ព័ត៌មានជាតិ

ព្រះមហាក្សត្រប្រោសព្រះរាជទានគ្រឿងឥស្សរិយយសថ្នាក់«មហាសិរីវឌ្ឍន៍»ព្រះរាជាណាចក្រ​កម្ពុជា​ ជូនឯកឧត្តម សួន ម៉ិ ស្ថាបនិក​និង​ជាប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា

ដោយ៖ ស-សម្បត្តិ

(ភ្នំពេញ​)៖ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបាន​ប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់«មហាសិរីវឌ្ឍន៍»ព្រះរាជាណាចក្រ​ ជូនឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា។នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៧ ខែធ្នូ ឆ្នំា ២០២៤ ដែលបានប្រោសព្រះរាជទានគ្រឿង ឥស្សរិយយសលំដាប់ថ្នាក់ ប្រគេនព្រះសង្ឃ មន្ត្រីរាជការ និងសប្បុរសជនចំនួន១៩៤អង្គ/រូប ។

តាមរយ:កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម​សួន​ ម៉ិ​ បានឲ្យដឹងថា, ឯកឧត្តម​គឺជាអតីត​អ្នក​បួស​ក្នុង​ព្រះពុទ្ធសាសនា​ បាន​សិក្សា​រៀនសូត្រ​នៅ​ពុទ្ធិ​ចំណេះដឹង​អស់​រយៈ​ពេល​១០ឆ្នាំ​ ។ ក្នុង​នោះបាន​ចូលរួម​ចំណែក​  កិច្ចការ​សង្គម​មាន​ដូចជា​   ការ​ធ្វើ​សប្បុរសធម៌​ បណ្ដុះ​បណ្ដាល​សិស្សានុសិស្ស​ និស្សិត​និង​ផ្ដល់​នូវអគារ​សិក្សា​ បណ្ណាល័យ​ និង​បណ្ដុះ​ធនធាន​មនុស្ស​ឲ្យ​មាន​ការ​តស៊ូ​ប្រឹង​ប្រែង​ដូចរូបឯកឧត្តមដែរ​   ពីព្រោះឯកឧត្តមក៏ជា​កូន​អ្នក​កសិករ​ គ្រួសារ​មានជីវភាពលំបាក​។   តាមរយ:ការខិតខំប្រឹងប្រែងតស៊ូរហូតមកដល់បច្ចុប្បន្ននេះ បានដោយសារគុណ​នៃ​វត្ត​អារាម​ ធ្វើ​ឲ្យ​ឯកឧត្តម​មានឱកាសបាន​បន្ត​ការ​សិក្សា​រៀនសូត្រ​  បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​រដ្ឋបាល​សាធារណៈ កំពុងបន្ត​ថ្នាក់​ អនុបណ្ឌិត​ បណ្ឌិត​ បន្ថែម​ទៀត​។

ឯកឧត្តមបានបន្ត​ទៀតថា មាន​តែការ​រៀនសូត្រ​និង​ចំណេះដឹង​ប៉ុណ្ណោះ​ដែល​អាច​នាំ​ខ្លួនឯង​ទៅ​រកភាព​រីកចម្រើន​បាន​  សូម​លើកទឹក​ចិត្ត​ឲ្យ​បងប្អូន​ខិតខំប្រឹងប្រែង​រៀនសូត្រ​  ទោះ​គ្រួសារ​លំបាក​យ៉ាងណាក៏ដោយ។

សូមបញ្ជាក់ផងដែរ បច្ចុប្បន្ន​នេះ ឯកឧត្តមគឺជាស្ថាបនិក​ស្ថាប័ន​VMOVE គ្រុប​ និងជាប្រធាន​សមាគមសហគ្រិន​វីម៉ូ​នៅ​កម្ពុជា ​ហៅកាត់ថា(Vmove)មានសមាជិកជាសហគ្រិនពេញសិទ្ធិប្រមាណជិត200រូបផងដែរ  ហើយសមាគមមួយនេះបង្កើតឡើងក្នុងគោលបំណងប្រមូលផ្ដុំ​សហគ្រិន​ដើម្បីបង្កើន​ទំនាក់ទំនង​កសាង​បណ្ដាញ​ជួយ​គ្នា​ដើម្បី​ភាព​រីកចម្រើន​រួមគ្នា​។

គួររំលឹកផងថា តាមរយ:ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការងារសង្គមនិងអភិវឌ្ឍន៍ប្រទេសជាតិ  កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា​ ទ្រង់បានត្រាស់តែងតាំងឯកឧត្តមជា«ទីប្រឹក្សា​ផ្ទាល់»ផងដែរ៕