ដោយ : បន្ទាយ
ភ្នំពេញ : លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញទទួលនិងផ្តល់ការលើកទឹកចិត្តសិស្សនិទ្ទេសA ដែលត្រូវមកចូលរួមពិធីសំណេះសំណាលនិងផ្តល់រង្វាន់ដល់សិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៤។
សូមបញ្ជាក់ថា លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារមន្ទីរបានអមដំណើរ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងការដឹកនាំសិស្សនិទ្ទេសA និងរៀបចំអាហារសាមគ្គីជូនដល់សិស្សនិទ្ទេសA ចំនួន៧៤នាក់របស់ខេត្តបន្ទាយមានជ័យរួមជាមួយអាណាព្យាបាល និងលោកនាយក នាយិកាដើម្បីចូលរួមកម្មវិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៨ តុលា ២០២៤ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង ថ្ងៃទី១៦ខែ កញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងនោះ នាល្ងាចថ្ងៃទី២២ខែធ្នូ លោកអភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីបានទទួលនិងចូលរួមរៀបចំអាហារសាមគ្គីជូនសិស្សនិទ្ទេសA នាយក នាយិកា នាយករង អាណាព្យាបាលសិស្សដែលធ្វើដំណើរពីខេត្តមកដល់រាជធានី ពោលគឺខេត្តបានរៀបចំ ឧបត្ថម្ភតាមអនុសាសន៍សម្តេចនាករដ្ឋមន្ត្រី ទាំងតាមរថយន្តនិងកន្លែងស្នាក់នៅដូចសព្វមួយដង ។
ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកអ៊ុំ រាត្រី បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលា មន្ត្រីអប់រំ មន្ត្រីដៃគូអភិវឌ្ឍ អ្នកពាក់ព័ន្ធដែលខិតខំជួយអោយសម្រេចបានផលនេះ៕