ដោយ : បន្ទាយ
បន្ទាយមានជ័យ : ដំណើរការបោះឆ្នោតជ្រើសរើសគណ:គ្រប់គ្រងសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យអាណត្តិទី៨ ឆ្នាំ២០២៥-២០៣០ ដែលចែងក្នុងលក្ខន្តិក:សមាគម បានក្លាយជាស្តង់ដារគំរូមួយដែលគ្រប់គ្នាអាចទទួលយកបាន មានលក្ខណ:ពេញនិយម ប្រជាធិបតេយ្យ សេរី បើកទូលាយសិទ្ធិនិងការចូលរួម។
សូមបញ្ជាក់ថា កាលពីម៉ោង៧:០០នាទី ព្រឹកដល់ម៉ោង២:០០រសៀល ថ្ងៃទី១៥ ខែមករាឆ្នាំ២០២៥ នៅទីស្នាក់ការសមាគម ក្នុងបរិវេណសាលារៀនផី ឆឹង នាភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ មានរៀបចំការបោះឆ្នោតលើកដំបូងដើម្បីជ្រើសរើសគណ:គ្រប់គ្រងសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យអាណត្តិទី៨ ឆ្នាំ២០២៥-២០៣០ ។
គណៈកម្មការរៀបចំបោះឆ្នោតបានរៀបចំការិយាល័យនិងសម្ភារបម្រើការសមស្របសម្រាប់ដំណើរការ ហើយការបោះឆ្នោតស្ថិតក្រោមការអញ្ជើញជាសាក្សីដឹងឮ ឬសង្កេតការណ៍ដ៏ខ្ពង់ខ្ពស់ពីលោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា -លេខាគណ:កម្មការទី៧ ព្រឹទ្ធសភា លោកអេង ឆាយ សមាជិកក្រុមប្រឹក្សាខេត្តជាទីប្រឹក្សាជាន់ខ្ពស់ , លោកលី សុវណ្ណារឹទ្ធិ អភិបាលស្តីទីខេត្តបន្ទាយមានជ័យនិងចូលរួមដោយអភិបាលរងក្រុង សមាជិកក្រុមប្រឹក្សាក្រុង ចៅសង្កាត់ ចៅសង្កាត់រងមកពី៤សង្កាត់ មន្ត្រីពាក់ព័ន្ធ ព្រមទាំងអ្នកសារព័ត៌មានផងដែរ ។
មានបេក្ខជន បេក្ខនារីជាសែស្រឡាយចិន និងខ្មែរចំនួន៣៥នាក់បានឈរឈ្មោះឲ្យគេបោះឆ្នោត និងមានអង្គបោះឆ្នោតជាង១០០នាក់។ក្នុងម្នាក់មានសិទ្ធិគូសជ្រើសរើសបេក្ខជន បេក្ខនារីចំនួន១១រូប ។
ការបោះឆ្នោតជុំទី១ គឺបោះឆ្នោតជ្រើសរើសបេក្ខជន បេក្ខនារីចំនួន១១រូបជាសមាសភាពគណ:គ្រប់គ្រងសមាគម ហើយបេក្ខជន ជាប់ឆ្នោត១១រូបនោះ.រួមមាន : ១-លោកស៊ាង តូហ៊ី ២- លោកឆាន់ ប៊ុនម៉ាន់.៣-លោកអ៊ឹង ប៊ុនហ៊ី ៤-លោកហួត សុងឡាយ ៥-លោកចាន់ ហេង ៦-លោកទៀ ហ៊ុយម៉េង ៧-លោកជុំ នូវ ៨-លោកអៀវ កង ៩-លោកឡៅ ជីងហួរ ១០-លោកលឹម តិចឆេង និង១១- លោកលាភ សំណាង និងការបោះឆ្នោតជុំទី២ អង្គបោះឆ្នោតដែលជាបេក្ខជន / នារី ៣៥រូបខាងលើនិងទីប្រឹក្សាបានបោះឆ្នោតជ្រើសរើសចេញពីបេក្ខជន នារីចំនួន១១រូបដើម្បីយកតែប្រធាន១រូប និងនៅ១០រូបទៀតត្រូវក្លាយជាអនុប្រធានដោយស្វ័យប្រវត្តិ ។
ជាលទ្ធផលសំឡេងឆ្នោតនៅជុំទី២ និងស្មារតីកិច្ចពិភាក្សារបស់អង្គបោះឆ្នោតដែលមានសមាសភាពចម្រុះបានសម្រេចជាឯកច្ឆន្ទជ្រើសរើសលោកឆាន់ ប៊ុនម៉ាន់ ជាប្រធានជាប់ឆ្នោតថ្មីនៃសមាគមអាណត្តិទី៨។ លោកគឺជាប្រធានចាស់ អាណត្តិទី៧ ។
ឯលោកលឹម ប៊ូ ជាប្រធានកិត្តិយសអាណត្តិមុននឹងត្រូវបន្តជាប្រធានថ្មី១អាណត្តិទៀត។
ចំណែកលោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា -លេខាគណ:កម្មការទី៧ ព្រឹទ្ធសភា លោកអេង ឆាយ សមាជិកក្រុមប្រឹក្សាខេត្ត នឹងបន្តជាទីប្រឹក្សាជាន់ខ្ពស់បន្តទៀត អាចនឹងជ្រើសរើសទីប្រឹក្សាបន្ថែម ហើយគណ:គ្រប់គ្រងជាប់ឆ្នោតថ្មីនៃសមាគមនឹងធ្វើការតែងតាំងលេខា ជំនួយការ ប្រធាន អនុប្រធាន ការិយាល័យនានា ព្រមទាំងផ្នែកពាក់ព័ន្ធដើម្បីទ្រោលយន្តការដឹកនាំ គ្រប់គ្រងសមាគម។
បើយោងប្រភពពីសមាគមអោយដឹងថា: បេក្ខជន /នារី ជាប់ឆ្នោត ជាសមាសភាពគណ:គ្រប់គ្រង, អ្នកកាន់ការគ្រប់តំណែង ទីប្រឹក្សានៃសមាគមនឹងត្រូវបានធ្វើពិធីប្រកាសតែងតាំងនិងចូលកាន់តំណែងជាផ្លូវការនារសៀលថ្ងៃទី២០ខែមករាឆ្នាំ២០២៥ និងជាថ្ងៃរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំចិនខាងមុខផងដែរ ក្រោមអធិបតីភាពមន្ត្រីជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋនិងថ្នាក់ដឹកនាំសមាគមខ្មែរ ចិន ថ្នាក់កណ្តាល ពោលគឺសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យនឹងយកគោលការណ៍និងនីតិវិធីការបោះឆ្នោតជ្រើសរើសគណ:គ្រប់គ្រងដូចអាណត្តិទី៨ ឆ្នាំ២០២៥-២០៣០ ជាស្តង់ដារនិងគំរូ បែបប្រជាធិបតេយ្យ សេរី សម្រាប់អាណត្តិក្រោយៗតទៅ ដើម្បីជំរុញការដឹកនាំ អនុវត្តអោយសមាគមខ្មែរ ចិន ក៏ដូចជាសាលារៀនផី ឆឹងកាន់តែមានស្ថិរភាព អាទិភាពរឹងមាំនិងប្រសិទ្ធភាពដឹកនាំ គ្រប់គ្រងឲ្យប្រសើរឡើង៕