ដោយ : បន្ទាយ
បាត់ដំបង : សំណូមពរកសិករគឺចង់ឲ្យតម្លៃស្រូវរដូវវស្សាទោះពូជស្រូវអីក៏ដោយ បើថ្លៃលើស១.០០០រៀល/គក្រ ។ បើថ្លៃក្រោម១.០០០រៀល/ គីឡូក្រាម គឺខាតហើយ ។ ប៉ុន្តែមន្ត្រីអាជ្ញាធរនិងជំនាញថា ថ្លៃស្រូវមានកម្រិតខុសៗគ្នាទៅតាមពូជ ប្រភេទនិងគុណភាពវា មិនអាចមានតម្លៃលើស១.០០០រៀល/គីឡូក្រាម ដូចៗគ្នានោះឡើយ ។
ប្រតិកម្មមន្ត្រីដូចខាងលើនៅខេត្តបន្ទាយមានជ័យនិងបាត់ដំបងបែបនេះកាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០២៥ បន្ទប់ពីមានហ្វូងកសិករជាច្រើននាក់នៅក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី បានលើកគ្នាយកគោយន្តដឹកការុងគ្រាប់ស្រូវរដូវវស្សាមកបិទចរាចរណ៍ប្រមាណតែ១០នាទីនៅចំណុចកំណាត់ផ្លូវជាតិលេខ៥ នៅភូមិព្រៃឫស្សី ក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ។
បើយោងប្រជាកសិករតវ៉ាបានឲ្យដឹងថា៖ ពួកខ្លួនមិនមែនជាក្រុមមាននិន្នាការប្រឆាំងនោះទេ ប៉ុន្តែបានលើកគ្នាមកសំណូមពរឲ្យស្នើសុំដល់មន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញឲ្យជួយអន្តរាគមន៍ដំឡើងថ្លៃស្រូវ ខណៈបច្ចុប្បន្នធ្លាក់ទាបមិនរួចថ្លៃដើម។
ពួកគេលើកគ្នាបានស្រែកបន្លឺឡើងទទូចសុំឲ្យក្រសួងកសិកម្ម(តាមពិតជំនាញនេះ ទទួលខាងការផលិតស្រូវនិងផលិតផលកសិកម្ម .ឯស្ថាប័នទទួលបន្ទុកការលក់មានក្រសួងពាណិជ្ជកម្ម អាជ្ញាធរ ឬមានសមាគមស្រូវអង្ករកម្ពុជាជាដើម ទើបទទួលបន្ទុកការលក់ និងតម្លៃផលិតផល) ឲ្យជួយអន្តរាគមន៍ជំរុញថ្លៃស្រូវឲ្យខ្ពស់ជាងពេលនេះ ។ ព្រោះតម្លៃនេះបានបង្កផលប៉ះពាល់និងការលំបាកឲ្យពួកខ្លួនជាកសិករបង់ខាត មិនអាចទប់ទល់នឹងចំណាយថ្លៃដើមដូចជាថ្លៃពូជ ប្រេង ភ្ជួររាស់ ជី ថ្នាំសម្លាប់សត្វល្អិត ថ្លៃទំនិញបានទេ ពោលគឺធ្វើឲ្យជីវភាពដែលជួបការលំបាក ខ្វះខាត ជំពាក់បំណុលស្រាប់នោះ រឹងរឹតតែលំបាក។ បច្ច័យអាក្រក់ជាងនេះ ពួកខ្លួននឹងមានតែប្រឈម ឬត្រូវធ្វើចំណាកស្រុកទៅរកការងារស៊ីឈ្នួលនៅបរទេសមិនខានឡើយ។
ប្រភពពីកសិករផ្សេងទៀតមកពីឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ជិតខាងឃុំព្រៃតូចបានឲ្យដឹងដែរថា: បច្ចុប្បន្ននេះតម្លៃស្រូវបានធ្លាក់ចុះជាបន្តបន្ទាប់ ដោយក្នុងមួយថ្ងៃៗធ្លាក់ចុះពី៥ទៅ៧លេខ ។គឺតម្លៃស្រូវពេលនេះចំពោះប្រភេទស្រូវអូអឹម ៥៤-៥១ (ពូជវៀតណាម)មានតម្លៃពី ៧៧០ ទៅ ៧៩០រៀល/គ.ក្រ។រីឯប្រភេទស្រូវស្រាល(ស្រូវលេខ២ ពូជខ្មែរ គុណភាពល្អបំផុត ) ថ្លៃពី៩៥០រៀលទៅ៩៧០/គ.ក្រ។
