ដោយ៖ កំចាយ
កំពត÷ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានផ្តោតលើវិស័យឧស្សាហកម្មគ្មានផ្សែងជាអាទិភាពបំណងបង្កើនជីវភាពប្រជាពលរដ្ឋ រដ្ឋបាលខេត្តកំពតនឹងកែលម្អស្ថានភាពមួយចំនួននៅបណ្តាសហគមន៍ទេសចរណ៍ឲ្យកាន់តែល្អប្រសើរដើម្បីទាក់ទាញទេសចរជាតិ អន្តរជាតិ។
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោកអភិបាលខេត្តកំពតបានចុះជួប និងសួរសុខទុក្ខប្រជាពលរដ្ឋនៅសហគមន៍នេសាទត្រពាំរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្រុងបូកគោ ដោយមានមន្ត្រីជំនាញពាក់ព័ន្ធអមដំណើរផង។
នៅទីតាំងសហគមន៍ទាំង២ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងជំរុញដល់អាជ្ញាធរខេត្តដែលសម្បូរតំបន់ទេសចរណ៍ត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ ក៏ដូចជាកែច្នៃធនធានទាំងនោះឲ្យកាន់តែមានសក្តានុពលដើម្បីទាក់ទាញទេសចរមកលេងកម្សាន្ត។ នៅពេលសន្ទុះភ្ញៀវកើនឡើង នោះប្រជាពលរដ្ឋសហគមន៍នឹងទទួលបាននូវចំណូលបន្ថែមដែលអាចធ្វើឲ្យជីវភាពប្រសើរជាងមុន។
លោកអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងជួយកែលម្អសោភ័ណភាពសហគមន៍ទេសចរណ៍នានាឲ្យមានភាពទាក់ទាញដើម្បីប្រយោជន៍បងប្អូនបានយូរអង្វែង។ ជាជំហានដំបូង រដ្ឋបាលខេត្តនឹងកែលម្អសហគមន៍នេសាទព្រែកត្នោត និងសហគមន៍នេសាទត្រពាំងរពៅ បន្ទាប់ពីសហគមន៍នេសាទត្រពាំងសង្កែរៀបចំចំណតរថយន្តថ្មីបានធំទូលាយក្រោមការឧបត្ថម្ភពីលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នោះ។ លោក ម៉ៅ ធនិន បានបញ្ជាក់ទៀតថា រដ្ឋបាលខេត្តក៏នឹងរៀបចំទីតាំងសម្រាប់សាងសង់លំនៅស្ថានថ្មីជូនប្រជានេសាទចំនួន១៣គ្រួសារដែលបាន និងកំពុងរស់នៅលើខ្នងប្រឡាយផ្លូវទឹកឆ្ពោះទៅកាន់សហគមន៍នេសាទត្រពាំងរពៅផងដែរ។ សម្រាប់ប្រឡាយមួយខ្សែនេះនឹងត្រូកែលម្អដើម្បីឲ្យភ្ញៀវទេសចរជិះទូកលេងកម្សាន្ត និងធ្វើដំណើរចេញចូលសហគមន៍តាមផ្លូវទឹកបានងាយស្រួល៕