ប្រែសម្រួលដោយ៖ ស.សម្បត្តិ
ប្រុចសែល៖ ណាតូនឹងមិនធ្វើតាមសំណើរបស់លោក ដូណាល់ ត្រាំ ក្នុងការបង្កើនចំណាយការពារជាតិយ៉ាងច្រើន ប៉ុន្តែទំនងជានឹងព្រមព្រៀងបង្កើនគោលដៅលើសពីគោលដៅបច្ចុប្បន្ន យោងតាមការអះអាងរបស់មន្ត្រី និងអ្នកវិភាគ។
ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃអង្គារថា សមាជិកនៃសម្ព័ន្ធយោធាគួរចំណាយ ៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) លើការពារជាតិ – ដែលជាការកើនឡើងយ៉ាងច្រើនពីគោលដៅបច្ចុប្បន្ន ២ ភាគរយ និងជាកម្រិតមួយដែលគ្មានប្រទេសណាតូណាមួយ រួមទាំងសហរដ្ឋអាមេរិកផង សម្រេចបាននាពេលបច្ចុប្បន្ននេះ។
សម្តីរបស់លោកត្រាំ – នៅក្នុងសន្និសីទសារព័ត៌មានមួយដែលក៏បានបង្កើតឱ្យមានចំណងជើងដំណឹងជាច្រើនអំពីដីស្វយ័តហ្គ្រីនលែន កាណាដា និងប៉ាណាម៉ា – គឺជាការរំលឹកអំពីការផ្តោតរបស់គាត់លើការចំណាយរបស់ណាតូក្នុងអាណត្តិដំបូង និងការគំរាមរបស់គាត់មិនការពារសម្ព័ន្ធមិត្តដែលមិនបានសម្រេចគោលដៅនេះ។
មន្ត្រីមកពីប្រទេសណាតូបាននិយាយថា ពួកគេយល់ស្របថាចំណាយការពារជាតិត្រូវតែបង្កើនបន្ថែមទៀត ប៉ុន្តែមិនបានគាំទ្រតួលេខ ៥ ភាគរយទេ ដែលអ្នកវិភាគបាននិយាយថា នឹងមិនអាចធ្វើទៅរួចទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចសម្រាប់សមាជិកស្ទើរតែទាំងអស់។ វានឹងត្រូវការថវិកាបន្ថែមរាប់រយពាន់លានដុល្លារ។
ទោះយ៉ាងណា គោលដៅថ្មីមួយទំនងជានឹងត្រូវបានព្រមព្រៀងនៅក្នុងកិច្ចប្រជុំកំពូលណាតូនៅទីក្រុងឡាហេក្នុងខែមិថុនា ដោយជំរុញដោយការភ័យខ្លាចថា រុស្ស៊ីអាចវាយប្រហារប្រទេសណាតូមួយបន្ទាប់ពីអ៊ុយក្រែន និងដោយការជំរុញរបស់លោកត្រាំ តាមការអះអាងរបស់មន្ត្រី។
សំណួរសំខាន់ៗដែលនៅបើកចំហគឺ តើគោលដៅថ្មីនោះនឹងជាអ្វី និងថាតើវានឹងគ្រប់គ្រាន់ដើម្បីធ្វើឱ្យលោកត្រាំពេញចិត្តដែរឬទេ។
មានការរំពឹងថា សមាជិកណាតូទាំង ៣២ នឹងព្រមព្រៀង បន្ទាប់ពីការជជែកគ្នាច្រើន លើគោលដៅប្រហែល ៣ ភាគរយនៃ ផ.ស.ស។ ប៉ុន្តែសូម្បីតែចំណុចនោះក៏នឹងជាបញ្ហាប្រឈមសម្រាប់មនុស្សជាច្រើន ដែលទើបតែសម្រេចបាន ឬមិនទាន់សម្រេចបានគោលដៅ ២ ភាគរយនាពេលបច្ចុប្បន្ន – មួយទសវត្សរ៍បន្ទាប់ពីវាត្រូវបានកំណត់។
រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក ហ្គីដូ ក្រូសេតូ បានប្រាប់រ៉យទ័រថា “ហាក់ដូចជានឹងមានការផ្លាស់ប្តូរ។ ខ្ញុំមិនគិតថាវានឹងឡើងដល់ ៥ ភាគរយទេ ដែលនឹងមិនអាចធ្វើទៅរួចសម្រាប់ស្ទើរតែគ្រប់ប្រទេសក្នុងពិភពលោកនាពេលនេះ ប៉ុន្តែ…វានឹងមិនមែនជា ២ (ភាគរយ) ដែលយើងកំពុងខិតខំសម្រេចឱ្យបាននោះទេ ប៉ុន្តែវានឹងច្រើនជាង ២។”
អ៊ីតាលី ដែលមានចំណាយការពារជាតិប្រមាណ ១,៥ ភាគរយនៃ ផ.ស.ស គឺជាប្រទេសមួយក្នុងចំណោមប្រទេសសមាជិកណាតូចំនួន ៨ ដែលមិនបានសម្រេចគោលដៅបច្ចុប្បន្ន។
ប្រទេសប៉ូឡូញ ដែលមានព្រំដែនជាប់អ៊ុយក្រែន គឺជាសមាជិកណាតូដែលចំណាយភាគរយខ្ពស់បំផុតនៃ ផ.ស.ស លើការពារជាតិ – ៤,១២ ភាគរយកាលពីឆ្នាំមុន តាមការប៉ាន់ស្មានរបស់សម្ព័ន្ធ។ បន្ទាប់មកគឺប្រទេសអេស្តូនីជាមួយ ៣,៤៣ ភាគរយ និងសហរដ្ឋអាមេរិកជាមួយ ៣,៣៨ ភាគរយ។
ណាតូបានប៉ាន់ប្រមាណការចំណាយការពារជាតិសរុបរបស់សមាជិកខ្លួននៅឆ្នាំ ២០២៤ មានចំនួន ១,៤៧៤ ទ្រីលានដុល្លារ – ដែលប្រហែល ៩៦៨ ពាន់លានដុល្លារមកពីសហរដ្ឋអាមេរិក និង ៥០៧ ពាន់លានដុល្លារមកពីប្រទេសអឺរ៉ុប និងកាណាដា។ មធ្យមភាគសរុបមានប្រមាណ ២,៧១ ភាគរយនៃ ផ.ស.ស របស់ណាតូ។
មន្ត្រី និងអ្នកវិភាគមួយចំនួនមើលឃើញថា ការស្នើឡើង ៥ ភាគរយរបស់លោកត្រាំ គឺជាការដាក់តម្លៃខ្ពស់ក្នុងការចាប់ផ្តើមការចរចារយៈពេលប៉ុន្មានខែ និងរំពឹងថា គាត់អាចនឹងព្រមព្រៀងលើអ្វីមួយដែលជិត ៣ ភាគរយ។
ក្នុងអំឡុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំមុន លោកត្រាំបានស្នើគោលដៅ ៣ ភាគរយ ដោយបន្ថែមថា នេះនឹងមានន័យថា ការកើនឡើងថវិកាការពារជាតិប្រមាណ ៣០ ភាគរយសម្រាប់ប្រទេសណាតូភាគច្រើន។
ការកើនឡើងនៃការចំណាយដោយភ័យខ្លាចពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ប្រទេសអឺរ៉ុបជាច្រើនបានបង្កើនការចំណាយការពារជាតិក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ប៉ុន្តែដោយសារហិរញ្ញវត្ថុសាធារណៈមានកម្រិត និងការចំណាយការពារជាតិមិនមានប្រជាប្រិយភាពផ្នែកនយោបាយនៅក្នុងប្រទេសមួយចំនួន វានឹងមិនងាយស្រួលសម្រាប់រដ្ឋាភិបាលក្នុងការរកប្រាក់រាប់ពាន់លានបន្ថែមដែលសូម្បីតែចលនាទៅចំណាយ ៣ ភាគរយនៃ ផ.ស.ស លើការពារជាតិក៏នឹងត្រូវការដែរ។
