សន្ដិសុខសង្គម

ឆេះផ្ទះពលរដ្ឋអស់មួយខ្នងដោយសារឆ្លងចរន្តអគ្គិសនី

ដោយ​៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ ឆេះផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងនៅកណ្តាលអាធ្រាតដោយសារឆ្លងចរន្តអគ្គិសនី។

ប្រភពពីប្រជាពលរដ្ឋបានអះអាងថា÷ ករណីអគ្គិភ័យឆាបឆេះផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណជាង ១២:០០នាទី​ រំលងអាធ្រាតឈានចូល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី ១២ ភូមិគារ១​ ឃុំគារ​ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង​។

ប្រភពខាងលើបន្តថា÷ ដំបូងឡើយគេបានឃើញផ្កាភ្លើងផ្ទុះព្រាតៗពីការឆ្លងចរន្តអគ្គិសនី ហើយក៏ក្លាយជាអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ជាមួយគ្នាក៏បានបង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះនាំកូនចៅរត់ចេញមកខាងក្រៅ។ ភ្លាមនោះអណ្តាតភ្លើងក៏បានឆាបឆេះខ្លាំងពេញបន្ទុកយ៉ាងលឿនបើទោះបីប្រជាពលរដ្ឋអ្នកក្បែរខាងជួយអន្តរាគមន៍ពន្លត់ដោយដៃក៏ទប់មិនឈ្នះ រហូតចុងក្រោយកម្លាំងជំនាញពន្លត់អគ្គិភ័យស្រុកបានទៅដល់ទើបពន្លត់គ្រប់គ្រងបាន ប៉ុន្តែដោយសារអំណាចនៃការឆេះរាលលឿនពេកក៏បានបំផ្លាញផ្ទះខាងលើអស់ទាំងស្រុងតែម្តង។

ជនរងគ្រោះម្ចាស់ផ្ទះឈ្មោះហៀង​ ហា​ន​ ភេទប្រុស​ អាយុ ៣៧ឆ្នាំ។ ចំពោះផ្ទះមួយខ្នងដែលរងការបំផ្លាញទំហំ ៧ម៉ែត្រx៩ម៉ែត្រ សង់អំពីឈើលើ និងថ្មក្រោម ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង​ ឆេះខូចខាតអស់ទាំងស្រុង រួមជាទ្រព្យសម្បត្តិ និងសម្ភារជាច្រើនទៀត៕