ដោយ៖ ឧត្តរ
ឧត្តរមានជ័យ៖ លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង បានឲ្យដឹងថា ស្រុកអន្លង់វែងកំពុងតែដំណើរការសាងសង់ស្ពានបេតុងដ៏សំខាន់មួយទៀត ដើម្បីទុកជូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់កាន់តែងាយស្រួលជាពិសេសសម្រាប់ដឹកជញ្ជូនកសិផលយកទៅកាន់ទីផ្សារ។
លោកអភិបាលស្រុកអង្លង់វែងបានឲ្យដឹងថា៖ កន្លងមកអាជ្ញាធរស្រុកតែងបានយកចិត្តទុកដាក់ក្នុងការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើប្រជាពលរដ្ឋ។ ជាក់ស្តែងគឺដូចជាសាងសង់ផ្លូវ ស្ពានតូចធំនៅក្នុងភូមិសាស្រ្តស្រុក និងផ្តល់នូវសេវាកម្មផ្សេងៗទៀត ធ្វើយ៉ាងណាបង្កលក្ខណៈឲ្យប្រជាពលរដ្ឋរស់នៅកាន់តែងាយស្រួល សំខាន់គឺសម្រាប់ដឹកកសិផលដែលផលិតបាននាំយកទៅលក់នៅលើទីផ្សារ។
លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែងបានឲ្យដឹងបន្តទៀតថា កន្លងមកក្រោមការដឹកនាំរបស់លោក យើងបានយកចិត្តទុកដាក់ សាងសង់ស្ពានតូច ធំ ដែលធ្វើអំពីឈើនិងបេតុងនៅក្នុងទឹកដីស្រុកអន្លង់វែងបានចំនួន៩រួចមកហើយ។ ឥឡូវនេះយើងកំពុងតែដំណើរការសាងសង់ស្ពានដ៏សំខាន់មួយទៀតគឺជាស្ពានទី១០។
ស្ពានបេតុងថ្មីនេះមានទទឹង៤ម៉ែត្រ ប្រវែង២១ម៉ែត្រ ឆ្លងកាត់អូរមួយនេះ ជាស្ពានតភ្ជាប់រវាងឃុំថ្លាត និងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។
លោកអភិបាលស្រុកបានបន្ថែមថា សមិទ្ធផលថ្មីពោលគឺស្ពានទី១០ ដែលកំពុងធ្វើការកសាងនេះ គឺដោយសារមានការចូលរួមដ៏ធំធេង ពីសំណាក់ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានលះបង់ ទាំងកម្លាំងកាយចិត្ត ព្រមទាំងថវិកាផ្ទាល់ខ្លួន ។
លោកអភិបាលស្រុកក៏បានបញ្ជាក់ដែរថា កន្លងមកប្រជាពលរដ្ឋក្នុងស្រុកមានសំណូមពរជាច្រើនតែមកដល់ពេលនេះអាជ្ញាធរបានចូលរួមដោះស្រាយសំណូមពរទាំងនោះស្ទើរតែចប់អស់ហើយដែរ។ផ្ទុយទៅវិញគឺនៅសេសសល់បញ្ហាបន្តិចបន្តួចទៀតប៉ុណ្ណោះ ដែលលោកអភិបាលស្រុកថា នឹងខិតខំដោះស្រាយបន្តជូនបងប្អូនប្រជាពលរដ្ឋអោយចប់សព្វគ្រប់នាពេលដ៏ខ្លីខាងមុខនេះ ។
គួរបញ្ជាក់ដែរថា ស្រុកអន្លង់វែងពីដើមឡើយគឺជាកន្លែងដែលភាគច្រើនគ្របដណ្តប់ទៅដោយចម្ការមីននិងជាសមរភូមិច្បាំងបង្ហូរឈាមវាងកម្លាំងរាជរដ្ឋាភិបាលជាមួយនឹងកម្លាំងខ្មែរក្រហម។ប៉ុន្តែបច្ចុប្បន្នទឹកដីអន្លង់វែងបានប្រែជាទឹកដីសន្តិភាពនិងការអភិវឌ្ឍន៍លើគ្រប់វិស័យ៕