សន្ដិសុខសង្គម

បាត់ខ្លួន៣ថ្ងៃប្រទះឃើញស្លា.ប់អណ្ដែតទឹកស្រះក្នុងវត្តជម្ពូវ័ន

ដោយ៖ សហការី
ភ្នំពេញ ៖សិស្សវិទ្យាល័យហ៊ុន សែនជម្ពូវ័នម្នាក់ក្រោយពេលចេញពីសាលារៀនបានប្រាប់ម្ដាយថាទៅរកព្រះសង្ឃនៅវត្តជម្ពូវ័នស្រោចទឹកឲ្យ  ក៏បាត់ខ្លួនរហូត ពេលនោះម្ដាយបានតាមរកដែរ ប៉ុន្តែរកពុំឃើញសោះ ឃើញតែម៉ូតូដែលកូនប្រុសទុកចោលនៅក្នុងវត្ត ហើយត្រូវនគរបាលនាំយកទៅរក្សាទុកនៅប៉ុស្តិ៍ ។លុះរយៈពេល៣ថ្ងៃក្រោយមក ស្រាប់តែប្រទះឃើញកូនប្រុសគាត់ស្លាប់អណ្ដែតទឹកស្រះក្នុងវត្តជម្ពូវ័ននៅម៉ោង៩ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។


យុវជនខាងលើឈ្មោះបិន ជីងប៉ាវ អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២H1វិទ្យាល័យហ៊ុន សែនជម្ពូវ័ន មានទីលំនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ព្រះសង្ឃក្នុងវត្តខាងលើបានមានសង្ឃដីកាថា កាលពី៣ថ្ងៃមុនយុវជនរូបនោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿងទៅរកព្រះសង្ឃដែលចេះមន្តអាគមគាថាដើម្បីស្រោចទឹកឲ្យ ។ លុះក្រោយពេលស្រោចទឹករួចរាល់ យុវជននេះក៏បានស្លៀកតែខោ និងយកកន្សែងទទូរក្បាលរួចដើរចេញទៅបាត់ ដោយទុកម៉ូតូនៅមុខកុដិព្រះសង្ឃ ហើយខណៈនោះពុំដឹងថាទៅណានោះទេ ។


ព្រះសង្ឃដដែលបានមានសង្ឃដីកាបន្តទៀតថា ដោយចាំបាត់ៗមិនឃើញយុវជនខាងលើត្រឡប់ទៅយកម៉ូតូវិញ ព្រះសង្ឃក៏បានផ្ដល់ដំណឹងនេះទៅកាន់នគរបាលប៉ុស្តិ៍ចោមចៅទី៣ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ឲ្យទៅនាំយកម៉ូតូនោះទៅរក្សាទុកតែម្ដង ព្រោះពេលនោះពុំបានដឹងថាតើមានមូលហេតុអ្វី ទើបយុវជនខាងលើទុកម៉ូតូចោលហើយចាកចេញទៅបាត់នោះឡើយ លុះដល់ថ្ងៃកើតហេតុខាងលើ ក៏ស្រាប់តែប្រទះឃើញស្លាប់អណ្ដែតទឹកស្រះបែបនេះទៅវិញ ។


អ្នកស្រីញឹម សុជាតិ ត្រូវជាម្ដាយយុវជនរូបនោះបាននិយាយថា កូនប្រុសគាត់ខាងលើមានជំងឺសរសៃប្រសាទរយៈពេល៤ឆ្នាំកន្លងមកហើយ ដោយនៅឆ្នាំដំបូងគាត់ក៏បានទៅបើកថ្នាំសរសៃប្រសាទនោះឲ្យកូននៅមន្ទីពេទ្យព្រះកុសុមៈ ។ លុះដល់ឆ្នាំបន្ទាប់រហូតដល់ជីវិតចុងក្រោយរបស់កូននេះ គាត់បានទៅបើកថ្នាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយមុនពេលស្លាប់ប៉ុន្មានថ្ងៃ ជំងឺបានធ្វើទុក្ខខ្លាំង ។ រហូតដល់ម៉ោង៩ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ក្រោយពេលចេញពីរៀនកូនប្រុសគាត់បានប្រាប់ថា ទៅរកព្រះសង្ឃវត្តជម្ពូវ័នស្រោចទឹកឲ្យ រួចក៏ស្រាប់តែបាត់រហូតតែម្ដង ។


គាត់បានបញ្ជាក់ប្រាប់ទៀតថា លុះមកដល់វេលាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ខណៈដែលគាត់កំពុងតែរង់ចាំកូនត្រឡប់ទៅផ្ទះវិញយ៉ាងអន្ទះសា និងស្វែងរកទាំងការព្រួយបារម្ភបំផុតនោះ ស្រាប់តែទទួលដំណឹងថា ព្រះសង្ឃប្រទះឃើញសាកសពអណ្ដែតទឹកស្រះក្នុងវត្តជម្ពូវ័ន ។ ខណៈនោះគាត់ក៏បានប្រញាប់ប្រញាល់ទៅមើល ក៏បានស្គាល់ថាអ្នកស្លាប់អណ្ដែតទឹកនោះគឺជាកូនប្រុសរបស់គាត់ដែលបានបាត់ខ្លួន៣ថ្ងៃមកហើយនោះ ពិតជាបានធ្វើឲ្យគាត់តក់ស្លុតខ្លាំងណាស់ ។

ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ចោមចៅទី៣ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យ និងរាយការណ៍បន្តទៅនគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យចុះទៅពិនិត្យកោសលវិច័យ ហើយលទ្ធផលបញ្ជាក់ថា យុវជនខាងលើស្លាប់ដោយលង់ទឹក៕