ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ករណីរំលោភបូករហូតដល់ស្លាប់លើស្ត្រីខ្មែរម្នាក់ សមត្ថកិច្ចនគរបាលជំនាញខេត្តបន្ទាយមានជ័យបានឈានដល់ចាប់ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីចំនួន៣នាក់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
មន្ត្រីកម្លាំងជំនាញព្រហ្មទណ្ឌនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថ្ងៃទី១៩ខែមករាថា៖ ជនសង្ស័យ៣នាក់នោះជាជនជាតិឥណ្ឌូនេស៊ីដែលរួមមាន៖ ១.ឈ្មោះប៉ាវី ចូណាថាន់(PHAVI JONATHAN) ភេទប្រុសអាយុ២១ឆ្នាំ មុខរបរចុងភៅ, ២-ឈ្មោះហ៊ើម៉ាន់ស្យ៉ាស់ ពូត្រាហ៊ូថាហ្គាលុង (/HERMANSYAH PUTRAHUTHAGALUNG) ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់បាយ និង៣.ឈ្មោះ អ៊ូយ៉ាន ជួអាទ្រី(UYAN JUATRI ) ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរដឹកជញ្ជូនបាយ ។ទាំង៣នាក់ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
កម្លាំងជំនាញព្រហ្មទណ្ឌខេត្តថា៖ កាលពីវេលាម៉ោង២និង៤០នាទីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ស្ថិតភូមិប៉ាលិលេយ្យពីរ សង្កាត់/ក្រុងប៉ោយប៉ែតគេបានប្រទះសាកសពស្ត្រីម្នាក់ស្លាប់លើពូកនិងគ្រែបន្ទប់ផ្ទះសំណាក់យីហោពន្លឺពេជ្រ បន្ទប់លេខ៨ ទាំងអាក្រាតកាយ ។
កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះពិនិត្យសាកសព ធ្វើកោសលវិច័យ និងប្រគល់ជូនក្រុមគ្រួសារ។ ស្ត្រីរងគ្រោះមានឈ្មោះ ដន ដាវីន អាយុ៣៦ឆ្នាំ ទីលំនៅភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ ។
កម្លាំងជំនាញបានបញ្ជាក់ថា៖ ក្រោយកម្លាំងជំនាញពិនិត្យតាមកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះសំណាក់ក៏បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិឥណ្ឌូនេស៊ី៣នាក់ រួចនាំយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានផ្តល់ចម្លើយសារភាព ដូចដែលបកប្រែថា : ពួកខ្លួននៅក្មេងពេញកម្លាំងនិងចំណង់ បានទូរសព្ទហៅស្ត្រីរងគ្រោះមកគេងនៅបន្ទប់ផ្ទះសំណាក់។ពួកគេប្រើថ្នាំសម្រើបនិងថ្នាំពង្រីងលឹង្គឲ្យធំ វែងនិងរឹងយូរ ហើយបានចាប់រំលោភស្ត្រីរងគ្រោះម្នាក់ម្តងៗ។ស្ត្រីរងគ្រោះស៊ូទ្រាំមិនបានរត់ចេញពីបន្ទប់ ប៉ុន្តែពួកខ្លួនបានចាប់អូសចូលបន្ទប់វិញរំលោភបូកបន្ត។
ស្ត្រីជនរងគ្រោះបានខំស្រែកឲ្យគេជួយ ប៉ុន្តែស្ទាវជនជាតិឥណ្ឌូនេស៊ីទបានដោះអាវទៅញាត់មាត់នាង ហើយឡើងចុះៗរំលោភបន្តគ្នារហូតដល់ស្ត្រីរងគ្រោះដាច់ខ្យល់ស្លាប់តែម្តង។ពេលនោះពួកគេបានរុញសាកសពនាងទម្លាក់នៅកន្លៀតគ្រែហើយរត់គេចខ្លួន ។
ប៉ុន្តែត្រូវម្ចាស់ផ្ទះសំណាក់ប្តឹងទៅសមត្ថកិច្ច រួចត្រូវកម្លាំងជំនាញស្រាវជ្រាវចាប់បានទាំង៣នាក់។
ក្រោយពិនិត្យ ធ្វើកោសលវិច័យ កម្លាំងជំនាញបានយកសាកសពស្លៀកពាក់ រួចដឹកទៅតម្កល់ទុកវត្តប្រជាធម្ម នាភូមិប្រជាធម្មសង្កាត់អូរឫស្សីក្រុងប៉ោយប៉ែតដើម្បីរង់ចាំរកក្រុមគ្រួសារមកទទួល៕