សន្ដិសុខសង្គម

ជិះម៉ូតូដឹកបងថ្លៃទៅធ្វើការត្រឡប់មកវិញដួលបោកក្បាលស្លាប់នៅលើស្ពាន

ដោយ៖សហការី

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឌុបបងថ្លៃទៅធ្វើការ ពេលជិះត្រឡប់មកវិញបានដួលបោកទៅនឹងថ្នល់ស្លាប់នៅលើស្ពានមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១០នាទីយប់ថ្ងៃទី១២ខែមករាឆ្នាំ២០២៥ នៅលើស្ពានព្រែកព្នៅ ស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

អ្នកស្លាប់ឈ្មោះ ទេព សំណាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅសង្កាត់ឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាចខេត្តកំពត ។

តាមប្រភពព័ត៌មានពីបងស្រីថ្លៃសព បាននិយាយប្រាប់ថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានឌុបគាត់ពីបន្ទប់ជួលនៅម្តុំរង្វង់មូលអប្សរា សង្កាត់ស្វាយប៉ាកហើយឆ្លងស្ពានព្រែកព្នៅពីលិចទៅកើត លុះត្រឡប់មកវិញក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ឃើញដួលនៅលើស្ពានស្លាប់យ៉ាងអាណោចអាធ័ម ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេមិនដឹងថាជនរងនោះស្លាប់ដោយសារមូលហេតុអ្វីនៅឡើយ ដោយឃើញសភាពម៉ូតូជនរងគ្រោះខូចខាតតិចតួច ចំណែកជនរងគ្រោះវិញបែកក្បាលនិងរបួសពេញខ្លួនប្រាណ។

សមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុមានការសង្ស័យថាជនរងគ្រោះជិះម៉ូតូលឿនដួលបោកទៅនឹងផ្លូវស្ពានបណ្តាលឲ្យជនរងគ្រោះរបួសពេញខ្លួនប្រាណនិងស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌព្រែកព្នៅដើម្បីធ្វើការវាស់វែងនិងរង់ចាំស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពនៅចំណុចកើតហេតុ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