ដោយ : បន្ទាយ
វិញឡុង -វៀតណាម : រដ្ឋបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជានិងគណៈកម្មាធិការប្រជាជនខេត្តវិញឡុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) សម្រាប់អនុវត្ត៥ឆ្នាំទៀតរវាងឆ្នាំ២០២៥-២០២៩ ពោលគឺបន្ទាប់ពីអនុស្សរណ:ចាស់២លើកមកហើយបានផុតកំណត់សុពលភាព។
ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងខេត្តបន្ទាយមានជ័យដោយ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត។
ចំណែកភាគីខេត្តវិញឡុង ដឹកដោយលោក ឡេ ក្វាងង៉ើយ ប្រធានគណៈកម្មាធិការប្រជាជនខេត្តកាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០២៥ ។
ភាគីទាំង២ បានលើកឡើងពីលទ្ធផលផ្លែផ្កាមួយចំនួនដែលសម្រេចបានក្នុងអំឡុងកិច្ចសហប្រតិបត្តិការ ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានា(MoU) ២លើកន្លងមក ។
សូមបញ្ជាក់ថា ការចុះហត្ថលេខាដូចខាងលើនៅមន្ទីរគណៈកម្មាធិការប្រជាជនខេត្តវិញឡុង(សាលាខេត្ត) ខណ:ប្រតិភូជាន់ខ្ពស់ខេត្តបន្ទាយមានជ័យបំពេញទស្សនកិច្ច២ថ្ងៃ(ថ្ងៃទី១៥-១៦ខែមករាឆ្នាំ២០២៥) និងទៅជូនពរឆ្លាស់វេនដូចរាល់ឆ្នាំរវាងខេត្តសម្ព័ន្ធមេត្រីភាពទាំង២។
ហេតុនេះ ក្នុងឱកាសនោះ ទន្ទឹមជាមួយគ្នានោះប្រតិភូខេត្តបន្ទាយមានជ័យ ក៏ថ្លែងអបអរសាទរ និងជូនពរថ្នាក់ដឹកនាំ កម្មាភិបាល កងទ័ព នគរបាលនិងប្រជាជនខេត្តវិញឡុង ក្នុងឱកាសបុណ្យចូលឆ្នាំម្សាញ់ប្រពៃណីវៀតណាមឆ្នាំ២០២៥ ផងដែរ ។
លើសពីនោះ ប្រតិភូខេត្តបន្ទាយមានជ័យក៏បានទៅទស្សនកិច្ចនៅរោងចក្រផលិតជីដ៏ធំនៅក្នុងខេត្តវិញឡុង ។
សង្វាក់ការផលិតកម្មរោងចក្រជីគីមីនោះ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងនិងមានការនាំចេញទៅប្រទសកម្ពុជា និងប្រទេសមួយចំនួនទៀតក្នុងតំបន់ ផងដែរ ។
ជាមួយគ្នានោះ គណៈប្រតិភូខេត្តក៏បន្តដំណើរទៅទស្សនកិច្ចសំណង់ផ្ទះសង់ពីដីឥដ្ឋដុត ដែលគេចង់បង្ហាញថាវៀតណាមមានរចនាបថស្ថាបត្យកម្មវប្បធម៌របស់ខ្លួនដែរ៕