ប្រែសម្រួល៖ ស-សម្បត្តិ
អ្នកវិទ្យាសាស្ត្របានរកឃើញស្នាមជើងដាយណូស័រជិត២០០ស្នាម ដែលមានអាយុកាលប្រមាណ១៦៦លានឆ្នាំ ត្រឡប់ទៅសម័យជូរ៉ាស៊ិកកណ្តាល នៅការដ្ឋានថ្មដឺវ៉រស៍ហ្វាម ក្នុងខេត្តអុកស្វឺដសៀរ ប្រទេសអង់គ្លេស។
ការរកឃើញដ៏គួរឱ្យកត់សម្គាល់នេះ ត្រូវបានគេសង្កេតឃើញដំបូងក្នុងឆ្នាំ២០២៣ នៅពេលដែលកម្មករការដ្ឋានថ្ម ហ្គេរី ចនសុន បានកត់សម្គាល់ឃើញ “ដំណើរខុសប្រក្រតី” នៅលើដី ខណៈពេលកំពុងជីកយកថ្មកំបោរសម្រាប់ការសាងសង់ផ្លូវ។ តំបន់នេះត្រូវបានគេហៅថា “ផ្លូវដាយណូស័រ” ដោយសារមានផ្លូវដើរជាច្រើនដែលបន្សល់ទុកដោយសត្វបុរាណទាំងនេះ។
ខណៈពេលដែលផ្លូវដើរសម័យជូរ៉ាស៊ិកផ្សេងទៀតត្រូវបានរកឃើញនៅទូទាំងពិភពលោក ការរកឃើញ “ផ្លូវ” ថ្មីៗនេះនៅអុកស្វឺដសៀរ គឺជាតំបន់ស្នាមដាយណូស័រធំជាងគេដែលគេស្គាល់នៅក្នុងចក្រភពអង់គ្លេស។
អ្នកស្ម័គ្រចិត្តប្រមាណ១០០នាក់មកពីសាកលវិទ្យាល័យប៊ីមីងហាម និងសាកលវិទ្យាល័យអុកស្វឺដ បានសហការគ្នាកាលពីខែមិថុនាកន្លងទៅអស់រយៈពេលមួយសប្តាហ៍ ដើម្បីជីកស្រាវជ្រាវស្នាមជើងទាំងនោះ និងកត់ត្រាព័ត៌មានឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន អំពីតំបន់ដ៏ធំធេងនេះ។
ការរកឃើញនេះមានសារៈសំខាន់ពិសេស ដោយសារវាត្រូវនឹងខួបទី២០០នៃការរកឃើញដាយណូស័រដំបូងគេ គឺដាយណូស័រមេហ្គាឡូសរុស ដែលត្រូវបានរកឃើញនៅអុកស្វឺដសៀរក្នុងឆ្នាំ១៨២៤។
សាស្ត្រាចារ្យ ឃឺស្ទី អេដហ្គា នៃសាកលវិទ្យាល័យប៊ីមីងហាម ដែលបានចូលរួមក្នុងការជីកកកាយនេះបានមានប្រសាសន៍ថា “តំបន់នេះមានកេរ្តិ៍ដំណែលយូរអង្វែងនៃស្នាមដាយណូស័រនិងផូស៊ីលដ៏គួរឱ្យរំភើប”។
ស្នាមជើងដែលទើបរកឃើញថ្មីៗនេះ ភ្ជាប់ទៅនឹងផ្លូវដាយណូស័រដែលបានរកឃើញពីមុននៅក្នុងការដ្ឋានថ្មដដែលនេះកាលពីឆ្នាំ១៩៩៧ ប៉ុន្តែបច្ចុប្បន្នលែងអាចចូលទៅដល់។
