ដោយ : បន្ទាយ
បន្ទាយមានជ័យ :ចមន្ត្រីសង្ឃ អាជ្ញាធរនិងជំនាញថា គណៈគ្រប់គ្រងវត្តត្រូវបញ្ចៀសអធិករណ៍ រក្សាសាមគ្គីភាព ដឹកនាំកសាងវត្តនិងពុទ្ធបរិស័ទធ្វើបុណ្យទាន។ក្នុងនោះក៏ត្រូវបន្តពង្រឹងគុណភាព របស់សមណ:សិស្សដែលកំពុងសិក្សារៀនសូត្រ និងធ្វើការគ្រប់គ្រងកិច្ចការផ្សេងៗនៅក្នុងវត្ត ។នេះបើតាមមន្ត្រីជំនាញនិងមន្ត្រីសង្ឃបានឲ្យដឹងកាលពីរសៀលថ្ងៃទី១៤ខែមករា ឆ្នាំ២០២៥ ។
ពិធីនោះប្រព្រឹត្តទៅក្រោមព្រះអធិបតីភាពលោក យឹមសំណាង អភិបាលរងខេត្ត និងព្រះសមណ:ញាណណាប់ ម៉ឺន ព្រះបាឡាត់គណខេត្ត ,ព្រះគ្រូសោភ័ណ ប៉ាត សុគន្ធអនុគណក្រុងសិរីសោភ័ណនិងលោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត។
មន្ត្រីសង្ឃបានអានសេចក្តីសម្រេចរបស់គណសង្ឃ សង្ឃខេត្តនិងមន្ទីរធម្មការខេត្តបានតែងតាំងគណៈគ្រប់គ្រងនៃវត្តធម្មសាមគ្គីពង្រ :គឺ១-ព្រះភិក្ខុចន្ទប្បជ្ជោតោ ទន់ សុមនា ពីគ្រូសូត្រស្តាំឡើងជាព្រះចៅអធិការស្តីទីវត្ត ,២-ភិក្ខុខេមឃោសកោ អ៊ូ គឹមញ៉ាន ជាគ្រូសូត្រស្តាំស្តីទីនិង៣-ភិក្ខុឯកចរតោពន្លក វ៉ាន់ធី ជាគ្រូសូត្រឆ្វេងស្តីទី។
ព្រះគ្រូប៉ាត សុគន្ធនិងព្រះសមណ:ញាណណាប់ម៉ឺនមាន សង្ឃដីកាថា : ប្រទេសមានសុខសន្តិភាព ។ ដូច្នេះតាមទីអារាមនានាត្រូវតែមានសន្តិភាព គ្មានអធិករណ៍ គ្មានទំនាស់ផងដែរ ។
ដូច្នេះការប្រកាសចូលកាន់តំណែង គណ:គ្រប់គ្រងសង្ឃវត្តសាមគ្គីពង្រនាថ្ងៃនេះគឺមានសារសំខាន់ចំពោះការគ្រប់គ្រងទូទៅក្នុងវត្តពិសេសការគ្រប់គ្រង សមណ:សិស្សកំពុងសិក្សារៀនសូត្របន្តរលូនជោគជ័យ ,ថែរក្សា ការពារគរុភណ្ឌ និងបន្តខិតខំកសាងសមិទ្ធផលវត្តបន្ថែមទៀត ,ដឹកនាំព្រះសង្ឃ អាចារ្យនិងពុទ្ធបរិស័ទគោរពប្រណិប័តន៍ធម៌ លើកកម្ពស់ព្រះពុទ្ធសាសនា…។
ចំពោះការបញ្ចៀសនូវអធិករណ៍ឬវិបត្តិទំនាស់ផ្សេងៗ ចៅអធិការនិងគ្រូសូត្រគឺត្រូវពង្រឹង សាមគ្គីភាព ឯកភាព បែងចែកតួនាទី ភារកិច្ចឲ្យអនុវត្តនិងទទួលខុសត្រូវបានច្បាស់លាស់ ហើយចេះចែករំលែក ចេះយោគយល់អធ្យាស្រ័យគ្រវាង គណៈកម្មការ ព្រះសង្ឃ ទើបគ្រប់គ្នានិងវត្តបានសុខមានភាពសុខសាន្តហើយ។
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា : សាសនាគឺជាប្រភពផ្តល់នូវគុណតម្លៃដ៏សំខាន់ដែលមានឥទ្ធិពលលើរបបនយោបាយបែបវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរ ច្បាប់នៅក្នុងសង្គមនីមួយៗ ។
ក្នុងបរិបទនេះការអប់រំតាម សាសនាកាន់តែមានតួនាទីចាំបាច់ដើម្បីធានាថាការរីកចម្រើនត្រូវស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់យុត្តិធម៌ សមធម៌ សុជីវធម៌ សីលធម៌គុណធម៌។
ចុងបញ្ចប់កម្មវិធីបានរៀបចំពិធី ស្រោចស្រពសុគន្ធវារីព្រះចៅអធិការវត្តថ្មី គ្រូសូត្រឆ្វេងនិងគ្រូសូត្រស្ដាំផងដែរ ៕