅតុលាការ ហើយបច្ចុប្បន្នមិនបានសាលក្រម ហើយនៅថ្ងៃកើតហេតុឃាតកម្មខាងលើស្រ្តីជនរងគ្រោះ និងជាម្តាយបានទៅសួរសុខទុក្ខកូន ក៏មានទំនាស់ឈានដល់ការកាប់សម្លាប់នេះ៕