ព័ត៌មានជាតិ

ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី ប្តេជ្ញាបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល

ដោយ : បន្ទាយ

ភ្នំពេញ : ក្រុមមនាយទាហានកងយោធពលខេមរភូមិន្ទបានបញ្ចប់ការសិក្សាពីបណ្ឌិត្យសភា យោធាអូស្ត្រាលី ប្តេជ្ញាចូលរួមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងគាំទ្ររាល់គោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។

មន្ត្រីក្រុមការងារបានដឹងកាលពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៤ ថា :  នៅល្ងាចម្សិលមិញ ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភា យោធាអូស្ត្រាលី ហៅកាត់ថា RARA បានប្រារព្ធពិធីជួបជុំលៀងសាយភោជន៍ប្រចាំឆ្នាំ ដើម្បីបូកសរុបនូវលទ្ធផលសកម្មភាពក្នុងឆ្នាំ២០២៤ និងផ្លាស់ប្តូរវេនប្រធានក្រុម ដែលមានអណត្តិ២ឆ្នាំម្តង ។

ពិធីនេះ មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក គី តិច ទេសរដ្ឋមន្ដ្រី – ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន, លោកស្រី ខាលិក ហ្វីតប៉ាទ្រីច (Mrs Karleah Fitzpatrick) លេខាអនុព័ន្ធយោធាអូស្ត្រាលី តំណាងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ លោក លោកស្រី ព្រមទាំងសមាជិកក្រុម RARA ជាច្រើនរូបទៀត។

គួរបញ្ជាក់ថា : ក្រុម RARA ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ មានចក្ខុវិស័យ “ដើម្បីក្លាយជាសមាគមនៃអ្នកដឹកនាំដែលពោរពេញទៅដោយការគោរព និងអតីតសិក្ខាកាមដែលមានទំនាក់ទំនងល្អ ព្រមទាំងមានការចូលរួមយ៉ាងសកម្មក្នុងសង្គមជាតិ” ក្រោមការផ្តួចផ្តើមដោយ នាយទាហានកងយោធពលខេមរភូមិន្ទ ចំនួន ០៧នាក់ ដែលជាអតីតសិក្ខាកាមបានបញ្ចប់ការសិក្សា ពីបណ្ឌិតសភាយោធាអូស្ត្រាលីពីឆ្នាំ ២០០៩ រហូតដល់ឆ្នាំ២០២២ ។

ក្នុងនោះរួមមាន៖ លោក សៀ ទីន, លោក ផន ឫទ្ធីសក្កិ, លោក ឈន បូរី, លោក សួន វិទូ, លោក ប៊ុន ចាន់វិចិត្រ, លោក ផន ដាវីដ និង លោក ចន្ថា សុធារិទ្ធិ។ មកដល់បច្ចុប្បន្នក្រុមនេះមានសមាជិកចំនួន ១២នាក់។

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ជាប្រធានក្រុម RARA អាណត្តិឆ្នាំ២០២៣-២០២៤ បានថ្លែងថា : រយៈពេល២ឆ្នាំ កន្លងមកនេះក្រុម RARA បានរួមគ្នាធ្វើសកម្មភាពក្នុងការងារសង្គម ក៏ដូចជាការងារក្នុងកងយោធពលខេមរភូមិន្ទ ទទួលបានផ្លែផ្កាជាច្រើន ដែលរាល់ឱកាសនិងសមិទ្ធផលរបស់ក្រុមRARA ក៏ដូចជាពលរដ្ឋទូទាំងប្រទេស កើតមានឡើងជាហូរហែទៅបាន ក៏ដោយសារប្រទេសកម្ពុជាមានមេដឹកនាំដ៏ប៉ិនប្រសប់ឈ្លៀសវាងវៃគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្តើមចេញពីការយកជីវិត ធ្វើដើមទុនស្វែងរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន បានរំដោះប្រទេសជាតិនិងប្រជាជន រួចផុតពីរបបខ្មៅងងឹតប្រល័យពូជសាសន៍ ប៉ុល ពត ។រហូតបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ។

