ដោយ : បន្ទាយ
ភ្នំពេញ :ក្លិបអ្នកកាសែតកម្ពុជាប្រារព្ធពិធីវេទិកានិពន្ធនាយកលើកទី២១ ក្រោមប្រធានបទ “វិជ្ជាជីវ:សារព័ត៌មាននិងការបញ្ចេញមតិ ” កាលពីព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងសណ្ឋាគារ សុខា ភ្នំពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងចូមរួមដោយអស់លោក លោកស្រី ចាងហ្វាង និពន្ធនាយកអ្នកសារព័ត៌មាន មកពីអង្គភាពសារព័ត៌មាន គេហទំព័រ នានាជាច្រើនអង្គភាព ។
ចូលរួមក្នុងព្រឹត្តិការណ៍នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ញើសារលិខិតជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២១នេះដែរ ។
សម្តេចធិបតីបានផ្តល់អនុសាសន៍៨ចំណុច រួមមាន :
១. សហការគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តដោះស្រាយរាល់បញ្ហាប្រឈមពាក់ព័ន្ធនឹងការបំពានក្រមសីលធម៌វិជ្ជាជីវៈ, ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្លៃការពិត រួមទាំងការបញ្ចេញមតិដែលមានចរិតបំពុលសង្គម ការជេរប្រមាថ និងការញុះញង់បង្កឱ្យកើតមានអរិភាព និងការបែងបាក់សាមគ្គីភាពជាតិ។
២. ចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើការអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយមដែលជ្រកក្រោមស្លាកសារព័ត៌មាន។
៣. ផ្តល់ព័ត៌មានពិត និងទាន់ហេតុការណ៍អំពីសភាពការណ៍ពិតនៅកម្ពុជា និងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំយកព័ត៌មានពីប្រជាពលរដ្ឋ មកកាន់រាជរដ្ឋាភិបាល ដើម្បីចាត់វិធានការដោះស្រាយបញ្ហាបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។
៤. ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្តែង និងភាពអសកម្មនៅក្នុងសង្គមដើម្បីរាជរដ្ឋាភិបាល មានមូលដ្ឋានដោះស្រាយបញ្ហាចំគោលដៅ និងមានប្រសិទ្ធភាព។
៥. ផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិរបស់កម្ពុជាពាក់ព័ន្ធនឹងសិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មានឱ្យកាន់តែទូលំទូលាយ សំដៅបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ ដើម្បីជៀសវាងការប្រើប្រាស់សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មានមិនសមស្រប ធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ទំនៀមទម្លាប់ សណ្តាប់ធ្នាប់សាធារណៈ និងជាពិសេសប៉ះពាល់ដល់សន្តិសុខជាតិ។
៦. ជំរុញការផ្សព្វផ្សាយអប់រំដល់សាធារណជនអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ ការប្រើប្រាស់គ្រឿងញៀន និងរក្សាសុវត្ថិភាពសង្គម។
៧. ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្សាយព័ត៌មាន ដោយត្រូវឈរលើមូលដ្ឋាននៃតុល្យភាព និងភាពគ្រប់ជ្រុងជ្រោយនៃព័ត៌មាន ជៀសវាងការផ្សព្វផ្សាយដែលធ្វើឱ្យខូចផលប្រយោជន៍ជាតិ និងបាត់បង់ទំនុកចិត្តពីសាធារណជន។
៨. បណ្តុះបណ្តាលសមត្ថភាពជំនាញដល់អ្នកសារព័ត៌មានទាំងបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើក កម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់ព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន ៕