ប្រែសម្រួល៖ តារា
ភ្លើងឆេះព្រៃបានបំផ្លាញផ្ទៃដីប្រមាណ១០០០រ៉ៃ(៤០មx៤០ម)នៅលើភ្នំខាវឡយក្នុងស្រុកប៉ាកចុងនៃខេត្តណាខនរាជសីមា ដែលស្ថិតនៅចម្ងាយប្រមាណ៥គីឡូម៉ែត្រពីព្រំប្រទល់ឧទ្យានជាតិខាវយ៉ៃ ដែលជាបេតិកភណ្ឌពិភពលោក។
លោក គីត្ទីវ៉ាត់ ធៀមផេង ប្រធានស្ថានីយត្រួតពិនិត្យភ្លើងឆេះព្រៃខាវយ៉ៃ បានថ្លែងនៅថ្ងៃសុក្រថា តំបន់ដែលមានភ្លើងឆេះគឺស្ថិតនៅក្នុងតំបន់អភិរក្សព្រៃឈើខាវស៊ីដអា ព្រៃខាវណុកយុង និងព្រៃខាវអាងហិន ក្នុងឃុំផាយ៉ាយែន។«ភ្លើងឆេះព្រៃនេះមានចម្ងាយប្រហែល៥គីឡូម៉ែត្រពីព្រំប្រទល់ឧទ្យានជាតិខាវយ៉ៃ» លោកបានមានប្រសាសន៍។
ស្ថាប័នជាច្រើនបានចូលរួមរួមគ្នាពន្លត់ភ្លើងឆេះព្រៃកាលពីម្សិលមិញ រួមមានមជ្ឈមណ្ឌលប្រតិបត្តិការភ្លើងឆេះព្រៃណាខនរាជសីមា ស្ថានីយត្រួតពិនិត្យភ្លើងឆេះព្រៃខាវយ៉ៃ អង្គភាពការពារព្រៃឈើនៃស្រុកប៉ាកចុង នាយកដ្ឋានព្រៃឈើ មជ្ឈមណ្ឌលលើកកម្ពស់ការត្រួតពិនិត្យភ្លើងឆេះព្រៃណាខនរាជសីមា មជ្ឈមណ្ឌលលើកកម្ពស់ការត្រួតពិនិត្យភ្លើងឆេះព្រៃប្រាជិនប៊ូរី និងអង្គការរដ្ឋបាលឃុំផាយ៉ាយែន។
លោកបានថ្លែងថា អភិបាលខេត្តណាខនរាជសីមា និងមេបញ្ជាការកងទ័ពតំបន់ឦសាន គឺជាអ្នកទទួលខុសត្រូវលើស្ថានការណ៍នេះ។
ក្រសួងធនធានធម្មជាតិនិងបរិស្ថានរំពឹងថា ភ្លើងឆេះព្រៃនេះនឹងត្រូវបានគ្រប់គ្រងនៅថ្ងៃនេះ។
នាយករដ្ឋមន្ត្រី ពែតុងថាន ស៊ីណាវ៉ាត្រា បានបង្ហោះសារនៅលើបណ្តាញ X កាលពីម្សិលមិញថា រដ្ឋាភិបាលបានណែនាំដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យប្រញាប់ពន្លត់ភ្លើងឆេះព្រៃដើម្បីការពារកុំឱ្យរាលដាល។
តាមមជ្ឈមណ្ឌលលើកកម្ពស់ការត្រួតពិនិត្យភ្លើងឆេះព្រៃ ភ្លើងឆេះព្រៃនេះបានចាប់ផ្តើមនៅថ្ងៃទី៣ខែមករា។ មជ្ឈមណ្ឌលបានទទួលរបាយការណ៍ពីអង្គការរដ្ឋបាលឃុំផាយ៉ាយែន (TAO) អំពីភ្លើងឆេះព្រៃនៅខាងក្រោយវត្តឧដុមសុខ។ មជ្ឈមណ្ឌលបានពន្លត់ភ្លើងនៅល្ងាចថ្ងៃនោះ បន្ទាប់ពីភ្លើងបានបំផ្លាញព្រៃប្រមាណ២០០រៃ។ នៅថ្ងៃទី៥ខែមករា មជ្ឈមណ្ឌលត្រូវបានជូនដំណឹងអំពីភ្លើងឆេះព្រៃម្តងទៀត។
ប្រភពមួយបានឱ្យដឹងថា ការខូចខាតសរុបមានទំហំជិត១០០០រ៉ៃនៃព្រៃឈើ ដោយជឿថាមូលហេតុគឺបណ្តាលមកពីការបរបាញ់សត្វខុសច្បាប់៕