សន្ដិសុខសង្គម

អភិបាលខេត្តឧត្តរមានជ័យជំរុញឲ្យបន្តពង្រឹងការងារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋសម្រាប់ឆ្នាំថ្មី

ដោយ៖ ឧត្តរ

ឧត្តរមានជ័យ៖ ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ បានជំរុញនិងដាក់ចេញនូវគោលការណ៍ណែនាំសំខាន់ៗ ទៅដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័ន ត្រូវបន្តពង្រឹងកិច្ចការងារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងបន្តការអនុវត្តសកម្មភាពរបស់ខ្លួនឱ្យបានល្អប្រសើរបន្ថែមទៀតសម្រាប់ឆ្នាំថ្មីខាងមុខនេះ។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត ឧត្តរមានជ័យ ដឹកនាំអង្គប្រជុំគណៈបញ្ជាការឯកភាពខេត្ត

នៅក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពខេត្តដែលមានការអញ្ជើញចូលរួមពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបានជំរុញឲ្យស្រុក ក្រុង មន្ទីរ អង្គភាពជាពិសេសសមត្ថកិច្ចទាំងអស់ ត្រូវតែបន្តពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរបន្ថែមទៀត។ ជាមួយនោះត្រូវបន្តត្រួតពិនិត្យតាមដាន ទប់ស្កាត់រាល់បទល្មើសផ្សេងៗឱ្យបាននិងមានប្រសិទ្ធភាពខ្ពស់បំផុត។

ឯកឧត្តម មាន ចាន់យ៉ាដា ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាល ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរអង្គភាព ចំណុះរដ្ឋបាលខេត្តដែលបានខិតខំបំពេញការងារ តាមតួនាទីភារកិច្ចរបស់ខ្លួន ដោយទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់កន្លងមក។

ប៉ុន្តែទន្ទឹមនឹងការសម្រេចបាននូវស្នាដៃទាំងនេះ ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវបន្តធ្វើការដោះស្រាយ ជាពិសេសបញ្ហាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋានដែលទាមទារឱ្យគណៈបញ្ជាការឯកភាពទាំងអស់ ត្រូវរួមគ្នាចាត់វិធានការរទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា៕