ព័ត៌មានជាតិ

បន្តអភិវឌ្ឍឆ្នេរព្រែកកំពង់បាយត្រើយខាងលិចដើម្បីបង្កើនសោភ័ណភាពនិងសណ្តាប់ធ្នាប់

ដោយ៖កំចាយ

កំពត÷ ដើម្បីបង្កើនសោភ័ណភាព និងសណ្តាប់ធ្នាប់របៀបរៀបរយ ពិសេសក្នុងបំណងបម្រើប្រយោជន៍សាធារណ: រដ្ឋបាលខេត្តកំពតនឹងអភិវឌ្ឍដំណាក់កាលទី២ ដោយស្ថាបនាផ្លូវចាប់ពីចំណុចគល់ស្ពានឥន្ទធនូដល់គល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េកំពង់បាយក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរនៅពេលដ៏ឆាប់ខាងមុខបន្តទៀត។ ថ្មីៗនេះ រដ្ឋបាលខេត្តទើបបានបញ្ចប់ដំណាក់កាលទី១នៃការអភិវឌ្ឍន៍ឆ្នេរព្រែកកំពង់បាយត្រើយខាងលិចលើការស្ថាបនាផ្លូវចាប់ពីចំណុចគល់ស្ពានត្រើយកោះដល់គល់ស្ពានឥន្ទធនូស្ថិតក្នុងទឹកដីភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

ជាកិច្ចត្រៀមដើម្បីឱ្យក្រុមការងារចាប់ផ្តើមដំណើរការ រដ្ឋបាលក្រុងកំពតបានជូនដំណឹងដល់ប្រជាពលរដ្ឋដែលបាន និងអាស្រ័យផលលើដីចំណីព្រែកឱ្យរុះរើចេញដោយខ្លួនឯងក្នុងរយ:ពេល៧ថ្ងៃជាកំណត់។

លិខិតជូនដំណឹងចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដែលបានផ្សព្វផ្សាយជាសាធារណ:មានខ្លឹមសារថា អភិបាលក្រុងកំពតសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តនឹងចាប់ផ្តើមអនុវត្តគម្រោងកែលម្អ សោភ័ណភាពទីក្រុងដោយស្ថាបនាផ្លូវ និងរៀបចំច្រាំងព្រែកកំពង់បាយត្រើយខាងលិចចាប់ពីចំណុចខាងជើងគល់ស្ពានឥន្ទធនូរហូតមកដល់គល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េកំពង់បាយក្នុងភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋដែលមានសំណង់ របង ខ្ចូស និងសំណង់ផ្សេងៗលើដីចំណីព្រែកក្នុងរយ:ចន្លោះនេះត្រូវរុះរើចេញដោយខ្លួនឯងឱ្យបានរួចរាល់រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងតទៅ។ ខ្លឹមសារក្នុងលិខិតបានបញ្ជាក់ទៀតថា ករណីម្ចាស់សំណង់មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងកំពតនឹងអនុវត្តតាមនីតិវិធីច្បាប់ ព្រមទាំងចុះរុះរើដោយមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិរបស់អស់លោក លោកស្រីឡើយ។ ចំណាយផ្សេងៗលើការរុះរើជាបន្ទុករបស់ម្ចាស់សំណង់ផ្ទាល់។

សូមបញ្ជាក់ថា ដើម្បីបម្រើផលប្រយោជន៍សម្រាប់សាធារណជនទូទៅ ពិសេសបង្កភាពងាយស្រួលដល់ទេសចរជាតិ អន្តរជាតិធ្វើដំណើរកម្សាន្តតាមឆ្នេរព្រែកកំពង់បាយត្រើយខាងលិច រដ្ឋបាលខេត្តបានដាក់គម្រោងអភិវឌ្ឍដោយស្ថាបនាផ្លូវ ព្រមទាំងរៀបចំច្រាំងប្រវែងជិត៣គីឡូម៉ែត្រស្ថិតក្នុងសង្កាត់អណ្តូងខ្មែរឱ្យមានសោភ័ណភាព និងគុណភាពយូរអង្វែង។ គម្រោងនេះ រដ្ឋបាលខេត្តត្រូវអនុវត្តជា៣ដំណាក់ គឺដំណាក់កាលទី១ ចាប់ពីគល់ស្ពានត្រើយកោះដល់គល់ស្ពានឥន្ទធនូ, ដំណាក់កាលទី២ ចាប់ពីគល់ស្ពានឥន្ទធនូដល់គល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េកំពង់បាយ និងដំណាក់កាលទី៣ ចាប់ពីគល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េកំពង់បាយដល់ស្ពានរថភ្លើង៕