សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យបាញ់សម្លាប់អតីតតំណាងរាស្រ្តបក្សប្រឆាំងនៅទីក្រុងបាងកកចេញពីកម្ពុជា

ដោយ៖បន្ទាយ
បន្ទាយមានជ័យ៖ អាជ្ញាធរកម្ពុជានៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ បានសម្រេចបញ្ជូនជនសង្ស័យជាឃាតកបាញ់សម្លាប់អតីតអ្នកតំណាងរាស្រ្តបក្សប្រឆាំងលោកលឹម គឹមយ៉ា នៅកណ្តាលទីក្រុងបាងកក,ប្រទេសថៃ ចេញពីកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

អ្នកយកព័ត៌មានCambodia Flash News ប្រចាំខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ភាគីកម្ពុជាដែលដឹកនាំក្នុងការបញ្ជូនចេញជនសង្ស័យឈ្មោះ Ekkalak Pheanol ជាជនជាតិថៃនោះ គឺមានឯកឧត្តម ឧត្តមសេនីយ៍ ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ និងនៅខេត្តបន្ទាយមានជ័យមានលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ រីឯភាគីថៃដែលមកទទួលនៅតាមច្រកទ្វារអន្តរជាតិខ្លងលឹកគឺមានឋានៈប្រហាក់ប្រហែលនឹងកម្ពុជាដែរ។

សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ មានករណីឃាតកម្មបង្កឲ្យមានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំកណ្តាលទីក្រុងបាងកក។ខ្មាន់កាំភ្លើងបានបាញ់ប្រហារទៅលើលោកលឹម គឹមយ៉ា អតីតអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងពេលចុះពីលើរថយន្តក្រុងជិះពីប៉ោយប៉ែត។

ក្រោយឃាតកម្មដ៏កក្រើកនេះបានកើតឡើងនៅទីក្រុងបាងកក ប្រទេសថៃរួចមកនោះ ជនសង្ស័យជាឃាតកឈ្មោះ Ekkalak Pheanol ជនជាតិថៃបានរត់គេចខ្លួនចូលទៅក្នុងទឹកដីកម្ពុជា។ នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ជនសង្ស័យជាឃាតករូបនោះត្រូវសមត្ថកិច្ចកម្ពុជាចាប់បាននៅក្នុងទឹកដីស្រុកមោងឫស្សីខេត្តបាត់ដំបង ហើយមកដល់ថ្ងៃទី១១ ខែមករា ២០២៥ អាជ្ញាធរមានសមត្ថកិច្ចក៏បានបញ្ជូនចេញពីកម្ពុជាតាមច្រកប៉ោយប៉ែត៕