ស្ត្រីកសិករម្នាក់ទៀតឲ្យដឹងថា: កសិផលស្រូវនៅទីផ្សារពេលនេះលក់បានតម្លៃចាប់ពី១.០០០រៀលឡើង/គក្រ ទើបកសិករទទួលបានប្រាក់ចំណេញ ។ប៉ុន្តែបើលក់បានក្រោម១.០០០រៀល/គីឡូក្រាម នោះនឹងខាតថ្លៃដើម ហើយជំពាក់លុយគេវ័ណ្ឌកហើយ។
លោករុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានឲ្យដឹងកាលពីថ្ងៃទី១៥ខែមករាថា: តម្លៃស្រូវចំណីដែលធ្លាក់ថ្លៃនោះជាពូជស្រូវវៀតណា មដូចជា៖ ៥០៤,OM, ដែលទីផ្សារមាននៅប្រទេសវៀតណាម មិនអាចយកមកកិនជាអង្ករលក់ក្នុងស្រុកនិងនាំចេញទៅបរទេសបានទេ។
លោកបន្តថា : ចំណែកពូជស្រូវសុម៉ាលី សែនក្រអូប ម្លិះ …លក់បានថ្លៃពី១.២០០ទៅ១.៣៥០រៀល/គក្រ ជាតម្លៃល្អធម្មតា។
ចំណែកលោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទដែលចុះទៅជួបកសិករក្នុងស្រុកមោងឫស្សីខេត្តបាត់ដំបងនិងស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៤ខែមករា បានឲ្យដឹងថា: ថ្ងៃនេះ កសិករចំនួន២៤គ្រួសារ នៅឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានប្រមូលផលស្រូវសែនក្រអូប និងលក់ជូនក្រុមហ៊ុនបៃតងក្នុងតម្លៃចុះកិច្ចសន្យាទុកជាមុន ១៣៥០៛/គីឡូក្រាម សម្រាប់ស្រូវសើមទិញនៅទីវាល។
ក្នុងន័យនេះដែរ លោកអភិបាលរងខេត្តបន្ទាយមានជ័យនិងអភិបាលខេត្តបាត់ដំបង ក៏ដូចលោកឧកញ៉ាភូ ពុយ នៃក្រុមហ៊ុនបៃតង-បាត់ដំបងដែលបានកត់សម្គាល់ថា: សង្ឃឹមថាព័ត៌មានមួយនេះនឹងអាចបង្កើនទំនុកចិត្តបន្ថែមទៀតដល់បងប្អូនកសិករយើង ដែលនៅតែអល់អែករារែក ស្ទាក់ស្ទើរមិនទាន់ហ៊ានសម្រេចចិត្តងាកមករួមគ្នាផលិតស្រូវសែនក្រអូប ក្រោមទម្រង់ជាសហគមន៍កសិកម្មទំនើប។ ហេតុនេះកសិករគួរតែជ្រើសរើសពូជស្រូវឲ្យត្រូវ ទើបផលស្រូវអាចលក់បានតម្លៃល្អដែរ ។
គួររំលឹកថា ក្រុមហ៊ុនបៃតងគឺជាក្រុមហ៊ុនតែមួយដែលនឹងចុះកិច្ចសន្យាធានាទិញស្រូវសែនក្រអូបពីសហគមន៍កសិកម្មទំនើបខ្នាត៥.០០០ហិកតា ដែលគ្រោងនឹងបង្កើតថ្មីនៅខេត្តកំពង់ធំនាពេលខាងមុខនេះ។
មុននេះនិងបច្ចុប្បន្ន ក្រុមហ៊ុននេះបានចុះកិច្ចសន្យាធានាទិញស្រូវសែនក្រអូបមួយចំនួននៅខេត្តបាត់ដំបងនិងបន្ទាយមានជ័យ ៕