ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យចុះពិនិត្យវឌ្ឍនភាពការសាងសង់អគាររដ្ឋបាលក្រុងសិរីសោភ័ណ,ស្រុកមង្គលបូរីនិងមណ្ឌលសុខភាពឃុំគុត្តសតស្រុកអូរជ្រៅ

ដោយ : បន្ទាយ

បន្ទាយមានជ័យ :មន្ត្រីក្រុមការងារបានឲ្យដឹងកាលពីថ្ងៃទី១០ខែមករាឆ្នាំ២០២៥ ថា: លោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត និងមន្ត្រីរដ្ឋបាលនិងជំនាញបានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់នូវ ៖

១-.អគាររដ្ឋបាលក្រុងសិរីសោភ័ណ នៅផ្លូវជាតិលេខ ៥៦ ក្នុងសង្កាត់កំពង់ស្វាយ ត្រូវបានសង់បានជាង៩០ % ។
២-អគារ​រដ្ឋបាល​ស្រុកមង្គលបូរី​ នៅផ្លូវខេត្តលេខ១៥៦បេ ឃុំឬស្សីក្រោក សង់ចូលជំហាន២ ឬបានជាង៧០ % ក៏ត្រៀមបញ្ចប់ ។ សំណង់ទាំងពីរខាងលើមានដំបូលប្រក់ក្បឿងស្រកាត្រីប្រភេទផ្ទាំង ផលិតផលថៃ ហើយសំណង់វិស្វកម្មរឹងមាំនិងមានស្ថាបត្យកម្ម.សោភ័ណភាពល្អស្អាត គួរអោយលើកមុខមាត់… និង៣-មណ្ឌលសុខភាព​គុត្តសត​ ស្ថិតនៅផ្លូវខេត្តនៅឃុំគុត្តសត​ ស្រុកអូរជ្រៅ​ សង់បាន៧០% ពោលគឺអគារទាំងនោះបានកំពុងដំណេីរការសកម្មសាងសង់ ។

អគាររដ្ឋបាលក្រុងនិងស្រុកបានប្រើប្រាស់ថវិការដ្ឋ ដែលសាងសង់ពីថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៤ មក ។ឯអគារមណ្ឌលសុខភាព សាងសង់ដោយមូលនិធីជំនួយរបស់សមាគមនិកាយចក្រ ព្រះយេស៊ូវគ្រឹស្ទនៃពួកបរិស័ទថ្ងៃចុងក្រោយ(The association of The Church of Jesus Christ of latter-day Saints ) ។

សូមរំលឹកថា :កាលពីថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២៤ កន្លងមកលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលក្រុងសិរីសោភ័ណ ១ខ្នងនិងស្រុកមង្គលបូរី ១ខ្នង ដែល១ខ្នងៗមានកម្ពស់២ជាន់ គឺអគារទាំង២ស្ថិតនៅពីមុខអគាររដ្ឋបាលចាស់នៃសាលាស្រុកក្រុងដែលមានរាងដូចជាសាលារៀនផ្ទាល់ដី១ខ្នងនិងតសំយាបទៅក្រោយ ហើយផ្ទុកមន្ត្រីនិងអ្នកស្ម័គ្រចិត្តបម្រើការងារយ៉ាងណែនដូចកន្តំ។

សូមបញ្ជាក់ថា សាលាស្រុកមង្គលបូរីមានទីតាំងស្ថិតនៅបណ្តោយផ្លូវខេត្តលេខ១៥៩បេ ភូមិ-ឃុំឬស្សីក្រោក ឬទីរួមស្រុក ។អគារចាស់សាលាស្រុកនេះ ត្រូវរក្សាទុកជាកន្លែងធ្វើការនិងបន្ទប់ប្រជុំ គឺគ្រាន់តែរុះរើហោជាងនៃខ្នងលយមកមុខអគារតែបន្តិចប៉ុណ្ណោះ ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៤ដែរ រដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានធ្វើពិធីញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលក្រុងសិរីសោភ័ណចំនួន១ខ្នង មានកម្ពស់២ជាន់ ក្នុងក្រុងសិរីសោភ័ណដែលស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៦ ភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ។
អគាររដ្ឋបាលក្រុង ស្រុកទាំង២ ត្រូវអនុវត្តចាប់ពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៤ ដល់ខែ មករាឆ្នាំ ២០២៥ ខាងមុខ ៕