អន្តរជាតិ

ដូណាល់ ត្រាំ រិះគន់ថ្នាក់ដឹកនាំរដ្ឋកាលីហ្វ័រញ៉ា ថា «អសមត្ថភាព» ក្នុងការឆ្លើយតបនឹងភ្លើងឆេះព្រៃ

ប្រែសម្រួល៖រតនា
ឡូសអានជឺលេស៖ លោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចោទប្រកាន់មន្ត្រីរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃអាទិត្យ (១២ មករា) ថាអសមត្ថភាពក្នុងការដោះស្រាយអគ្គិភ័យដ៏កាចសាហាវដែលកំពុងឆាបឆេះជុំវិញទីក្រុងឡូសអានជឺលេស។

“ភ្លើងនៅតែកំពុងឆេះនៅឡូសអានជឺលេស។ អ្នកនយោបាយអសមត្ថភាពទាំងនេះមិនដឹងថាត្រូវពន្លត់វាយ៉ាងណាទេ” នេះជាការថ្លែងរបស់លោកត្រាំនៅលើវេទិកា Truth Social របស់លោក។

“នេះគឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រប្រទេសរបស់យើង។ ពួកគេមិនអាចពន្លត់ភ្លើងបានទេ។ តើមានបញ្ហាអ្វីជាមួយពួកគេ?” លោកបានសរសេរ។

ល្បឿននិងភាពរុនដៃនៃអគ្គិភ័យដែលកំពុងបំផ្លាញទីក្រុងឡូសអានជឺលេសបានសាកល្បងហេដ្ឋារចនាសម្ព័ន្ធពន្លត់អគ្គិភ័យរបស់ខ្លួន និងបានបង្កើតឱ្យមានសំណួរនិងការរិះគន់អំពីការត្រៀមខ្លួនរបស់រដ្ឋ។

បំពង់ទឹកពន្លត់អគ្គិភ័យបានរីងស្ងួតនៅក្នុងតំបន់ Pacific Palisades ខណៈដែលវាត្រូវបានបំផ្លាញដោយភ្លើងឆេះមួយក្នុងចំណោមភ្លើងឆេះទាំងប្រាំនៅក្នុងតំបន់ ខណៈដែលការខ្វះខាតទឹកក៏បានរារាំងកិច្ចខិតខំប្រឹងប្រែងនៅកន្លែងផ្សេងទៀតផងដែរ។

នៅសល់ពេលជិតមួយសប្តាហ៍ទៀតមុនពេលលោកត្រឡប់ទៅសេតវិមានវិញ លោកត្រាំបានចាប់ផ្តើមធ្វើការចោទប្រកាន់ដោយគ្មានភស្តុតាងជាបន្តបន្ទាប់ដោយចោទថា អភិបាលរដ្ឋកាលីហ្វ័រញ៉ាមកពីគណបក្សប្រជាធិបតេយ្យ លោក ហ្គាវិន ញូសុម មានភាពបរាជ័យក្នុងការឆ្លើយតបនឹងអគ្គិភ័យនេះ។

ជាមួយគ្នានេះ លោក ញូសុម បានអញ្ជើញលោកត្រាំឱ្យទៅទស្សនាទីក្រុងឡូសអានជឺលេស និងពិនិត្យមើលការខូចខាតជាមួយគាត់។

អគ្គិភ័យនេះបានសម្លាប់មនុស្សយ៉ាងតិច១៦នាក់ ជម្លៀសប្រជាជន១៥០.០០០នាក់ និងបំផ្លាញអគារជាង១២.០០០ខ្នង យោងតាមមន្ត្រីរដ្ឋ។

“ផ្ទះដ៏អស្ចារ្យរាប់ពាន់ខ្នងត្រូវបានបាត់បង់ ហើយផ្ទះជាច្រើនទៀតនឹងត្រូវបាត់បង់ឆាប់ៗនេះ។ មានការស្លាប់នៅគ្រប់ទីកន្លែង” លោកត្រាំបាននិយាយនៅក្នុងការប្រកាសរបស់លោក។

ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងដ៏អង់អាចរបស់មន្ត្រីពន្លត់អគ្គិភ័យ រួមទាំងការប្រតិបត្តិការយ៉ាងប្រុងប្រយ័ត្នពីក្រុមហោះហើរក៏ដោយ អគ្គិភ័យ Palisades នៅតែបន្តរាលដាលទៅទិសខាងកើតឆ្ពោះទៅរកសម្បត្តិដ៏មានតម្លៃរបស់សារមន្ទីរសិល្បៈ Getty Center និងទៅទិសខាងជើងឆ្ពោះទៅតំបន់ San Fernando Valley ដែលមានប្រជាជនរស់នៅច្រើនកុះករ៕

ប្រភព: AFP/gr