ដោយ : បន្ទាយ
បន្ទាយមានជ័យ : ពិធីបិទការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់មហោស្រពណូអែលនៃក្តីស្រលាញ់(The Christmas of Love Festival Day ) នៅព្រឹកថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២៤ នាទីលានស្មៅធម្មជាតិនៃសាលាតម្រង់ទិសខេត្តនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាបរិវេណវិទ្យាល័យហ៊ុន សែនខ្លាកូន ,វិថី៧មករាភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។ កម្មវិធីនេះបានរៀបចំឡើងដោយក្រុមជំនុំម៉េតូឌីសនៃខេត្តបន្ទាយមានជ័យ ដែលមានលោកគឹម វិវឌ្ឍ ជាអ្នកដឹកនាំ។
ក្នុងពេលបិទ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្តខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី។
លោក គឹម វិវឌ្ឍន៍ គ្រូគង្វាលនៃក្រុមជំនុំមេតូឌីស្ទខេត្តបន្ទាយមានជ័យនិងនាយកវិទ្យុចយ ហ្វូ យូ((Joy for You/) បានអោយដឹងថា : ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ក្នុងឱកាសនេះ គឺធ្វើឡើងក្នុងគោលបំណងមិនត្រឹមតែបំផុសស្មារតី ចលនាយុវជនឲ្យចូលចិត្ត និងស្រឡាញ់វិស័យកីឡាប៉ុណ្ណោះទេ តែបំណងសំខាន់នោះគឺ ចែករំលែកបទពិសោធ ពិសេសមិនយកពេលវេលាទៅប្រព្រឹត្តអំពើខុសឆ្គង ក្នុងសង្គមដូចជា សេពគ្រឿងញៀន និងបោះបង់ការសិក្សាជាដើម។ ក៏ដូចជារឹតចំណងនៃក្តីស្រលាញ់ ក្នុងឱកាស មហោស្រពណូលអែលនៃក្តី្រសលាញ់ ហើយជារៀងរាល់ឆ្នាំ ក្រុមជំនុំម៉េតូឌីសតែងតែរៀបចំព្រឹត្តិការណ៍កំសាន្ត សប្បាយផ្សេងៗ ដល់ប្រជាពលរដ្ធនៅក្នុងខេត្តបន្ទាយមានជ័យផងដែរ។
ក្នុងនាឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្តខេត្ត បានលើកឡើងថា : កីឡា រស់ក្នុងសន្តិភាព កីឡាធ្វើឲ្យយើងបង្កើតបាននូវសុខភាព មិត្តភាព សាមគ្គីភាព និងជួយឲ្យយើងនៅឆ្ងាយពីអំពើអបាយមុខផ្សេងៗ កីឡាបានផ្តល់ប្រយោជន៍ដល់មនុស្សយ៉ាងច្រើន បើយើងប្រព្រឹត្តវាបានជាប់លាប់ល្អ ដែលរួមមានដូចជា៖ ផ្តល់នូវបរិយាកាសរីករាយ មិត្តភាព សាមគ្គីភាព និងភារតភាព មានចិត្តអំណត់និងគ្មានការគុំកួន ។
កីឡាក៏ជួយឲ្យរាងកាយមាំមួនល្អនិងលូតលាស់បានល្អ មានភាពរហ័សរហួន មិនស្ពឹកស្រពន់ មានសុខភាពល្អ មានបញ្ញាឈ្លាសវៃជាមួយគ្នានោះដែរ ។
លោកក៏បានក្រើនរំលឹកដល់កីឡាករថា : ក្រុមកីឡាករនីមួយៗ ត្រូវខិតខំហ្វឹកហាត់ឲ្យបានល្អ ដើម្បីបង្កើនសមត្ថភាព ទេពកោសល្យ និងបច្ចេកទេសបន្ថែមទៀត ដើម្បីយកជ័យជម្នះជូនក្រុមរបស់ខ្លួន និងពង្រឹងសមត្ថភាពដើម្បីអាចប្រកួតប្រជែង ជាមួយស្ថាប័នផ្សេងៗទៀតបាន។
ជាចុងបញ្ចប់នៃកម្មវិធី គណៈអធិបតីក៏បានប្រកាសជាលទ្ធផល ក្រុមដែលលើកពានរង្វាន់លេខ១ បានទៅលើក្រុមមហាជន ។
លេខ២ បានទៅលើក្រុមរដ្ឋបាលក្រុងសិរីសោភ័ណ និងលេខ៣ បានទៅលើក្រុមសាលាខេត្តបន្ទាយមានជ័យ និងលេខ៤ បានទៅលើក្រុមម៉េតូឌីសព្រះពរ Power Cross ៕