ទោះយ៉ាងណា ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា ផ្លូវថ្មីទាំងនេះនឹងផ្តល់ឱកាសឱ្យអ្នកវិទ្យាសាស្ត្រវិភាគព័ត៌មានដែលមិនធ្លាប់មានពីមុន អំពីសត្វដែលបានផុតពូជទាំងនេះ និងបកស្រាយអាថ៌កំបាំងអំពីចលនា ទម្លាប់ស៊ីចំណី និងទំនាក់ទំនងសង្គមរបស់ពួកវា។
• ផែនទីបុរាណ
ក្នុងអំឡុងពេលជីកកកាយ អ្នកវិទ្យាសាស្ត្របានរកឃើញផ្លូវធំៗចំនួន៥ ដែលផ្លូវបន្តដ៏វែងបំផុតមានប្រវែងជាង១៥០ម៉ែត្រ (៤៩២ហ្វីត) យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យប៊ីមីងហាម។
ផ្លូវចំនួន៤ មានស្នាមជើងពីដាយណូស័រស៊ីស្មៅដែលមានបួនជើង មានកធំ និងកវែង នៃក្រុមរងដែលស្គាល់ថាជាសរូប៉ូដ — ភាគច្រើនជាប្រភេទសេទីយូសរុស ដែលមានប្រវែងរហូតដល់១៨ម៉ែត្រ (៥៩ហ្វីត) ដោយស្នាមជើងធំបំផុតមានប្រវែង៩០សង់ទីម៉ែត្រ (ប្រហែល៣៥អ៊ីញ) យោងតាមលោកស្រី អេដហ្គា។
លោក ឡរិនស៍ ថេនណឺ ជាអ្នកអេកូឡូស៊ីបុរាណ និងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រជីវសាស្ត្រនិងបរិស្ថាន នៅមហាវិទ្យាល័យឡឺម៉ូយន៍ ក្នុងទីក្រុងស៊ីរ៉ាគ្យូស រដ្ឋញូវយ៉ក បានប្រៀបធៀបសរូប៉ូដទៅនឹងដំរីសម័យទំនើប ដោយសារទំហំដ៏ធំនិងរបបអាហារស៊ីរុក្ខជាតិរបស់ពួកវា។ លោកបានពន្យល់ថា ស្នាមជើងភាគច្រើនគឺជាស្នាមជើងក្រោយ ដោយកត់សម្គាល់ថា ដូចដំរីដែរ សរូប៉ូដមានជើងក្រោយធំជាង ហើយជាញឹកញាប់ជាន់លើស្នាមដែលបន្សល់ទុកដោយជើងមុខរបស់ពួកវា។
“ច្បាប់ទូទៅនៃចលនាគឺថា កាលណាសត្វផ្លាស់ទីលឿនជាង ស្នាមជើងនឹងនៅឆ្ងាយពីគ្នាជាង” លោក ថេនណឺ ដែលមិនបានចូលរួមក្នុងការជីកកកាយនេះបាននិយាយ។
ផ្លូវទី៥មានស្នាមជើងពីមេហ្គាឡូសរុស ដែលជាដាយណូស័រសាហាវធំមួយប្រភេទ ដែលល្បីល្បាញដោយសារជើងបីក្រចករបស់វា។ មេហ្គាឡូសរុសត្រូវបានគេជឿថាមានប្រវែងរហូតដល់៩ម៉ែត្រ (៣០ហ្វីត) ហើយនៅអុកស្វឺដសៀរ អ្នកស្រាវជ្រាវបានរកឃើញស្នាមជើងដែលមានប្រវែង៦៥សង់ទីម៉ែត្រ (២,១ហ្វីត)។
