ដោយ៖ កំចាយ
កំពត÷ ក្រុមក្មេងទំនើង៤នាក់ត្រូវកម្លាំងនគរបាលក្រុងបូកគោឃាត់ខ្លួន រួចអប់រំមុននឹងអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅស្ថានវិញបន្ទាប់ពីជិះម៉ូតូបង្ហោះតាមទីសាធារណ:បង្កការភ័យខ្លាចដល់អ្នកដំណើរតាមផ្លូវ។
សមត្ថកិច្ចបានបញ្ជាក់ថា យុវជនទាំង៤នាក់ រួមមាន ១. ឈ្មោះ ភ័ស្ស ស៊ីណា អាយុ ១៨ឆ្នាំ, ២. ឈ្មោះ កែវ ប៊ុនថា អាយុ ១៧ឆ្នាំ, ៣. ឈ្មោះ ផន ច័ន្ទលេខា អាយុ ១៨ឆ្នាំ, ៤. ឈ្មោះ ព្រាប សីហា អាយុ ១៨ឆ្នាំ។ ទាំង៤នាក់រស់នៅក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។
ប្រភពដដែលបានប្រាប់ឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៥ ខែមករា សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីអ្នករស់នៅក្បែរផ្លូវជាតិលេខ៣ ក្នុងភូមិចង្ហោន សង្កាត់ព្រែកត្នោត បានរាយការណ៍មកសមត្ថកិច្ចអំពីករណីក្រុមក្មេងទំនើង៤នាក់ជិះម៉ូតូបង្ហោះបង្កការភ័យខ្លាចដល់អ្នកដំណើរទូទៅ។
ភ្លាមៗ កម្លាំងអធិការដ្ឋានបានតាមឃាត់ខ្លួនយុវជនទាំង៤នាក់ និងម៉ូតូ២គ្រឿង រួចនាំមកកាន់អធិការដ្ឋានដើម្បីសាកសួរ។ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត សមត្ថកិច្ចក្រុងបូកគោបានអប់រំណែនាំយុវជនទាំង៤នាក់ និងធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តតទៅទៀត រួចក៏អនុញ្ញាតឲ្យត្រឡប់ទៅលំនៅស្ថានវិញ។ ដោយឡែកម៉ូតូទាំង២គ្រឿង គឺម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ស្លាកលេខព្រៃវែង1X-9773 និងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ឈាមជ្រូក ផលិតឆ្នាំ២០២៥ គ្មានផ្លាកលេខ ត្រូវរក្សាទុករយ:ពេល៣ខែនៅអធិការដ្ឋានមុននឹងប្រគល់ឲ្យយកទៅប្រើប្រាស់វិញ៕