អន្តរជាតិ

ឆ្នាំ២០២៤ ក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ ដោយបានរំលងគោលដៅអាកាសធាតុសំខាន់មួយ និងបញ្ចប់ទសវត្សរ៍នៃកម្តៅគ្មានព្រំដែន

ប្រែសម្រួល៖ ស-សម្បត្តិ
ជាផ្លូវការ៖ ឆ្នាំ២០២៤ គឺជាឆ្នាំក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ ដោយបានបំបែកកំណត់ត្រាមុនក្នុងឆ្នាំ២០២៣ និងជំរុញពិភពលោកឱ្យរំលងកម្រិតកំណត់អាកាសធាតុដ៏សំខាន់មួយ យោងតាមទិន្នន័យថ្មីពីទីភ្នាក់ងារតាមដានអាកាសធាតុអឺរ៉ុប Copernicus។

ឆ្នាំកន្លងទៅមានសីតុណ្ហភាពក្តៅជាង ១,៦ អង្សាធៀបនឹងអំឡុងពេលមុនមនុស្សចាប់ផ្តើមដុតឥន្ធនៈហ្វូស៊ីលក្នុងបរិមាណច្រើន នេះបើយោងតាមការរកឃើញរបស់ Copernicus។ នេះធ្វើឱ្យឆ្នាំ២០២៤ ក្លាយជាឆ្នាំប្រតិទិនដំបូងដែលរំលងកម្រិតកំណត់ ១,៥ អង្សា ដែលប្រទេសនានាបានព្រមព្រៀងជៀសវាងក្រោមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសក្នុងឆ្នាំ២០១៥។

អ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភច្រើនអំពីការរំលងកម្រិតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ជាជាងឆ្នាំតែមួយ ដោយសារនៅលើសពីកម្រិតនោះ មនុស្ស និងប្រព័ន្ធអេកូឡូស៊ីអាចនឹងពិបាកបន្សាំខ្លួន។ ប៉ុន្តែកំណត់ត្រាឆ្នាំ២០២៤ “មានន័យថាយើងកំពុងខិតជិតគ្រោះថ្នាក់” នេះបើយោងតាមការលើកឡើងរបស់លោក Joeri Rogelj សាស្ត្រាចារ្យផ្នែកអាកាសធាតុនៃវិទ្យាស្ថាន Imperial College London។

ការវិភាគរបស់ Copernicus ចង្អុលបង្ហាញពីកំណត់ត្រាអាកាសធាតុជាច្រើនដែលបានកើតឡើងក្នុងឆ្នាំកន្លងទៅ៖ ភពផែនដីបានជួបប្រទះថ្ងៃក្តៅបំផុតក្នុងប្រវត្តិសាស្ត្រក្នុងខែកក្កដា។ គ្រប់ខែចាប់ពីខែមករាដល់ខែមិថុនា គឺជាខែក្តៅបំផុតបើធៀបនឹងខែដូចគ្នាក្នុងប្រវត្តិសាស្ត្រ ហើយកម្រិតការបំពុលដែលបង្កើនកម្តៅភពផែនដីបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

ឆ្នាំកន្លងទៅគឺជាផ្នែកមួយនៃគំរូកម្តៅដែលលើសពីការរំពឹងទុក។ រាល់ឆ្នាំទាំង១០ដែលក្តៅបំផុតរបស់ពិភពលោកបានកើតឡើងក្នុងទសវត្សរ៍ចុងក្រោយនេះ យោងតាមទិន្នន័យរបស់ Copernicus។
នៅពីក្រោយស្ថិតិទាំងនេះ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ “រាល់ភាគនីមួយៗនៃអង្សា… នាំមកនូវគ្រោះថ្នាក់កាន់តែច្រើនដល់មនុស្ស និងប្រព័ន្ធអេកូឡូស៊ី” លោក Rogelj បានមានប្រសាសន៍។
អាកាសធាតុធ្ងន់ធ្ងរដែលបានកើតឡើងទូទាំងពិភពលោកក្នុងឆ្នាំកន្លងទៅ បង្ហាញពីគ្រោះថ្នាក់នៃជីវិតក្នុងពិភពលោកដែលក្តៅជាងមុនរួចទៅហើយ។

 

ព្យុះសង្ឃរាជាបន្តបន្ទាប់គ្នានៅសហរដ្ឋអាមេរិក ដែលកើនកម្លាំងដោយសីតុណ្ហភាពមហាសមុទ្រក្តៅខ្លាំង បានសម្លាប់មនុស្សរាប់រយនាក់។ នៅប្រទេសអេស្ប៉ាញ មនុស្សជាង២០០នាក់បានស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត។ ទន្លេអាម៉ាហ្សូនបានស្រកចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងអំឡុងពេលរាំងស្ងួតធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ ហើយប្រទេសហ្វីលីពីនបានជួបប្រទះរដូវព្យុះទីហ្វុងដ៏ខ្លាំងក្លា ដោយមានព្យុះចំនួន៦ក្នុងរយៈពេល៣០ថ្ងៃប៉ុណ្ណោះ។