ពីស្នាមជើង អ្នកស្រាវជ្រាវក៏អាចកំណត់បានទិសដៅនិងល្បឿនដែលដាយណូស័រកំពុងផ្លាស់ទី។ សត្វយក្សភាគច្រើនកំពុងផ្លាស់ទីទៅទិសឦសាន ក្នុងល្បឿនមធ្យមប្រមាណ៥គីឡូម៉ែត្រក្នុងមួយម៉ោង (៣ម៉ាយក្នុងមួយម៉ោង) ដែលប្រហាក់ប្រហែលនឹងល្បឿនមនុស្សដើរ នេះបើតាមលោកស្រី អេដហ្គា។
អ្នកវិទ្យាសាស្ត្រជឿថា ទេរ៉ូប៉ូដធំៗ ដូចជាមេហ្គាឡូសរុស មិនមានសមត្ថភាពរត់ទេ មិនដូចទេរ៉ូប៉ូដតូចៗ ដែលអាចមានសមត្ថភាពរត់យ៉ាងលឿន។ លោក ថេនណឺ បាននិយាយថា ទេរ៉ូប៉ូដនេះហាក់ដូចជាកំពុងផ្លាស់ទីក្នុងល្បឿនយឺត ដូចដែលបានបង្ហាញតាមរយៈស្នាមជើង។
អ្នកស្រាវជ្រាវបានកត់សម្គាល់ថា ផ្លូវមេហ្គាឡូសរុសកាត់គ្នាជាមួយផ្លូវសរូប៉ូដ ដែលបង្ហាញថាសត្វរំពាផ្លាស់ទីឆ្លងកាត់តំបន់នេះបន្តិចបន្ទាប់ពីសត្វស៊ីស្មៅ។
ខណៈពេលដែលវាពិបាកក្នុងការកំណត់ថាតើដាយណូស័រកំពុងឆ្ពោះទៅទីណា លោក ថេនណឺ បានបង្ហាញថា ពួកវាប្រហែលជាកំពុងធ្វើដំណើរតាមឆ្នេរដើម្បីចៀសវាងដើមឈើ ឬស្វែងរកប្រភពអាហារ។
• លក្ខខណ្ឌល្អឥតខ្ចោះសម្រាប់ការរក្សាទុក
ការរក្សាទុកផ្លូវបុរាណដ៏ធំមហិមាបែបនេះ កម្រនឹងកើតមានណាស់ ហើយអាចធ្វើទៅបានដោយសារ លក្ខខណ្ឌដ៏ពិសេសនៃដីក្នុងអំឡុងពេលនៃសម័យជូរ៉ាស៊ិកនេះ។
ស្នាមជើងច្បាស់ៗទាំងនេះបង្ហាញថា តំបន់នេះធ្លាប់គ្របដណ្តប់ដោយកំណកទន់ៗ ជាមួយនឹងបរិមាណទឹកល្អឥតខ្ចោះសម្រាប់ការរក្សាទុកស្នាមទាំងនេះ។
លោកស្រី អេដហ្គា បានប្រៀបធៀបបរិស្ថានបុរាណនៃតំបន់នេះទៅនឹងកោះហ្វ្លរីដា ជាមួយនឹងផ្ទាំងភក់កាបូណាតរបស់វា និងប្រភពទឹកនៅក្បែរនោះ។
ស្នាមជើងទាំងនេះក៏ត្រូវបានគ្របដណ្តប់យ៉ាងឆាប់រហ័ស ទំនងជាដោយសារព្យុះ ដែលការពារពួកវាពីការសឹករិចរិលដោយសារខ្យល់ ទឹក ឬសត្វផ្សេងទៀត យោងតាមលោកស្រី អេដហ្គា។
ខណៈពេលដែលការរកឃើញឆ្អឹងសម័យជូរ៉ាស៊ិកតែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ស្នាមជើងដាយណូស័រផ្តល់នូវទស្សនៈកាន់តែជាក់លាក់អំពីជីវិតរបស់សត្វផុតពូជទាំងនេះ នេះបើតាមលោកស្រី អេដហ្គា។ ខុសពីឆ្អឹង ដែលអាចត្រូវបានផ្លាស់ទីទៅកន្លែងផ្សេងដោយខ្យល់ ទឹក ឬសត្វស៊ីសាកសព ស្នាមជើងនៅតែស្ថិតនៅទីតាំងដើមដែលពួកវាត្រូវបានបង្កើតឡើង។
