អន្តរជាតិ

ចិនថាសហរដ្ឋអាមេរិកកំពុង «លលេងជាមួយភ្លើង» បន្ទាប់ពីជំនួយយោធាចុងក្រោយសម្រាប់តៃវ៉ាន់

ប្រែសម្រួល៖ ស្រីស្រស់

ប៉េកាំង៖ រដ្ឋាភិបាលចិនបានតវ៉ាកាលពីថ្ងៃអាទិត្យ (២២ ធ្នូ) ចំពោះការប្រកាសចុងក្រោយរបស់អាមេរិកអំពីការលក់ និងជំនួយយោធាដល់តៃវ៉ាន់ ដោយព្រមានសហរដ្ឋអាមេរិកថា ពួកគេកំពុង «លលេងជាមួយភ្លើង»។

កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីសហរដ្ឋអាមេរិក ចូបៃដិន បានអនុញ្ញាតឱ្យផ្តល់សម្ភារ និងសេវាកម្មក្រសួងការពារជាតិ និងការបណ្តុះបណ្តាលយោធា និងការអប់រំសម្រាប់តៃវ៉ាន់ ដែលមានទឹកប្រាក់រហូតដល់ ៥៧១ លានដុល្លារអាមេរិក។ ដោយឡែក ក្រសួងការពារជាតិបានថ្លែងកាលពីថ្ងៃសុក្រថា ការលក់សម្ភារយោធាចំនួន ២៩៥ លានដុល្លារត្រូវបានអនុម័ត។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនបានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការផ្តល់អាវុធដល់តៃវ៉ាន់ និងបញ្ឈប់អ្វីដែលខ្លួនហៅថា «ចលនាគ្រោះថ្នាក់ដែលបំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។

តៃវ៉ាន់គឺជាកោះប្រជាធិបតេយ្យដែលមានប្រជាជន ២៣ លាននាក់ ដែលរដ្ឋាភិបាលចិនអះអាងថាជាដែនដីរបស់ខ្លួន និងនិយាយថាត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ ការលក់ និងជំនួយយោធារបស់សហរដ្ឋអាមេរិកមានគោលបំណងជួយតៃវ៉ាន់ការពារខ្លួន និងទប់ស្កាត់ចិនពីការវាយប្រហារ។

ជំនួយយោធាចំនួន ៥៧១ លានដុល្លារនេះ គឺបន្ថែមលើការអនុញ្ញាតរបស់លោក បៃដិន នូវទឹកប្រាក់ចំនួន ៥៦៧ លានដុល្លារសម្រាប់គោលបំណងដូចគ្នាកាលពីចុងខែកញ្ញា។ ការលក់សម្ភារយោធារួមមានទឹកប្រាក់ ២៦៥ លានដុល្លារសម្រាប់ប្រព័ន្ធវិទ្យុយុទ្ធសាស្ត្រប្រមាណ ៣០០ គ្រឿង និង ៣០ លានដុល្លារសម្រាប់ជើងកាំភ្លើងចំនួន ១៦។

ក្រសួងការបរទេសតៃវ៉ាន់បានស្វាគមន៍ការអនុម័តការលក់ទាំងពីរនេះ ដោយបានថ្លែងនៅក្នុងប្រកាសបណ្តាញសង្គមនៅលើ X ថា វាបានបញ្ជាក់ឡើងវិញនូវ «ការប្តេជ្ញាចិត្តចំពោះការការពាររបស់យើង» របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក៕

ប្រភព៖ AP/ac