ដោយ៖សហការី
ភ្នំពេញ ៖ជនសង្ស័ចំនួន១២នាក់(ស្រី៣នាក់) ក្នុងនោះមាន៩នាក់សង្ស័យពាក់ព័ន្ធនឹងករណីហិង្សាបង្ករបួសស្នាម និង៣នាក់ពាក់ព័ន្ធករណីឆក់និងកាប់ប្លន់យកម៉ូតូ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញមុខជាសាធារណៈកាលពីព្រឹកថ្ងៃទី ២៧ ខែធ្នូ ២០២៤ ។
តាមរបាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា,កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន ១២ នាក់(ស្រី៣នាក់) ពាក់ព័ន្ធបទល្មើស៧ ករណី ដោយក្នុងនោះមានករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តិអំពើហិង្សា (ឆក់យកទូរសព្ទដៃ )ចំនួន៤ករណី,កាប់ប្លន់យកម៉ូតូ១ករណីនិង២ករណីទៀតគឺករណីក្មេងទំនើង យកជើងធាក់ផ្តួលម៉ូតូនិងវាយបង្ករបួសស្នាម។
នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា ចំពោះបក្ខពួកនៅសល់ នគរបាលការិយាល័យជំនាញនឹងបន្តស្រាវជ្រាវដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ទោះរត់គេចខ្លួនទៅដល់ទីណាក៏ដោយគឺតាមចាប់ឲ្យដល់ឫសគល់ដោយមិនយោគយល់ឡើយ៕