ដោយ៖ គង់ហេង
កំពង់ចាម៖ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជួន ឯកឧត្តម រស់ វណ្ណា ជារដ្ឋលេខាធិការក្រសួងមួយនេះបានថ្លែងថា ខេត្តកំពង់ចាមជាខេត្តគំរូ ក្នុងការទុកដាក់សំរាម នាំឱ្យខេត្តដទៃបានមករៀនសូត្រ និងដកបទពិសោធនៃគ្រប់គ្រងល្អលើវិស័យអនាម័យ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជួនបានថ្លែងដូចនេះ ខណៈដែលឯកឧត្តមបានអញ្ជើញចូលរួម ពិធីសម្ពោធទីលានទុកដាក់សំរាមក្រុងកំពង់ចាមជិត ៩លានដុល្លារ អាមេរិក នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី( ADB) ។ ដោយពិធីនេះបានរៀបចំឡើងនៅទីលានទុកដាក់សំរាម ស្ថិតក្នុងភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី ២៤ ធ្នូ។
ឯកឧត្តមរដ្ឋលេខាធិការរូបនេះបានថ្លែងថា៖ ទីលានទុកដាក់សំរាមដែលមានតម្លៃជិត ៩លាន ដុល្លារអាមេរិកនេះនៅពេលអនាគតយើងអាចកែច្នៃ ជាថាមពលទៅជាហ្គាសយកមកប្រើប្រាស់បន្ថែមទៀត។ ហេតុនេះត្រូវរៀបចំបច្ចេកវិទ្យាបន្ថែមទៀត បំពាក់បន្ថែមទៅលើទីលានទុកដាក់សំរាមមួយនេះ។មានន័យថាអភិវឌ្ឍឱ្យកាន់តែទំនើប ដើម្បីបម្រើឱ្យការទុកដាក់សំរាមកាន់តែមានប្រសិទ្ធភាព មានប្រសិទ្ធផលត្រឹមត្រូវសំខាន់ គឺរួមចំណែកការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងដើម្បីការរីកចម្រើន នៃប្រទេសជាតិពោលគឺ និយាយដោយឡែកក្រុងកំពង់ចាមនេះ។
ឯកឧត្តមបានបន្ថែមថា៖ ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា ជាអភិបាលខេត្ត លើបញ្ហាទុកដាក់សំរាមនេះខេត្តកំពង់ចាម គឺជាខេត្តគំរូ ក្នុងការទុកដាក់សំរាម បើទោះជាខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យមានទីលានទុកដាក់សំរាមមុនក៏ដោយ គឺបានមករៀនសូត្រពីខេត្តកំពង់ចាម ក្នុងការគ្រប់គ្រងការប្រមូលសំរាម។ដោយអនុវត្តប្រព័ន្ធ នៃការប្រមូលសំរាមអ្នកប្រមូលសំរាមប្រមូលបានសំរាមយកមកលក់ឱ្យ អាជ្ញាធរប្រមូលទិញយកមកទុកនៅក្នុងទីលានសំរាម។ មានន័យថាឡានប្រមូលសំរាមបានហើយ មិនយកទៅចាក់ក្នុងទីលានភ្លាមទេ គឺមកចូលជញ្ជីងថ្លឹងលក់ ក្នុងមួយតោន ១៧ ដុល្លារសិន ។
នេះជាការវិវត្តន៍ និងវៃឆ្លាតក្នុងការដឹកនាំគ្រប់គ្រងក្នុងវិស័យអនាម័យនៅខេត្តកំពង់ចាម រហូតក្លាយជាគ្រូបង្ហាត់បង្រៀនខេត្តផ្សេងៗ ទៀតមកដកពិសោធន៍ ដើម្បីឱ្យប្រទេសយើងមានអនាម័យត្រឹមត្រូវ ទាក់ទាញទេសចរមកលេងកម្សាន្តកាន់តែច្រើន។ នោះហើយប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ដូចគ្នា ការបែងចែកផលប្រយោជន៍មួយប្រកបដោយសមាសភាព គឺប្រជាពលរដ្ឋមានការងារធ្វើ មានមុខរបរកាន់តែច្រើន។
សូមរំលឹកថា : គម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់ទន្លេមេគង្គជំហានទី៤ ក្រោមកម្ចីឥណទានសម្បទាន ធនាគារអភិវឌ្ឍន៍អាស៊ី 3686/Grant 0592/Grant 0593-CAM,គ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន,ទីប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន RAMBOLL DANMARK A/S សហការជាមួយក្រុមហ៊ុន Oriental Consultant Global Co.,LTD. ក្រុមហ៊ុន SCE និងក្រុមហ៊ុន Tancons (Cambodia) Co., Ltd.,សាងសង់ដោយក្រុមហ៊ុន ប៊ីអឹម ខនស្ត្រាក់សិន & អេឡិចទ្រិច,ចំណាយថវិកាប្រមាណ ៨.៩២៧.០៨៨ ដុល្លារអាមេរិក,រយៈពេលសាងសង់១១ខែ (១៧ខែ ក្នុងកិច្ចសន្យា),ចាប់សាងសង់០៥ ខែមករា ឆ្នាំ២០២៤,បញ្ចប់សាងសង់ ០៤ ខែធ្នូ ឆ្នាំ២០២៤ស្ថិតក្នុងភូមិកោះរការ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