សន្ដិសុខសង្គម

ប្រជានេសាទបន្តប្រគល់ឧបករណ៍ឆក់ត្រីឲ្យសមត្ថកិច្ច ដោយបញ្ឈប់ការនេសាទល្មើសច្បាប់បន្តទៀត

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ ប្រជានេសាទជាច្រើនគ្រួសារក្នុងតំបន់ព្រៃលិចទឹកបានបន្តប្រគល់ឧបករណ៍ឆក់ត្រីឲ្យដល់សមត្ថកិច្ច និងបានសន្យាបញ្ឈប់នេសាទត្រីល្មើសច្បាប់បន្តទៅទៀត ហើយចូលរួមរក្សាការពារមច្ឆជាតិឲ្យសម្បូរឡើងវិញ។

នៅចំពោះមុខកម្លាំងកងពលតូចថ្មើរជើងលេខ ៥១ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ កន្លងមកនេះ បងប្អូនប្រជានេសាទចំនួន ៣១គ្រួសារដែលរស់នៅតំបន់ព្រៃលិចទឹកព្រំប្រទល់ស្រុកឯកភ្នំ និងស្រុកមោងឫស្សី ក្នុងខេត្តបាត់ដំបង បានស្ម័គ្រចិត្តប្រគល់ឧបករណ៍នេសាទដងឆក់ និងអាគុយឆក់ត្រីសរុបចំនួន ២០គ្រឿងឲ្យដល់សមត្ថកិច្ចកម្លាំងកងពលតូចថ្មើរជើងលេខ ៥១ និងបានសន្យាឈប់ប្រព្រឹត្តបទល្មើសនេសាទបន្តទៅទៀតចាប់ពីពេលចំពោះមុខនេះតទៅ។

បន្ទាប់ពីការប្រគល់នូវឧបករណ៍ឆក់ត្រីខុសច្បាប់យ៉ាងពេញចិត្តរួច ប្រជានេសាទទាំងអស់ថែមទាំងបានប្តេជ្ញាចិត្តងាកមកចូលរួមសហការជាមួយសហគមន៍អភិរក្ស អាជ្ញាធរ ក៏ដូចជាកម្លាំងសមត្ថកិច្ចនានាផងដែរដើម្បីទប់ស្កាត់បទល្មើសនេសាទផ្សេងៗដែលកើតមានឡើងនៅក្នុងមូលដ្ឋានរស់នៅ។

សកម្មភាពភ្ញាក់រលឹក និងការចូលរួមរបស់ប្រជានេសាទជាបន្តបន្ទាប់ខាងលើ បានធ្វើឲ្យមហាជននៅក្នុងបណ្តាញព័ត៌មានស្ញប់ស្ញែង និងសាទរយ៉ាងខ្លាំងដែលបងប្អូនទាំងអស់មានមានសិការអភិរក្ស ស្រឡាញ់នូវធនធានធម្មជាតិឡើងវិញ តទៅមច្ឆជាតិអាចនឹងកើតមានសម្បូរបែបសាជាថ្មី៕