អន្តរជាតិ

ភ្លើងឆេះព្រៃកំពុងរាលដាលយ៉ាងគ្រោះថ្នាក់នៅឡូសអានជឺលេស៖ សហគមន៍ថ្មីៗជាច្រើនកំពុងស្ថិតក្នុងគ្រោះថ្នាក់ ខណៈអណ្តាតភ្លើងធំបំផុតកំពុងរីករាលដាល

ប្រែសម្រួល៖ រតនា

មន្ត្រីពន្លត់អគ្គិភ័យកំពុងប្រណាំងប្រជែងជាមួយពេលវេលា ក្នុងការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដ៏គ្រោះថ្នាក់នៅឡូសអានជឺលេសអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយសារខ្យល់បក់ខ្លាំងនៅពេលយប់ និងដើមសប្តាហ៍ក្រោយ គ្រោងនឹងគំរាមកំហែងដល់វឌ្ឍនភាពដែលពួកគេសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើងនៅទូទាំងតំបន់។

ភ្លើងឆេះព្រៃប៉ាលីសាដ (Palisades Fire) នៅតំបន់ឆ្នេរសមុទ្រត្រូវបានគ្រប់គ្រងបាន១១ភាគរយ ប៉ុន្តែឥឡូវកំពុងតែផ្លាស់ទីឆ្ពោះទៅកាន់តំបន់ប្រិនវូដ (Brentwood) និងសហគមន៍ផ្សេងទៀតនៅជិតមជ្ឈមណ្ឌលហ្គេធធី (Getty Center) និងសាកលវិទ្យាល័យ UCLA។

ប្រជាពលរដ្ឋជាង១០០,០០០នាក់នៅតែស្ថិតក្រោមបញ្ជាឲ្យជម្លៀសចេញ ខណៈភ្លើងឆេះព្រៃអេតុន (Eaton Fire) នៅអល់តាដេណា (Altadena) និងភ្លើងឆេះកន្លែងផ្សេងទៀតនៅក្នុងខោនធីនេះនៅតែបន្តឆេះ។

មន្ត្រីបានបញ្ជាក់ថាមានមនុស្សយ៉ាងតិច១១នាក់បានស្លាប់ក្នុងភ្លើងឆេះព្រៃនាសប្តាហ៍នេះ ប៉ុន្តែនិយាយថាវានៅមិនទាន់មានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការវាយតម្លៃចំនួនសរុបពិតប្រាកដនៅឡើយទេ។ នេះគឺជាអ្វីដែលយើងដឹងអំពីជនរងគ្រោះរហូតមកដល់ពេលនេះ។

ទីភ្នាក់ងារ ATF នឹងដឹកនាំក្រុមការងារស៊ើបអង្កេតថ្មីមួយដែលស៊ើបអង្កេតអំពីប្រភពនៃភ្លើងឆេះព្រៃប៉ាលីសាដ មន្ត្រីបានប្រកាសកាលពីថ្ងៃសៅរ៍។

តាមការពិនិត្យមើលឡើងវិញរបស់ CNN ទៅលើការឆ្លើយតបគ្រាអាសន្នរបស់ក្រុងឡូសអានជឺលេសបង្ហាញថា កត្តាបង្កគ្រោះថ្នាក់ជាច្រើនបានរួមបញ្ចូលគ្នា ដែលជំរុញឱ្យធនធានរបស់ខោនធីលើសពីដែនកំណត់របស់ខ្លួន។

របៀបជួយ៖ សម្រាប់វិធីក្នុងការជួយប្រជាពលរដ្ឋខោនធីឡូសអានជឺលេស សូមចូលទៅកាន់គេហទំព័រ CNN Impact Your World៕