សន្ដិសុខសង្គម

ថ្នាក់ដឹកនាំជំរុញដល់គ្រប់ផ្នែកពាក់ព័ន្ធបន្តលុបបំបាត់សេវាសុខាភិបាលល្មើសច្បាប់ទូទាំងខេត្ត

ដោយ៖ កំចាយ

កំពត÷ ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកំពតបានជំរុញដល់គ្រប់ផ្នែកពាក់ព័ន្ធឲ្យបន្តបេសកកម្មលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលល្មើសច្បាប់ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ។

កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នាសាលប្រជុំសាលាខេត្តកំពត គណ:កម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់បានបើកកិច្ចប្រជុំដើម្បីបន្តពង្រឹងការអនុវត្តការងារលើផ្នែកសុខុមាលភាពសាធារណ:។

លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពតបានមានប្រសាសន៍ថា៖ សុខភាពជាកត្តាសំខាន់របស់មនុស្សគ្រប់រូប។ អ្នកជំងឺតែងស្វែងរកសេវាព្យាបាលដើម្បីបន្តភាពរឹងមាំសម្រាប់កម្លាំងកាយដោយផ្តល់ការទុកចិត្តទាំងស្រុងលើអ្នកជំនាញផ្នែកសុខភាព។ លោកអភិបាលរងខេត្តបានបន្តថា ប្រសិនបើការទទួលសេវាខុស ព្រោះតែអ្នកបម្រើមិនសុចរិត ដូចជាការប្រើប្រាស់ឱសថក្លែងក្លាយ នោះអ្នកជំងឺកាន់តែរងគ្រោះធ្ងន់ធ្ងរឡើង។ ទាំងនេះជាបន្ទុកទទួលខុសត្រូវរបស់គ្រប់អ្នកពាក់ព័ន្ធ ពិសេសសមាជិកគណ:កម្មការដែលកំពុងមានវត្តមាននៅទីនេះស្រាប់។ ដូច្នេះ មន្ត្រីក្នុងដែនជំនាញពាក់ព័ន្ធគ្រប់អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តចុះរឹបអូសឱសថក្លែងក្លាយ និងលុបបំបាត់រាល់សេវាសុខាភិបាលល្មើសច្បាប់ប្រកបដោយប្រសិទ្ធភាពដើម្បីសុខុមាលភាពប្រជាពលរដ្ឋទូទាំងខេត្ត។ បន្ថែមលើនេះ ក្រុមការងារត្រូវបន្តណែនាំដល់គ្រប់ម្ចាស់ឱសថស្ថាន និងកន្លែងផ្តល់សេវាសុខាភិបាលត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ព្រមទាំងអនុវត្តឲ្យបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងច្បាប់ដែលបានកំណត់ជាធរមាន។

លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពតបានបញ្ជាក់ថា បច្ចុប្បន្ន ការផ្តល់អាជ្ញាប័ណ្ណបម្រើសេវាសុខាភិបាលបានធ្វើនៅថ្នាក់ការិយាល័យច្រកចេញចូលតែមួយ។ ដូច្នេះ អាជ្ញាធរក្រុងស្រុកត្រូវតាមដានពិនិត្យមើល ក្នុងករណីកន្លែងផ្តល់សេវាសុខាភិបាលណាមួយហួសសុពលភាពអាជ្ញាប័ណ្ណ ឬមិនទាន់ទទួលបានច្បាប់គឺមិនអនុញ្ញាតឲ្យដំណើរការជាដាច់ខាត។ ចំណែកអ្នកដើរចាក់ថ្នាំតាមភូមិក៏ត្រូវលុបបំបាត់ឲ្យអស់ ព្រោះមិនមានច្បាប់ណាមួយអនុញ្ញាតទេ។ ទាំងនេះជាសេចក្តីណែនាំផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល៕