ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គ្រោងនឹងដំឡើងថ្នាក់មណ្ឌលសុខភាពពាមកោះស្នា ស្រុកស្ទឹងត្រង់ ឱ្យក្លាយជាមន្ទីរពេទ្យបង្អែក នាពេលអនាគត។ ដោយឡែក នាពេលខាងមុខនេះនឹងមានកន្លែងពិនិត្យអេកូសាស្រ្ត និងកន្លែងព្យាបាលធ្មេញ។
ការបញ្ជាក់របស់ឯកឧត្តម អភិបាលខេត្តកំពង់ចាមបែបនេះ នៅក្នុងការដែលឯកឧត្តមបានដឹកនាំ មន្រ្តីរដ្ឋបាលខេត្តអញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់មណ្ឌលសុខភាពពាមកោះស្នា ស្រុកស្ទឹងត្រង់ នៅព្រឹកថ្ងៃទី ១៨ មករានេះ។
លោក ស៊ើង ប៊ុន្នី ប្រធានមណ្ឌលសុខភាពពាមកោះស្នា បានឱ្យដឹងថា៖ មណ្ឌលសុខភាពពាមកោះស្នាជាមណ្ឌលសុខភាពស្តង់ដារ ដែលបានស្ថាបនាកាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៤ ហើយបានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសព្វនេះ ក្នុងអំឡុងខែតុលា ឆ្នាំ២០២៤ដែរ។ ហើយគ្រោងនឹងដាក់សម្ពោធផ្លូវការ នៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។
លោកប្រធានមណ្ឌលសុខភាពពាមកោះស្នាបាន ឱ្យដឹងទៀតថា៖ បន្ទាប់ចុះពិនិត្យផ្ទាល់អគារមណ្ឌលសុខភាព រួចហើយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ប្រាប់ឱ្យបន្ថែមបុគ្គលិកឱ្យគ្រប់តាមស្តង់ដារចំនួន ៧ នាក់ និងឱ្យបន្ថែមមន្រ្តីបច្ចេកទេសខាងគ្រប់គ្រងឧបករណ៍អេកូសាស្រ្តដែលមានស្រាប់នោះ។
លោកប្រធានមណ្ឌលបានបន្តថា៖ ឯកឧត្តមអភិបាលខេត្តបានប្រាប់ឱ្យបន្ថែមគ្រូពេទ្យពិនិត្យព្យាបាលធ្មេញ ក្នុងមណ្ឌលសុខភាពនេះដើម្បីឱ្យនៅកៀកនឹងប្រជាពលរដ្ឋ ហើយពេលអនាគត ជាទស្សនវិស័យវែងឆ្ងាយមណ្ឌលសុខភាពមួយនេះ នឹងក្លាយជាមន្ទីរពេទ្យបង្អែកមានកម្ពស់ ៥ជាន់៕