ប្រែសម្រួល៖តារា
ក្រុមបាសេឡូណាបានត្រលប់មកឈ្នះក្រុមរៀលម៉ាឌ្រីដ ៥-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ស៊ុបពែគោប៉ាអេស្ប៉ាញកាលពីថ្ងៃអាទិត្យ ដោយទាត់បញ្ចូលទីបាន ៤គ្រាប់ក្នុងវគ្គទីមួយដ៏ល្អឥតខ្ចោះ និងអាចបន្តការប្រកួតបានទោះបីអ្នកចាំទីត្រូវបណ្ដេញចេញពីទីលានក៏ដោយ ដើម្បីឈ្នះពានរង្វាន់ជាលើកទី១៥។
កីឡាករ Lamine Yamal, Robert Lewandowski, Raphinha និង Alejandro Balde បានស៊ុតបញ្ចូលទីមុនចប់វគ្គទីមួយ បន្ទាប់ពីខ្សែប្រយុទ្ធបារាំង Kylian Mbappe ជួយឱ្យរៀលនាំមុខនៅនាទីទី៥។ Raphinha បានបន្ថែមមួយគ្រាប់ទៀតក្នុងវគ្គទីពីរ ខណៈ Rodrygo ស៊ុតបញ្ចូលទីសម្រាប់រៀល។
បាសេឡូណាបានបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះដើម្បីឈ្នះពានរង្វាន់ដំបូងរបស់ខ្លួនក្នុងរយៈពេលជាងមួយឆ្នាំ បន្ទាប់ពីរដូវកាលមុនមិនបានឈ្នះពានអ្វីសោះ។
គ្រូបង្វឹកបាសេឡូណា Xavi Hernández បាននិយាយក្នុងសន្និសីទសារព័ត៌មានក្រោយពេលឈ្នះពានរង្វាន់ដំបូងរបស់លោកថា “គោលដៅរបស់ក្លិបធំៗគឺត្រូវតែឈ្នះពាន។ នេះហើយជាមូលហេតុដែលយើងខិតខំប្រឹងប្រែង។ ប៉ុន្តែឥឡូវយើងត្រូវបង្ហាញវាក្នុងការប្រកួតបន្ទាប់ទៀត។”
“រៀលបានធ្វើកំហុសជាច្រើន ហើយយើងបានឆ្លៀតឱកាសទាញយកផលប្រយោជន៍ដើម្បីគ្រប់គ្រងការប្រកួត។”
បាសាបានរារាំងរៀលមិនឱ្យឈ្នះពានទីបីរបស់ពួកគេក្នុងរដូវកាលនេះ បន្ទាប់ពីពួកគេឈ្នះពាន European Super Cup ទល់នឹងក្រុម Atalanta និងឈ្នះក្រុម Pachuca របស់ម៉ិកស៊ិកក្នុងការប្រកួតដណ្ដើមពាន Intercontinental Cup កាលពីខែមុន។
គ្រូបង្វឹករៀលម៉ាឌ្រីដលោកCarlo Ancelotti បាននិយាយថា “ក្នុងវគ្គទីមួយយើងមិនបានលេងបាល់ទាត់ទេ យើងគ្រាន់តែទាត់បាល់វែងៗប៉ុណ្ណោះ ហើយនោះមិនមែនជាគម្រោងរបស់យើងទេ។”
“ខ្ញុំបានប្រាប់កីឡាករថា ពួកគេអាចចាញ់ការប្រកួតបាន ប៉ុន្តែមិនមែនចាញ់បែបដែលយើងលេងក្នុងវគ្គទីមួយនោះទេ។”
Mbappe បានជួយឱ្យជើងឯកអេស្ប៉ាញនាំមុខមុន ដោយបញ្ចប់ការរត់តែម្នាក់ឯងពីពាក់កណ្ដាលទីលាន ជាមួយនឹងការស៊ុតបញ្ចូលទីនៅជ្រុងឆ្ងាយ។
ប៉ុន្តែអ្វីដែលមើលទៅដូចជាការចាប់ផ្ដើមដ៏ល្អ បានក្លាយជាសុបិន្តអាក្រក់សម្រាប់កូនក្រុមរបស់ Ancelotti នៅពេលដែល Yamal តាមស្មើឱ្យបាសេឡូណាវិញនៅនាទីទី២២។ ខ្សែប្រយុទ្ធ Lewandowski បានជួយឱ្យក្រុមនាំមុន ១៤នាទីក្រោយមក ពីការទាត់ពិន័យ១១ម៉ែត្រ បន្ទាប់ពី Eduardo Camavinga ធ្វើខុសលើ Gavi។