វិបត្តិអាកាសធាតុបានដើរតួនាទីក្នុងព្រឹត្តិការណ៍ធ្ងន់ធ្ងរទាំងនេះ យោងតាមការវិភាគផ្នែកវិទ្យាសាស្ត្រ។


អ្នកវិទ្យាសាស្ត្រនៅតែកំពុងព្យាយាមស្វែងយល់ឱ្យបានពេញលេញថា ហេតុអ្វីបានជាកម្តៅសកលមានភាពធ្ងន់ធ្ងរបែបនេះក្នុងរយៈពេលពីរឆ្នាំចុងក្រោយ។

មូលហេតុចម្បងគឺច្បាស់លាស់៖ វិបត្តិអាកាសធាតុដែលបង្កឡើងដោយមនុស្ស រួមជាមួយនឹងបាតុភូត El Niño ដែលជាគំរូអាកាសធាតុធម្មជាតិដែលតែងតែមានឥទ្ធិពលបង្កើនកម្តៅ ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០២៣ និងបានបញ្ចប់នៅដើមឆ្នាំនេះ។ ប៉ុន្តែវាមិនអាចពន្យល់អំពីកម្តៅទាំងអស់បានទេ។

អ្នកវិទ្យាសាស្ត្រក៏បានចង្អុលបង្ហាញពីការធ្លាក់ចុះថ្មីៗនៃការបំពុលពីការដឹកជញ្ជូនតាមនាវាបន្ទាប់ពីមានបទប្បញ្ញត្តិ — ដែលជាជោគជ័យសម្រាប់សុខភាពមនុស្ស ប៉ុន្តែក្នុងលក្ខណៈចម្លែក ការបំពុលប្រភេទនេះក៏ជួយធ្វើឱ្យភពផែនដីត្រជាក់ដោយឆ្លុះបញ្ចាំងពន្លឺព្រះអាទិត្យត្រឡប់ទៅលំហអវកាសវិញផងដែរ។

ការផ្ទុះភ្នំភ្លើងក្រោមទឹកដ៏ធំមួយនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងក្នុងឆ្នាំ២០២២ ដែលបានបញ្ចេញចំហាយទឹក — ដែលជាឧស្ម័នផ្ទះកញ្ចក់ខ្លាំង — ទៅក្នុងបរិយាកាស ក៏អាចរួមចំណែកផងដែរ។
បន្ទាប់មកមានពពក។ ការសិក្សាក្នុងខែធ្នូបានរកឃើញថា ការខ្វះខាតពពកដែលឆ្លុះបញ្ចាំងពន្លឺព្រះអាទិត្យនៅលើមហាសមុទ្រក៏អាចជាកត្តាមួយផងដែរ។

អ្នកវិទ្យាសាស្ត្រជឿថា មិនទំនងទេដែលឆ្នាំ២០២៥ នឹងក្លាយជាឆ្នាំបំបែកកំណត់ត្រាម្តងទៀត។ La Niña ដែលជាគំរូអាកាសធាតុធម្មជាតិដែលតែងតែមានឥទ្ធិពលធ្វើឱ្យសកលលោកត្រជាក់ ត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។”ប៉ុន្តែមនុស្សមិនគួរគិតថានោះជាការផ្អាក ឬការស្ថិតនៅថេរនៃការប្រែប្រួលអាកាសធាតុឡើយ” នេះបើយោងតាមការលើកឡើងរបស់លោក Paulo Ceppi អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុនៃវិទ្យាស្ថាន Imperial College London។ លោកបានបន្ថែមថា “ការធ្លាក់ចុះបន្តិចបន្តួចមិនផ្លាស់ប្តូរនិន្នាការឡើងច្បាស់លាស់ដែលយើងកំពុងស្ថិតនៅលើនោះទេ”។

អ្នកវិទ្យាសាស្ត្រនិយាយថា ទសវត្សរ៍ខាងមុខទំនងជានឹងក្តៅជាងនេះទៅទៀត ខណៈដែលមនុស្សនៅតែបន្តដុតធ ធ្យូងថ្ម ប្រេង និងឧស្ម័នដែលបង្កើនកម្តៅភពផែនដី។

“ពិភពលោកមិនចាំបាច់រកដំណោះស្រាយអស្ចារ្យណាមួយដើម្បីបញ្ឈប់ស្ថានភាពមិនឱ្យកាន់តែអាក្រក់ទៅក្នុងឆ្នាំ២០២៥នោះទេ” នេះបើយោងតាមការលើកឡើងរបស់លោកស្រី Friederike Otto អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុនៃវិទ្យាស្ថាន Imperial College London។ “យើងដឹងច្បាស់ណាស់ពីអ្វីដែលយើងត្រូវធ្វើដើម្បីផ្លាស់ប្តូរចេញពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល៕”