សេដ្ឋកិច្ច

ក្រុមហ៊ុនខ្មែរហ្គ្រីនឆាលខូលចាប់ដៃគូសហការថ្មីដើម្បីបង្កើនការផលិតធ្យូងសុខភាពសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកនិងការនាំចេញ

ដោយ៖ប្រសិទ្ធ

ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរហ្គ្រីន ឆាខូល(Khmer Green Charcoal – KGC) ឯ.ក បានចាប់ដៃគូសហការថ្មីជាមួយនឹងក្រុមហ៊ុន ហេរីធេច គ្រុប ឯ.ក ដើម្បីឈានទៅបង្កើនការផលិតធ្យូងអនាម័យសុខភាពនៅកម្ពុជាសម្រាប់ផ្គត់ផ្គង់ឲ្យការប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។

(ពិធីចុះហត្ថលេខាវិនិយោគរួមគ្នា រវាងក្រុមហ៊ុន ហេរីធេច គ្រុប ឯ.ក និង ខ្មែរហ្គ្រីន ឆាលខូល ឯ.ក)

ក្រុមហ៊ុន ខ្មែរហ្គ្រីន ឆាលខូល ឯ.ក គឺជាក្រុមហ៊ុនដ៏ធំមួយនិងដំបូងគេនៅកម្ពុជា ដែលបានកែច្នៃផលិតធ្យូងអនាម័យគិតគូរទៅដល់សុខភាពអ្នកប្រើប្រាស់និងបរិស្ថាន។ នាល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ នៅទីស្នាក់ការសហគ្រិនខ្មែរស្ថិតនៅអគារប៊ីឌីស៊ី(BDC)ជាន់ទី៩ ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញបានរៀបចំពិធីចុះហត្ថលេខាវិនិយោគរួមគ្នា រវាងក្រុមហ៊ុន ហេរីធេច គ្រុប ឯ.ក និង ខ្មែរហ្គ្រីន ឆាលខូល ឯ.ក ដើម្បីធ្វើយ៉ាងណាពង្រឹង និងពង្រីកការផលិត ផលិតផលរបស់ខ្លួនឲ្យបានកាន់តែច្រើន សម្រាប់ការចែកចាយក្នុងស្រុក និងនាំចេញទៅកាន់ក្រៅប្រទេស ដើម្បីបំពេញតម្រូវការទីផ្សារអតិថិជន ដែលកំពុងតែមានការកើនឡើងជាលំដាប់។

(លោកជុំ វិចិត្ត អគ្គនាយកក្រុមហ៊ុនខ្មែរហ្គ្រីន ឆាលខូល(Khmer Green Charcoal – KGC)ឯ.ក)

លោក ជុំ វិចិត្ត ជាអគ្គនាយកក្រុមហ៊ុន ខ្មែរហ្គ្រីន ឆាលខូល ឯ.ក បានបញ្ជាក់ឲ្យដឹងថា គោលបំណងសំខាន់នៃការចុះអនុស្សរណៈយោគយល់គ្នាក្នុងការវិនិយោគនេះ គឺដើម្បីឲ្យពិភពលោកបានស្គាល់ពីកម្ពុជា ថាកម្ពុជាក៏អាចមានសមត្ថភាពផលិតធ្យូងធម្មជាតិបានដែរ ពោលគឺមិនចាញ់បណ្ដាប្រទេសក្នុងពិភពលោកនោះឡើយ។ លើសពីនេះទៅទៀត ការផលិតធ្យូងអនាម័យសុខភាពគឺជាក្តីស្រមៃរបស់លោក ដោយលោកបានដឹងថា ទោះបីសម័យបច្ចេកវិទ្យាមានភាពជឿនលឿនយ៉ាងណាក៏ដោយចុះ ក៏ផលិតផលធ្យូងនៅតែមាននិរន្តរភាពនៃការប្រើប្រាស់ចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃដែរ។

ម្យ៉ាងវិញទៀត ការផលិតធ្យូងសុខភាពអនាម័យនេះ ក៏បានរួមចំណែកនៅក្នុងការកាត់បន្ថយការកាប់ព្រៃឈើខុសច្បាប់, បង្កើតការងារជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងការកាត់បន្ថយកាកសំណល់មួយចំនួនផងដែរ។ តួយ៉ាងការផលិតធ្យូងនេះគឺយកវត្ថុធាតុដើមដូចជាពីសម្បកដូង សម្បកពោត ស្នូលពោត សម្បកត្នោត សម្បកទុរេន កាកអំពៅ និងកាកសំណល់ផ្សេងៗ ជាដើម ដើម្បីបំពេញនៅក្នុងការផលិត។

លោកអគ្គនាយកបានឲ្យដឹងបន្ថែមទៀតថា ធ្យូងអនាម័យសុខភាពនេះ ងាយស្រួលប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ មិនហុយផ្សែង មិនផ្ទុះ មិនប៉ះពាល់ដល់សុខភាពមនុស្ស ចំណេញថវិកានៅក្នុងការប្រើប្រាស់ដោយសារធ្យូងនេះមានតម្លៃធូរថ្លៃ។ លោកថាធ្យូងនេះបានផលិតចេញជាបីប្រភេទ ហើយបច្ចុប្បន្នការផលិតរបស់ក្រុមហ៊ុន គឺមានចន្លោះចាប់ពី ១០០ ទៅ ១២០ តោននៅក្នុងមួយខែៗ។ របាយការណ៍របស់ UNDP មានជាង ៤០ ម៉ឺនតោន នៅក្នុងមួយឆ្នាំ។ ដូច្នេះហើយ បានជាលោកបង្កើនដៃគូសហការនៅក្នុងការផលិត និងនាំចេញ ដើម្បីបំពេញតម្រូវការទីផ្សារ ដែលលោករំពឹងថា បន្ទាប់ពីចុះអនុស្សរណៈនៃវិនិយោគនេះទៅ ការផលិតនិងមានការកើនឡើងចន្លោះពី ៣០០ ទៅ ៥០០ តោន ក្នុងមួយខែ។

លោកជុំ វិចិត្ត អគ្គនាយកក្រុមហ៊ុនខ្មែរហ្គ្រីន ឆាលខូល(Khmer Green Charcoal – KGC)ឯ.ក ក៏បានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះការចែកចាយនិងនាំចេញវិញ គឺនៅក្នុងស្រុក យើងបានដាក់នៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងទីតាំងសំខាន់ៗ ជាច្រើនកន្លែងទៀត រាប់ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តក្រុងផ្សេងៗ។ នៅក្នុងនោះយើងក៏បាននាំចេញទៅបណ្តាប្រទេសមានដូចជា៖ អាល្លឺម៉ង់,ជប៉ុន, កូរ៉េខាងត្បូង, តៃវ៉ាន់ និងពេលដ៏ខ្លីខាងមុខនេះ យើងនឹងនាំចេញទៅកាន់ប្រទេសអេម៉ីរ៉ាត់អារ៉ាប់រួម ថែមទៀតផង៕