ខណៈដែលលោកត្រាំបានប្រៀបធៀបការចំណាយការពារជាតិរបស់ណាតូទៅនឹងថ្លៃសមាជិកភាពសម្ព័ន្ធ ពួកវាឆ្លុះបញ្ចាំងពីថវិកាដែលកំណត់ដោយរដ្ឋាភិបាលជាតិ។
លោកស្រី ហ្វេណេឡ្លា ម៉ាក់ហ្គឺធី ជាអ្នកជំនាញសេដ្ឋកិច្ចការពារជាតិនៃវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ បាននិយាយថា ការកើនឡើងថ្មីៗនេះគឺ “គួរឱ្យកត់សម្គាល់” ប៉ុន្តែវាត្រូវការពេលជាច្រើនឆ្នាំសម្រាប់ប្រទេសនានាក្នុងការចាប់ផ្តើមសម្រេចគោលដៅថ្មី។
“ទោះបីជាអឺរ៉ុបបន្តអត្រានៃកំណើនដ៏វិសេសវិសាលនោះ – លើសពី ១០ ភាគរយជាក់ស្តែងនៅឆ្នាំ ២០២៤ – វានឹងនៅតែទាមទារពេល ១០ ឆ្នាំទៀតដើម្បីឈានដល់ ៣ ភាគរយនៃ ផ.ស.ស” លោកស្រីបានមានប្រសាសន៍។
ទោះយ៉ាងណា រដ្ឋាភិបាលអឺរ៉ុបជាច្រើននិយាយថា ទ្វីបនេះគួរធ្វើបន្ថែមទៀតដើម្បីការពារខ្លួនឯង និងពឹងផ្អែកតិចជាងមុនលើសហរដ្ឋអាមេរិក។
បារាំង និងរដ្ឋបាល់ទិកកំពុងជំរុញឱ្យមានការខ្ចីប្រាក់រួមគ្នារបស់សហភាពអឺរ៉ុបដើម្បីផ្តល់មូលនិធិដល់ការចំណាយផ្នែកការពារជាតិ។ លទ្ធផលនៃការពិភាក្សានោះអាចនឹងអាស្រ័យលើការបោះឆ្នោតថ្នាក់ជាតិនៅខែក្រោយនៅអាល្លឺម៉ង់ ដែលរហូតមកដល់ពេលនេះបានជំទាស់នឹងគំនិតនេះ។
ដើម្បីក្លាយជាការពឹងផ្អែកលើខ្លួនឯងបន្ថែមទៀត សម្ព័ន្ធមិត្តអឺរ៉ុបត្រូវចំណាយច្រើនជាងមុនដើម្បីអភិវឌ្ឍសមត្ថភាពដែលសហរដ្ឋអាមេរិកផ្តល់ឱ្យនាពេលបច្ចុប្បន្ន ដូចជាការផ្គត់ផ្គង់ប្រេងឥន្ធនៈលើអាកាស ការដឹកជញ្ជូនតាមអាកាសយោធាធ្ងន់ៗ និងសង្គ្រាមអេឡិចត្រូនិក នេះបើយោងតាមលោក កាមីល ហ្គ្រង់ ដែលធ្លាប់ធ្វើជាមន្ត្រីជាន់ខ្ពស់របស់ណាតូទទួលបន្ទុកវិនិយោគការពារជាតិ។
“អ្វីៗទាំងនេះមានតម្លៃខ្ពស់។ ខ្លះជាប្រភេទមានតម្លៃខ្ពស់” នេះជាសម្តីរបស់លោក ហ្គ្រង់ ដែលឥឡូវនេះស្ថិតនៅក្រុមប្រឹក្សាទំនាក់ទំនងការបរទេសអឺរ៉ុប។
បរិស្ថានសន្តិសុខបច្ចុប្បន្នបង្ហាញថា ប្រទេសអឺរ៉ុបគួរតែចំណាយប្រមាណ ៣ ភាគរយនៃ ផ.ស.ស លើការពារជាតិ តាមការលើកឡើងរបស់លោក។
លោកស្រី ម៉ារី-អាញ៉េស ស្ត្រាក-ស៊ីមឺម៉ាន ប្រធានអនុគណៈកម្មាធិការការពារជាតិនៃសភាអឺរ៉ុប បាននិយាយថា អឺរ៉ុបត្រូវតែបង្កើនការចំណាយ ប៉ុន្តែមិនត្រូវផ្តោតលើលេខតាមទំនើងចិត្តទេ។
“យើងត្រូវរៀបចំប្រាក់ច្រើនទៀត ប៉ុន្តែយើងមិនគួរឱ្យលោកត្រាំធ្វើឱ្យយើងឆ្កួតនោះទេ” លោកស្រីបានមានប្រសាសន៍៕
ប្រភព៖ រ៉យទ័រ/ec