ស្នាមជើងមិនគ្រាន់តែបង្ហាញពីទំហំរបស់ដាយណូស័រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ព័ត៌មានអំពីឥរិយាបថរបស់ពួកវា ដូចជាទំនាក់ទំនងក្រុម និងអន្តរកម្មរវាងសត្វរំពានិងសត្វរងគ្រោះ។ ប្រសិនបើរក្សាទុកបានល្អ ស្នាមទាំងនេះក៏អាចបង្ហាញពីរបៀបដែលសត្វទាំងនេះឆ្លើយតបទៅនឹងការផ្លាស់ប្តូរបរិស្ថានផងដែរ យោងតាមលោក ថេនណឺ។
លោកស្រី អេដហ្គា បាននិយាយថា “វាដូចជាការថតរូបភាពមួយសន្លឹកអំពីថ្ងៃមួយនៃជីវិត (ដាយណូស័រ) និងអ្វីដែលពួកវាកំពុងធ្វើ”។
• ការរៀបចំផែនការសម្រាប់ការរកឃើញនាពេលអនាគត
ក្នុងអំឡុងពេលជីកកកាយ អ្នកស្រាវជ្រាវបានថតរូបភាពជាង២០.០០០សន្លឹកនៃស្នាមជើងទាំងនេះដោយប្រើដ្រូនថតពីលើអាកាស។ ក្រុមការងារនឹងប្រើរូបភាពទាំងនេះដើម្បីបង្កើតគំរូ៣D លម្អិត ដើម្បីសិក្សាបន្ថែមអំពីអន្តរកម្មនិងជីវយន្តសាស្ត្ររបស់ដាយណូស័រទាំងនេះ។
ក្នុងរយៈពេល៦ខែទៅ១ឆ្នាំខាងមុខ អ្នកស្រាវជ្រាវនឹងធ្វើការយ៉ាងរហ័សដើម្បីវិភាគទិន្នន័យដែលប្រមូលបាន និងរៀបចំផ្សព្វផ្សាយលទ្ធផលរបស់ពួកគេជាសាធារណៈ។
លោកស្រី អេដហ្គា បាននិយាយថា “យើងមានគំរូ៣D ទាំងនេះជាលើកដំបូង ដែលមានន័យថា នរណាក៏ដោយ នឹងអាចមើលឃើញទីតាំងនិងកេរ្តិ៍ដំណែលនេះ នៅពេលដែលយើងបោះពុម្ពផ្សាយវា”។
ដោយសារពេលវេលាមានកំណត់ដែលអ្នកស្រាវជ្រាវមានដើម្បីកត់ត្រាទីតាំងនេះ ដើម្បីជៀសវាងការរំខានបន្ថែមដល់ការដ្ឋានថ្ម លោកស្រី អេដហ្គា បានកត់សម្គាល់ថា ផ្នែកធំនៃផ្ទៃនៅមិនទាន់បានរុករកនៅឡើយ ដែលអាចផ្តល់ព័ត៌មានបន្ថែមអំពីសត្វចម្រុះដែលធ្លាប់រស់នៅក្នុងតំបន់នេះ។
លោកស្រី អេដហ្គា បាននិយាយថា “ដរាបណាការជីកថ្មនៅតែបន្ត ដរាបណាយើងអាចធ្វើបាន ខ្ញុំគិតថាយើងនឹងបន្តវាយតម្លៃនិងធ្វើការជាមួយកម្មករការដ្ឋានថ្មនៅពេលដែលតំបន់ថ្មីៗត្រូវបានបើកចំហ។ យើងសង្ឃឹមថានឹងអាចធ្វើការជីកកកាយរៀងរាល់រដូវក្តៅ៕”
ប្រភព៖ CNN