ជាពិសេសផ្តល់ឱកាសឲ្យយុវជន បានទៅបន្តការសិក្សារហូតដល់ក្រៅប្រទេស។ ក្នុងនាមសមាជិកក្រុម RARAទាំងអស់ ប្តេជ្ញានឹងយកចំណេះជំនាញ ដែលក្រុមខ្លួនបានសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី និង មហាវិទ្យាល័យភូមិន្ទយោធាអូស្ត្រាលី-ដាន់ឌ្រូន មកប្រើជាប្រយោជន៍ ក្នុងការចូលរួមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ គាំទ្ររាល់គោល នយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានជំហរមុតមាំ បន្តកេរដំណែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការថែរក្សាឱ្យបាននូវ សុខសន្តិភាព ស្ថិរភាពនយោបាយ ការឯកភាពជាតិ និងការអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋ និងត្រៀមខ្លួនជានិច្ច ក្នុងការបំពេញភារកិច្ចលើវិស័យយោធា ប្រកបដោយស្មារតី លះបង់ ប្តូរផ្តាច់ និងស្មោះត្រង់ដាច់ខាត ជារៀងដរាប។ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានដាក់ក្តីសង្ឃឹមទៅលើប្រធានក្រុម RARA ដែលប្តូរវេនក្នុងអាណត្តិថ្មីនេះ នឹងបន្តដឹកនាំក្រុម ជំរុញ ចក្ខុវិស័យ បេសកកម្ម និងគោលដៅក្រុម ឲ្យសម្រេចបានកាន់តែប្រសើឡើងមួយកម្រិតទៀត តាមបាវចនារបស់ក្រុម គឺ “ឆ្ពោះទៅមុខ ជានិច្ច” ។

លោកឧត្តមសេនីយ៍ត្រី ផន ឫទ្ធីសក្កិ នាយករងនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិជាប្រធានក្រុម RARA ប្តូរវេនអាណត្តិថ្មីបានថ្លែងអំណរគុណដល់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន ប្រធានក្រុមអាណតិ្តចាស់ ដែលបានខិតខំប្រឹងប្រែងដឹកនាំក្រុមសម្រេចបាននូវសមិទ្ធផលជាច្រើន រយៈកាលកន្លងមក និងប្តេជ្ញាបន្តនូវសកម្មភាពរបស់ក្រុម ឱ្យកាន់តែសកម្ម និងប្រសើរឡើងមួយកម្រិតបន្ថែមទៀត។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងការភ្ញាក់ផ្អើលចំពោះបរិយាកាសនៃការរៀបចំ ប្រកបដោយវិន័យ ម៉ត់ចត់ ពិតជាធ្វើឲ្យឯកឧត្តមសប្បាយរីករាយដែលបានជួបជុំគ្នា និងវាយតម្លៃខ្ពស់ ព្រមទាំងកោតសរសើរចំពោះការគិតគូរក្នុងការរៀបចំក្រុមអ្នកដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលបណ្ឌិត្យសភាយោធាអូស្រា្តលី នេះឡើង។

លោកបានបន្តថា តាមរយៈការប្រមូលផ្តុំអ្នកធ្លាប់ឆ្លងកាត់បទពិសោធនិងការហ្វឹតហាត់ដូចគ្នានេះ គឺបង្កជាបរិយាកាសងាយស្រួលក្នុងការនាំមកនូវស្មារតី ទស្សនៈ និងវិជ្ជាជីវៈរួមក្នុងការបំពេញការងារ និងចូលរួមជាមួយកិច្ចការងារសង្គម។

លោកបានលើកទឹកចិត្តឱ្យសមាជិកក្រុមRARAទាំងអស់ ខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប្រចាំ យកចំណេះមកបម្រើប្រទេសជាតិ និងបំពេញកិច្ចការងារ ៕