ព័ត៌មានជាតិ

អភិបាលខេត្ត៖ ព្រះសង្ឃមានតួនាទីសំខាន់ក្នុងការអប់រំផ្សព្វផ្សាយដើម្បីសន្តិភាពផ្លូវកាយផ្លូវចិត្ត

ដោយ៖ កំចាយ

កំពត÷ ព្រះសង្ឃគ្រប់អង្គមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំផ្សព្វផ្សាយពុទ្ធឱវាទដល់បរិស័ទឲ្យស្គាល់អំពើល្អ អាក្រក់ និងរក្សាបាននូវសន្តិភាពផ្លូវចិត្ត ផ្លូវកាយ ក៏ដូចជាសន្តិភាពក្នុងសង្គមជាតិ។ នេះជាការបញ្ជាក់របស់អភិបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នាពិធីបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាប្រចាំឆ្នាំសិក្សា២០២៣-២៤ នៅក្នុងមណ្ឌលវត្តជុំក្រៀលក្នុងស្រុកទឹកឈូ។

លោក ម៉ៅ ធនិន បានមានប្រសាសន៍ថា អាណាចក្រ និងពុទ្ធចក្រតែងតែដើរទន្ទឹមគ្នាដោយមិនអាចខ្វះភាគីណាមួយបានឡើយ។ ផ្នែកពុទ្ធចក្រ ព្រះសង្ឃជាតួអង្គសំខាន់ក្នុងការអប់រំផ្សព្វផ្សាយនូវពុទ្ធឱវាទដល់ពុទ្ធបរិស័ទឲ្យមានសម្បទាជាមនុស្ស គឺការគិតត្រូវ និយាយត្រូវ ធ្វើត្រូវ និងចិញ្ចឹមជីវិតត្រូវដើម្បីរក្សាបាននូវសុខសន្តិភាពក្នុងសង្គម។ ដូច្នេះ សមណសិស្សគ្រប់អង្គត្រូវយកចិត្តទុកដាក់ក្នុងការប្រឡងដើម្បីបានជាប់ ហើយបន្តការសិក្សាឲ្យកាន់តែខ្ពស់បន្ថែមទៀត។

លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពតបានប្រាប់ឲ្យដឹងថា ការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាប្រចាំឆ្នាំសិក្សា២០២៣-២៤ នៅមណ្ឌលវត្តជុំក្រៀលមានសមណសិស្សដាក់ពាក្យចំនួន១៧១អង្គ។ ក្នុងនោះ ខេត្តកំពតមាន១៤៧អង្គ និងនិមន្តមកពីខេត្តព្រះសីហនុ២៤អង្គ ដោយចែកជា៧បន្ទប់។ ការប្រឡងនេះមានរយៈពេល២ថ្ងៃលើវិញ្ញាសាចំនួន៦ សម្រាប់មុខវិជ្ជា១០ គឺភាសាបាលី និងវេយ្យាករណ៍ តែងសេចក្តី សរសេរតាមអាន វិទ្យាសាស្ត្រអនុវត្តន៍ ប្រវត្តិវិទ្យា ភូមិវិទ្យា ពុទ្ធវិន័យ ពុទ្ធប្រវត្តិ ពុទ្ធសាសនា និង គណិតវិទ្យា។

លោកប្រធានមន្ទីរបានបញ្ជាក់ថា វិញ្ញាសាប្រឡងចេញដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការ និងសាសនា។ ចំពោះសមណសិស្សដែលជាប់នាពេលនេះនឹងទទួលបានសិទ្ធិដាក់ពាក្យប្រឡងបន្តចូលរៀនថ្នាក់ទី៧នៃសាលាពុទ្ធិកវិទ្យាល័យជុំក្រៀលកំពតបន្តទៀត៕