Raphinha បានបង្កើនគម្លាតដោយការកាត់ក្បាលដ៏អស្ចារ្យពីការបញ្ជូនបាល់ឆ្លងកាត់របស់ Jules Kounde នៅនាទីទី៣៩ ហើយខ្សែការពារឆ្វេង Balde បានបន្ថែមគ្រាប់ទីទី៤សម្រាប់បាសានៅក្នុងម៉ោងបន្ថែមក្រោយពេលដែលអាជ្ញាកណ្ដាលបន្ថែមពេល ៩នាទី។
Yamal បានបញ្ជូនបាល់យ៉ាងច្បាស់ទៅឱ្យ Raphinha បន្ទាប់ពីការទាត់ជ្រុងដ៏អន់របស់រៀលម៉ាឌ្រីដ មុនពេលដែលខ្សែប្រយុទ្ធប្រេស៊ីលរូបនេះទុកបាល់ឱ្យ Balde ដែលស៊ុតបញ្ចូលទីយ៉ាងងាយស្រួល។
រៀលចាប់ផ្ដើមវគ្គទីពីរជាមួយនឹងការស៊ុតប៉ះរបាររបស់ Rodrygo ដែលបង្កើតក្ដីសង្ឃឹមថាការប្រកួតដ៏តានតឹងនេះអាចនឹងមានការផ្លាស់ប្ដូរ។
ប៉ុន្តែ Raphinha បានបំបាត់ក្ដីសង្ឃឹមនៃការត្រលប់មកវិញទាំងស្រុង នៅពេលដែលរូបគេស៊ុតបញ្ចូលទីធ្វើឱ្យលទ្ធផលក្លាយជា ៥-១ បីនាទីក្រោយចាប់ផ្ដើមវគ្គទីពីរ បន្ទាប់ពីស្លាប៉ូកាត់ការការពាររបស់រៀល។
បាសេឡូណាត្រូវនៅសល់កីឡាករតែ១០នាក់ នៅពេលដែលអ្នកចាំទី Marc-André ter Stegen ត្រូវបានបណ្ដេញចេញពីទីលាន ដោយសារការធ្វើខុសលើ Mbappe នៅនាទីទី៥៦ ហើយ Rodrygo បានស៊ុតបញ្ចូលទី។
ប៉ុន្តែរៀលម៉ាឌ្រីដ ដែលនាំមុខបាសេដល់ទៅ៥ពិន្ទុក្នុងតារាង LaLiga ក្រោយប្រកួត១៩លើក មិនមានឱកាសស៊ុតត្រូវចំគោលដៅបន្ថែមទៀតទេបន្ទាប់ពីការទាត់ពិន័យ រហូតដល់ការស៊ុតរបស់ Mbappe ត្រូវបានការពារដោយ Pena នៅក្នុងម៉ោងបន្ថែម។
បាសេឡូណាក៏បានបាត់បង់ខ្សែការពារ Inigo Martinez មុនពេលដល់នាទីទី៣០ ដោយសាររបួស ដោយមាន Ronald Araujo ចូលជំនួស។
បាសេឡូណានិងរៀលម៉ាឌ្រីដបានជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតនេះជាលើកទីបីជាប់ៗគ្នា ដោយក្រុមរបស់ Ancelotti ឈ្នះកាលពីឆ្នាំមុន ខណៈដែលបាសេលើកពាននេះក្នុងឆ្នាំ២០២៣។
បាសេឡូណាបានឈានដល់វគ្គផ្ដាច់ព្រ័ត្រដោយឈ្នះក្រុម Athletic Bilbao ដែលជាម្ចាស់ពានរង្វាន់ Copa del Rey បច្ចុប្បន្ន ២-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនពេលដែលរៀលម៉ាឌ្រីដបានយកឈ្នះលើក្រុម Mallorca ដែលជាក្រុមចាញ់ក្នុងវគ្គផ្ដាច់ព្រ័ត្រ Copa del Rey ឆ្នាំមុន ៣-០៕
ប្រភព៖ Reuters