ប្រែសម្រួល៖តារា
កូឡាឡាំពួរ៖ យោងតាមទីភ្នាក់ងារព័ត៌មាន Bernama នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ារ អ៊ីប្រាហ៊ីម បានថ្លែងថា រដ្ឋាភិបាលមិនបានលាក់បាំងឯកសារណាមួយទាក់ទងនឹងការឃុំខ្លួននៅផ្ទះរបស់អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ដែលកំពុងជាប់ពន្ធនាគារនោះទេ។
ណាជីប ដែលត្រូវបានជាប់ពន្ធនាគារពាក់ព័ន្ធនឹងអំពើពុករលួយដ៏ធំបំផុតរបស់ប្រទេស កំពុងប្តឹងផ្លូវច្បាប់ដើម្បីបង្ខំឱ្យរដ្ឋាភិបាលបញ្ជាក់ពីអត្ថិភាព និងអនុវត្តលើ “បទបញ្ជាបន្ថែម” ដែលគាត់អះអាងថាត្រូវបានចេញដោយព្រះមហាក្សត្រអតីតកាល ជាមួយនឹងការលើកលែងទោសដែលគាត់ទទួលបានកាលពីឆ្នាំមុន ដែលអនុញ្ញាតឱ្យគាត់អាចអនុវត្តទោសនៅសល់នៅឯផ្ទះ។
អតីតនាយករដ្ឋមន្ត្រីរូបនេះត្រូវបានកាត់បន្ថយទោសពាក់កណ្តាលនៃទោស១២ឆ្នាំ តាមរយៈការលើកលែងទោសដោយព្រះមហាក្សត្រ អាល់-ស៊ុលតង់ អាប់ឌុលឡា អាហ្មាដ ស្សា ដែលជាប្រធានក្រុមប្រឹក្សាលើកលែងទោសពិសេស។ រជ្ជកាល៥ឆ្នាំរបស់ព្រះអង្គ ក្រោមប្រព័ន្ធរាជានិយមបង្វិលដ៏ពិសេសរបស់ម៉ាឡេស៊ី បានបញ្ចប់នៅខែមករា ឆ្នាំ២០២៤។
ណាជីប និងវិមានព្រះមហាក្សត្រអតីតកាល បានថ្លែងថាឯកសារនោះមានអត្ថិភាព ដោយក្រុមច្បាប់របស់ណាជីបបានថ្លែងថា អាជ្ញាធរមិនបានអើពើនឹងវា។
យោងតាម Bernama បានរាយការណ៍នៅថ្ងៃសៅរ៍ (ថ្ងៃទី១១ ខែមករា) ថា អាន់វ៉ារបានថ្លែងថា ឯកសារនោះត្រូវបានផ្ញើទៅអគ្គមេធាវី មិនមែនផ្ញើមកគាត់ ឬសមាជិកណាម្នាក់នៃក្រុមប្រឹក្សាលើកលែងទោសនោះទេ។
“អគ្គមេធាវីបន្ទាប់មកបានបញ្ជូនឯកសារនោះទៅវិមានព្រះមហាក្សត្រ នៅពេលមានការផ្លាស់ប្តូរព្រះមហាក្សត្រ ដោយសារព្រះមហាក្សត្រជាអធិបតីនៃក្រុមប្រឹក្សាលើកលែងទោស។ យើងមិនបានលាក់បាំងអ្វីទាំងអស់” អាន់វ៉ារបានថ្លែង។
កាលពីថ្ងៃសុក្រ ក្រសួងយុត្តិធម៌ម៉ាឡេស៊ីបានថ្លែងថា ខ្លួនមិនមានកត់ត្រាឯកសារណាមួយអនុញ្ញាតឱ្យមានការឃុំខ្លួននៅផ្ទះសម្រាប់ណាជីបទេ ហើយក៏មិនបានទទួលការជូនដំណឹង ឬការណែនាំជាផ្លូវការពីវិមានព្រះមហាក្សត្រអំពីបញ្ហានេះដែរ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងក៏បានថ្លែងថា ពួកគេមិនបានដឹងពីអត្ថិភាពនៃឯកសារបែបនេះដែរ។
ណាជីបត្រូវបានរកឃើញថាមានទោសក្នុងឆ្នាំ២០២០ ពីបទរំលោភភាពទុកចិត្តព្រហ្មទណ្ឌ និងការរំលោភអំណាច សម្រាប់ការទទួលថវិកាដោយខុសច្បាប់ដែលត្រូវបានក្លែងបន្លំពីអង្គភាពមួយនៃវិនិយោគិនរដ្ឋ 1Malaysia Development Berhad (1MDB)។ គាត់កំពុងជាប់ការជំនុំជម្រះពីបទពុករលួយក្នុងរឿងក្តីពាក់ព័ន្ធនឹង 1MDB ផ្សេងៗទៀត ហើយបដិសេធការប្រព្រឹត្តខុស។
តុលាការឧទ្ធរណ៍កាលពីថ្ងៃទី៦ ខែមករា បានបដិសេធការច្រានចោលការប៉ុនប៉ងតាមផ្លូវច្បាប់របស់ណាជីបក្នុងការទទួលបានឯកសារដែលគាត់អះអាងថា គួរអនុញ្ញាតឱ្យគាត់អនុវត្តទោសនៅសល់នៅផ្ទះ។ រឿងក្តីនេះនឹងត្រូវបញ្ជូនត្រលប់ទៅតុលាការវិញ ដើម្បីឱ្យចៅក្រមម្នាក់ទៀតជំនុំជម្រះ៕
ប្រភព៖ Reuters/as