ដោយ៖សហការី
ភ្នំពេញ៖ អ្នកបើកម៉ូតូដឹកម្អូបអាហារបស់ក្រុមហ៊ុន foodpandaម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីរជិះម៉ូតូអគ្គិសនីបត់ឆ្លងស្តុបស្របពេលមានរថយន្ត Toyota Prius បើកផ្លូវត្រង់មកយ៉ាងលឿនជ្រុលទៅបុកចំពីមុខយ៉ាងពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១០:៣០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ចំណុចស្តុបទួលពង្រ ស្ថិតនៅលើផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អ្នកស្លាប់មានឈ្មោះ សន សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាអ្នកដឹកជញ្ជូនម្ហូបអាហារ របស់ក្រុមហ៊ុន Foodpanda មានស្រុក កំណើតនៅខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅផ្ទះជួ ក្បែរវត្តអង្គតាមិញ ក្នុងសង្កាត់ចោមចៅទី១ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើយោងតាមការបញ្ជាក់ពីសាក្សីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូអគ្គិសនីមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចមកកើត។ លុះជិះមកដល់ត្រង់ចំណុចកើតហេតុស្តុបទួលពង្រក៏បានបត់ឆ្វេងឆ្លងស្តុបឆ្ពោះទៅផ្លូវបេតុងម្ខាងទៀត ។នៅពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានបុរសម្នាក់បើករថយន្តបង្កមួយគ្រឿងម៉ាក Toyota Prius ពាក់ផ្លាកលេខ ភ្នំពេញ 2BK-0854 ធ្វើដំណើរមកផ្លូវត្រង់តាមបណ្តោយផ្លូវវេងស្រេងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿនបានរេចង្កូតជ្រុលទៅបុកម៉ូតូអគ្គិសនីជិះដោយបុរសរងគ្រោះចំពីមុខយ៉ាងពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់។ រីឯរថយន្តបង្កបន្តល្បឿនបើកទៅមុខបានប៉ុន្មានម៉ែត្រក៏ទុករថយន្តចោលរួចអ្នកបើកបរបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំភាគីទាំងសងខាងទៅដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